តើការផឹក “ទឹកមូត្រ” មានប្រយោជន៍ចំពោះរាងកាយមែនឬ?

ព័ត៌មានអំពីការផឹក “ទឹកមូត្រ ឬទឹកនោម” ដើម្បីព្យាបាលរោគដែលធ្លាប់ល្បីល្បាញកាលពីពេលមុនៗ ត្រូវបានមនុស្សជាច្រើនអះអាងថា ទឹកមូត្រពិតជាអាចព្យាបាលអាការឈឺថ្កាត់មួយចំនួនបានយ៉ាងគួរឱ្យអស្ចារ្យប្រាកដមែន ទាំងយកមកផឹក លាប បន្តក់ភ្នែក និងផ្សេងៗទៀត រួមទាំងការលួចដាក់ចូលទៅក្នុងម្ហូបអាហារ ឬផេសជ្ជៈឱ្យអ្នកផ្សេងទទួលទានដោយមិនប្រាប់ឱ្យដឹងថាជាទឹកមូត្រទៀតផង។

ទឹកមូត្រ មានប្រយោជន៍?

យើងនឹងដឹងថា តើទឹកមូត្រមានប្រយោជន៍ ឬអត់នោះ? យើងត្រូវពិនិត្យមើលចំណែកផ្សំរបស់ទឹកមូត្រជាមុនសិន…។

ទឹកមូត្រមានអង្គប្រកប ឬចំណែកផ្សំ 95%ជាទឹក ឯ5% ដែលនៅសល់ ជាសារធាតុរ៉ែដែលជាចំណែកលើសរបស់រាងកាយដែលត្រូវបានបញ្ចេញមកក្រៅ រួមទាំងកាកសំណល់ដែលកើតចេញពីការដុតបំផ្លាញអាហាររបស់យើង ដូចជា យូរៀ ឃីតូន អ៊ែមម៉ូនៀ ដោយទាំងអស់នេះ ការបន្ទោបង់ទឹកមូត្រចេញមកពីរាងកាយ គឺជាកម្មវិធីការ “បញ្ចេញវត្ថុកខ្វក់” ដែលរាងកាយព្យាយាមកម្ចាត់ចេញមក ដូច្នេះទើបអង្គប្រកប ឬចំណែកផ្សំនៅក្នុងទឹកមូត្រសុទ្ធសឹងតែជាវត្ថុដែល “រាងកាយមិនត្រូវការ” និង “គ្មានប្រយោជន៍ចំពោះរាងកាយ” ទាំងចំណែកដែលជាជាតិទឹក វត្ថុកខ្វក់ និងសារធាតុរ៉ែដែលលើសដែលមានបរិមាណតិចបំផុតនោះ មិនអាចផ្ដល់ប្រយោជន៍អ្វីដល់រាងកាយបានទេ។

ទឹកមូត្រផ្ដល់គុណវិបត្តិ?

នៅពេលនាំគ្នាមើលពីប្រយោជន៍របស់ទឹកមូត្រហើយ និងមិនរកឃើញថា មានភ័ស្តុតាងខាងវេជ្ជសាស្រ្តណាមួយបានពិសោធឱ្យច្បាស់ពិតថា ទឹកមូត្រមានប្រយោជន៍ចំពោះរាងកាយ មិនថាតែក្នុងន័យសារធាតុអាហារដែលបានទទួល ឬការរក្សាព្យាបាលជំងឺដង្កាត់ផ្សេងៗនោះ យើងនាំគ្នាមកមើលពីផលប៉ះពាល់បែបអវិជ្ជមានម្ដងវិញ…ទឹកមូត្រដែលរាងកាយព្យាយាមបញញ្ចេញមកក្រៅនេះ នឹងមករួមគ្នានៅក្នុងប្លោកនោម ហើយសម្រាកនៅក្នុងទីនោះរហូតទាល់តែមានបរិមាណ(ចំនួន)ច្រើនសមល្មមដល់ការបញ្ជារាងកាយរបស់យើងឱ្យមានអារម្មណ៍ឈឺបត់ជើងតូច រួចហើយក៏បញ្ចេញមកក្រៅ។ អំឡុងពេលស្ថិតនៅក្នុងប្លោកនោមនេះឯងដែលមានភាពប្រថុយប្រថានខ្លាំងដែលទឹកមូត្រនឹងប្រឡាក់ប្រឡូសនឹងមេរោគ ព្រោះចុងបំពង់ទឹកមូត្រនឹងស្ថិតនៅជិតទ្វារធំរបស់យើង ទើបឱកាសដែលទឹកមូត្រមានការប្រឡាក់ប្រឡូសមេរោគបានយ៉ាងងាយ។ ដូច្នេះ បើសិនជាផឹកទឹកមូត្រក្នុងចំនួនច្រើន យកមកលាបស្នាមរបួស ឬដំបៅ បន្តក់ភ្នែក ឬលាបស្បែកនោះ អាចនឹងមានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគបានដូចគ្នាទាំងអស់។

ទឹកមូត្រច្រោះ ទឹកមូត្រដាំពុះ ទឹកមូត្រផ្សំឱសថបុរាណ មានប្រយោជន៍មែនឬ?

បច្ចុប្បន្ននៅមិនទាន់មានភ័ស្តុតាងខាងវិទ្យាសាស្រ្តណាបញ្ជាក់បានច្បាស់លាស់ថា ទឹកមូត្រច្រោះ ឬដាំពុះ នឹងមានប្រយោជន៍ដល់រាងកាយនៅឡើយ ឬសូម្បីតែទឹកមូត្រដែលផ្សំជាមួយឱសថបុរាណក៏ដោយ ទោះជាមានប្រយោជន៍ពីឱសថបុរាណក្ដី តែវានឹងជាការប្រសើរជាងបើសិនជាទឹកបរិសុទ្ធ ឬទឹកស្អាតតាមប្រក្រតីវិញនោះ ព្រោះការប្រើទឹកទឹកមូត្រ មិនបានជួយបង្កើនប្រយោជន៍អ្វីដល់ឱសថបុរាណទាំងនោះទេ។

តើញ៉ាំទឹកអី ទើបមានប្រយោជន៍ដល់រាងកាយ?

បើចង់ស្វែងរកទឹក ឬភេសជ្ជៈណាដែលមានគុណតម្លៃ និងមានប្រយោជន៍ចំពោះរាងកាយនោះ ប្រហែលជាគេចមិនផុតពី “ទឹកពិសា” ធម្មតាដែលស្អាតនោះឡើយ។ គួរញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយក្នុង 1ថ្ងៃៗ។ ទឹកស្អាតធម្មតាៗអាចកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតរោគចង្រៃបានច្រើនជាងយើងគិតទៅទៀត។ បើអ្នកញ៉ាំទឹកបានយ៉ាងគ្រប់គ្រាន់ អ្នកអាចកាត់បន្ថយភាពប្រថុយប្រថាននឹងជំងឺរលាកតម្រងនោម រលាកប្លោកនោម ឫសដូងបាត និងរោគផ្សេងៗទៀតជាច្រើន៕

Advertisement