ជាង 71លាន​នាក់​បាន​ឆ្លង Covid-19! WHO ព្រមាន​ថា បុណ្យ​ណូអែល​ឆ្នាំនេះ​អាច​ក្លាយជា​មហាទុក្ខ

ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ជាង 71លាន​នាក់ ខណៈដែល​បុណ្យ​ណូអែល​ជិត​ចូលមក​ដល់ នាំឱ្យ WHO ព្រមាន​អំពី​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​វីរុស​នេះ នៅ​ចុងឆ្នាំ។

នៅ​ទូទាំង​ពិភពលោក មនុស្ស​ចំនួន 71,398,029 នាក់​បាន​ឆ្លង Covid-19 ក្នុងនោះ​មាន 1,600,194 នាក់​បាន​ស្លាប់ និង 49,585,375 នាក់​បានជា​សះស្បើយ ខណៈ 20,212,460 នាក់​កំពុង​សម្រាក​ព្យាបាល ក្នុងចំណោម​នេះដែរ ក៏មាន​អ្នកជំងឺ 106,566 នាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការស្លាប់​ខ្ពស់។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​ឱ្យ​គ្រប់គ្នា​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​អំពី​គម្រោង​កំសាន្ត​នៅក្នុង​ឱកាស​បុណ្យ​ណូអែល​ខាងមុខ។ «ឱកាស​ឈប់សម្រាក​ថ្ងៃបុណ្យ​ដើម្បី​ជប់លៀង កំសាន្ត​សប្បាយ ប៉ុន្តែ វា​អាច​ក្លាយទៅជា​សោកនាដកម្ម​យ៉ាង​ឆាប់រហ័ស បើសិន​យើង​មិនមាន​វិធានការ​ទប់ស្កាត់​ត្រឹមត្រូវ» ប្រធាន​អង្គការ WHO លោក Tedros Adhanom Ghebreyesus មានប្រសាសន៍​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ម្សិលមិញ (11ធ្នូ 2020)។

ប្រធាន​អង្គការ WHO លោក Tedros Adhanom Ghebreyesus

លោក Tedros បន្ថែមថា «នៅពេល​លោកអ្នក​ជប់លៀង កំសាន្ត​សប្បាយ​នា​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ សូម​ពិចារណា​ឱ្យបាន​ល្អិត​ស្អ​ន់​អំពី​គម្រោង​នេះ។ បើសិន​អ្នក​រស់នៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ឆ្លង​វីរុស​កម្រិត​ខ្ពស់ ចូរ​អនុវត្ត​វិធានការ​ទប់ស្កាត់​ដើម្បី​រក្សា​សុវត្ថិភាព​សម្រាប់​ខ្លួនឯង និង​អ្នកដទៃ។ កាដូ​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ជូន​ដល់​គ្រួសារ និង​អ្នកដទៃ (នៅក្នុង​ឱកាស​បុណ្យ​ណូអែល) នោះ​គឺ​កាដូ​សុខភាព»៕

ប្រភព៖ AFP/Reuters

Advertisement