ករណី​ឆ្លង Covid-19 ក្នុង​លោក កើន​លើស 70លាន​នាក់! ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យ​ចែករំលែក​វ៉ាក់សាំង

ករណីឆ្លង Covid-19 ក្នុងលោក កើនលើស 70លាននាក់! ទ្វីបអាហ្វ្រិកអំពាវនាវឱ្យចែករំលែកវ៉ាក់សាំង

មនុស្ស​ជិត 1.6 លាន​នាក់​បាន​ស្លាប់ ក្នុងចំណោម​មនុស្ស​ជាង 70លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ឆ្លង​វីរុស Covid-19 នាំឱ្យ​ប្រទេស​អ្នកមាន​ជាច្រើន បាននិងកំពុង​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង​ក្នុង​បរិមាណ​លើសពី​តម្រូវការ​ជាក់ស្ដែង ជាហេតុ​ធ្វើឱ្យ​ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យមាន​ការចែករំលែក​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​របស់​ទ្វីប​នេះ។

គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 70,711,368នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 1,588,247នាក់ និង​អ្នក​កំពុង​ព្យាបាល 19,983,563នាក់។ នេះ​បើតាម Worldometers ដែលជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​អំពី​តួលេខ Covid-19 បាន​លឿង​ជាងគេ​បង្អស់។

ទាក់ទិន​នឹង​បញ្ហា​វ៉ាក់សាំង Covid-19 នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 10ធ្នូ ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់​ទ្វីបអាហ្វ្រិក លោក John Nkengasong ថ្លែង ថា៖ «ប្រទេស​ជាច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​លើសពី​តម្រូវការ​ជាក់ស្ដែង​រប​ស់​ពួកគេ ពី 4 ទៅ 5 ដង​ឯណោះ»។ ក៏ប៉ុន្តែ លោក មិនបាន​បង្ហាញ​ឈ្មោះ​នៃ​ប្រទេស​ទាំង​នោះទេ។

លោក John Nkengasong បញ្ជាក់ថា ទ្វីបអាហ្វ្រិក​ពិតជា​ពិបាក​ក្នុង​ការធានា​ឱ្យបាន​គ្រប់គ្រាន់​នូវ​បរិមាណ​វ៉ាក់សាំង​ដែល​ទ្វីប​នេះ​ត្រូវការ នៅក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន​បានចាប់ផ្ដើម​ទទួលរង​រលក​នៃ​ការឆ្លង​រាលដាល​ជា​លើក​ទី​ពីរ។ លោក​បន្តថា ភាគច្រើន​នៃ​ប្រទេស​នៅក្នុង​ទ្វីប​នេះ កំពុងតែ​រង់ចាំ​គម្រោង​បែងចែក​វ៉ាក់សាំង​ជា​សកល​ដែលមាន​ឈ្មោះថា COVAX ដែល​ជំរុញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

ករណីឆ្លង Covid-19 ក្នុងលោក កើនលើស 70លាននាក់! ទ្វីបអាហ្វ្រិកអំពាវនាវឱ្យចែករំលែកវ៉ាក់សាំង
ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ទ្វីបអាហ្វ្រិក លោក John Nkengasong

COVAX ត្រូវបាន​បង្កើតឡើង និង​ដំណើរការ​ដោយ​អង្គការ​ចំនួន 3 រួមមាន សម្ព័ន្ធ​ផ្លាស់ប្ដូរ​ត្រៀម​សម្រាប់​ការ​ទប់​ទល់នឹង​រោគរាតត្បាត (CEPI) អង្គការ​សុខភាព​ពិភពលោក (WHO) និង Gavi ដែលជា​សម្ព័ន្ធ​វ៉ាក់សាំង និង​ជា​អង្គ​ការមិន​ស្វែងរក​កម្រៃ​ឯកជន ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ផ្ដល់ជំនួយ​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

រហូតមកដល់​ដើមខែ​ធ្នូ 2020 នេះ COVAX បាន​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង Covid-19 ចំនួន​ជាង 700លាន​ដូ​ស។ តាម​ផែនការ អង្គការ​នេះ​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន 2 ពាន់​លាន​អំពូល​នៅក្នុង​ឆ្នាំ 2021 ដើម្បី​ជួយ​ដល់​ប្រជាជន​យ៉ាងតិច 20% នៅក្នុង​បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ។ បច្ចុប្បន្ន មាន​ប្រទេស​ជាង 198 ដែល​បាន​ចុះឈ្មោះ​ចូលរួម​ជាមួយនឹង​អង្គការ COVAX ដោយ​រួមមាន​ទាំង​បណ្ដា​ប្រទេស​អ្នកមាន​ផងដែរ។

ក្រៅ COVAX ក្ដីសង្ឃឹម​មួយ​ផ្សេងទៀត​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក ក៏ដូចជា​នៅ​ពាសពេញ​ពិភពលោក​អាច​រង់​ចាំបាន នោះ​គឺ​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​អ្នកមាន​ដែល​ប្រើប្រាស់​វ៉ាក់សាំង​មិន​អស់។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​យល់ថា ក្ដីសង្ឃឹម​នេះ ពិតជា​ស្ដួចស្ដើង​ខ្លាំងណាស់៕

ប្រភព៖ Reuters, Worldometers, Nature

Advertisement