សាក​សព​អ្នក​ជំងឺ​COVID-19 ត្រូវ​បាន​ដាក់​គ​រលើ​គ្នា​ក្នុង​មន្ទីរ​ពេទ្យ​ នៅ​សហ​រដ្ឋ​អាមេរិក

សាក​សព​អ្នក​ជំងឺ​COVID-19 ត្រូវ​បាន​ដាក់​គ​រលើ​គ្នា​ក្នុង​មន្ទីរ​ពេទ្យ​ នៅ​សហ​រដ្ឋ​អាមេរិក

រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​ត្រូវ​បាន​ចែក​រំលែក​ដោយ​បុគ្គលិក​សុខាភិបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​ Sinai-Grace នៅ​តំបន់​ Detroit ក្នុង​រដ្ឋ​ Michigan បង្ហាញ​ឱ្យ​ឃើញ​ សាក​សព​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​គ​រលើ​គ្នា​ ក្នុង​បន្ទប់​ត្រជាក់​។

“អ្វី​ដែល​យើង​ខ្ញុំ​ដឹង​នោះ​គឺ​ថា យើង​អស់​គ្រែសម្រាប់​អ្នក​ជំងឺ ដូច្នេះ​ក៏​មិន​មាន​នៅ​សល់​គ្រែ​ណា​មួយ​សម្រាប់​ដាក់​សាក​សព​នោះ​ដែរ​” បុគ្គលិក​សុខាភិបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បម្រើ​ការ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរ​ពេទ្យ​ Sinai-Grace ដែល​ជា​អ្នក​បាន​ផ្ដល់​រូប​ថត​ស្ដីអំពី​សាក​សព​នៅ​ក្នុង​បន្ទប់​មួយ​ បាន​ឱ្យ​ដឹង​បែប​នេះ​។

ក្នុង​រូប​ថត សាក​សព​មនុស្ស​2នាក់​ត្រូវ​បាន​ដាក់​នៅ​ក្បែរ​គ្នា លើ​គ្រែ​1 និង​សាក​សព​1​ទៀត​ដាក់​នៅ​លើ​កៅអី​ក្បែរ​គ្រែ។ សាក​សព​ទាំង​នេះ​ត្រូវ​បាន​ដាក់​ក្នុង​ថង់​ផ្លាស្ទិក​ពណ៌​ស។

បុគ្គលិក​​ពេទ្យ​ខាង​លើ​បន្ត​ថា “ដោយ​សារ​តែ​យើង​មិន​ទាន់​ទទួល​បាន​រថយន្ត​ដឹក​ទំនិញ​ដែល​មាន​ទូ​ក្លាសេ​ ហើយ​បុគ្គលិក​នៅ​សាល​ដាក់​សាក​សព​មិន​ធ្វើ​ការ​ក្នុង​ពេល​យប់​”។

បុគ្គលិក​2​រូប​ផ្សេង​ទៀត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ខាង​លើ​ បាន​បញ្ជាក់​ប្រាប់​ CNN ថា នេះ​ជា​ទិដ្ឋ​ភាព​ជាក់​ស្ដែង​​ និង​បង្ហាញ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​មន្ទីរ​ពេទ្យ​នេះ​កាល​ពី​ដើម​ខែ​។ ពួក​គេ​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​បន្ទប់​ស្រាវជ្រាវ​1​ដែល​ប្រើ​សម្រាប់​ពិសោធ​អំពី​ទម្លាប់​គេង​ ត្រូវ​បាន​ប្រើ​ជា​សាល​ដាក់​សាក​សព​ ដោយ​សារ​តែ​បុគ្គលិក​នៅ​សាល​ដាក​សព​មិន​ធ្វើ​ការ​នៅ​ពេល​យប់ និង​ព្រោះ​តែ​សាល​ដាក​សាក​សព​ពេញ​អស់​ទៅ​ហើយ​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ មន្ទីរពេទ្យ​បាន​សម្រេច​ស្នើ​សុំ​រថយន្ត​ដឹក​ទំនិញ​ដែល​មាន​ដាក់​ទូក្លាសេ​​ ដើម្បី​ដាក់​សាក​សព​ជា​បណ្ដោះ​អាសន្ន​។ នៅ​ពេល​ដែល​ក្រុម​ការ​ងារ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ CNN បាន​មក​កាន់​មន្ទីរ​ពេទ្យ​នេះ​កាលពី​ថ្ងៃទី​11មេសា​ ពួក​គេ​ក៏បាន​ឃើញ​រថយន្ត​ដូច​ខាង​លើ​ ចំនួន​5​គ្រឿង​ កំពុង​ចត​នៅ​ទី​នេះ​។

 នៅ​ក្នុង​រូប​ថត​មួយ​ផ្សេង​ទៀត​ដែល​ CNN មាន​ បង្ហាញ​ថា មាន​សាក​សព​ជា​ច្រើន​​ដែល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ថង់​ផ្លាស្ទិក​ ត្រូវ​​គេ​​ដាក់​គរ​លើ​គ្នា​ នៅ​ក្នុង​​បន្ទប់​ត្រជាក់​របស់​មន្ទីរ​ពេទ្យ​។ បុគ្គលិក​មន្ទីរ​ពេទ្យ​នេះ​បាន​ឱ្យ​ដឹង​ មូលហេតុ​ដែល​មាន​សាក​សព​ច្រើន​​ត្រូវ​គ​រលើគ្នា​បែប​នេះ គឺព្រោះ​តែ​ករណី​ស្លាប់​ដោយ​សារ COVID-19 នៅ​ទី​នេះ​បាន​កើន​ឡើង​ច្រើន​។ ចំណែកថង់​ពណ៌​ខៀវ​នៅក្នុង​រូប​ថត​នោះ​គឺជា​ទ្រព្យ​​របស់​សាក​សព​។

នៅ​ពេល​ត្រូវ​បាន​សុំ​ឱ្យ​បក​ស្រាយ Brian Taylor ដែលជា​អ្នក​នាំពាក្យ​របស់​មន្ទីរពេទ្យ​ និយាយ​ថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​យ៉ាង​សម​រម្យ និង​ដោយ​គោរព​។ សាក​សព​ត្រូវ​បាន​រក្សា​ទុក​ទីនេះ​ រហូត​ដល់​ពេល​មាន​ការ​ចាត់​ចែង​ និង​នាំ​ចេញ​ទៅ​ដោយ​សម​ស្រប​។ Taylor បាន​ថ្លែង​ថា “ដូច​ទៅ​នឹង​មន្ទីរ​ពេទ្យ​នៅ​ New York និង​កន្លែង​ដទៃទៀត​ យើង​បាន​បន្ថែម​រថយន្ត​ក្លាសេ​ដើម្បី​ដោះ​ស្រាយ​បញ្ហាកក​ស្ទះ​សាក​សព​​នៅ​ទី​នេះ​ជា​​បណ្ដោះ​អាសន្ន​”។

បុគ្គលិក​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​បាន​ប្រាប់​ CNN ថា មន្ទីរពេទ្យ​នេះ​ ព្យាបាល​អ្នក​ជំងឺ​ប្រមាណ​ជា​ពី​100-130​នាក់​ក្នុង​ពេល​តែ​មួយ​ កាល​ពី​ដើម​ខែ​។ ប៉ុន្តែ មួយ​រយៈ​ខ្លី​ចុង​ក្រោយ​នេះ ករណី​អ្នក​ឆ្លង​COVID-19 នៅ​ទី​នេះ​បាន​ថយ​ចុះ​​ច្រើន​ហើយ​ គឺ​នៅ​សល់​ប្រហែល​50​នាក់ប៉ុណ្ណោះ​​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement