វិធីសង្គ្រោះបន្ទាន់ ជួយអ្នករងគ្រោះដោយសារ “គ្រាប់បែក កាំជ្រួច ឬផាវ”

មិនថាជាឧប្បតិហេតុនៅក្នុងទីតាំងគ្រោះថ្នាក់ ហេតុការណ៍អសន្តិសុខក្នុងទីក្រុង ដែលមានការប្រើប្រាស់គ្រាប់បែកដៃផ្សេងៗ ឬនៅក្នុងពិធីបុណ្យអបអរសាទរផ្សេងៗដែលមានការដុតកាំជ្រួច ឬអុចផាវនោះឡើយ ហេតុការណ៍ទាំងអស់នេះអាចបង្កឱ្យកើតមានគ្រោះថ្នាក់ រហូតមានរបួសស្នាមដោយសារវត្ថុអស់ទាំងនោះ ដែលជនរងគ្រោះត្រូវតែបានទទួលការជួយសង្គ្រោះភ្លាមៗទាន់ពេលវេលា ដើម្បីកាត់បន្ថយការឆ្លងមេរោគ និងងាយស្រួលក្នុងការព្យាបាលជាបន្ត។

វិធីសង្គ្រោះបន្ទាន់លើស្នាមរបួសរបស់ជនរងគ្រោះដោយសារ គ្រាប់បែក កាំជ្រួច ឬផាវ

  1. 1.ឃាត់ឈាមនៅលើអវយវៈដែលរងរបួស(ដូចជា ដាច់ រយះ)នោះ ដោយយកក្រណាត់ស្អាតបិទពីលើស្នាមរបួស ហើយរុំឱ្យណែនការពារកុំឱ្យឈាមហូរ។ គួរតែប្រើក្រណាត់បន្ទះធំៗ ដូចជាក្រណាត់រាងយឺតៗ មិនគួរប្រើខ្សែ ឬកៅស៊ូចងរឹតអវយវៈដែលរងរបួសនោះឡើយ ព្រោះនឹងធ្វើឱ្យរឹតណែនខ្លាំង ខូចសរសៃប្រសាទ និងសរសៃឈាម។
  2. សង្កេតមើលអាការជនរងគ្រោះ បើហូរឈាមច្រើន ចូរដាក់ឱ្យគេងសម្រាក និងប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកុំបង្អង់យូរ។ គួរតមឱ្យអាហារតាមមាត់ ឱ្យក្រេបទឹកបន្តិចបន្តួច ព្រោះអាចនឹងត្រូវទទួលការវះកាត់បន្ទាន់។ កុំភ្លេចរក្សាទុកចំណែកអវយវៈដែលដាច់ជាពីរនោះផង។
  3. យកវត្ថុកខ្វក់ចេញពីចំណែកអវយវៈដែលដាច់ជាពីរនោះ លាងទឹកឱ្យស្អាត ដាក់ក្នុងថង់ផ្លាស្ទិក បិទមាត់ថង់ឱ្យជិតណែន ទុកក្នុងធុងទឹកកក ឬក្នុងថង់ដែលមានទឹកកក(សីតុណ្ហភាពប្រមាណ 4អង្សាC)។
  4. ប្រញាប់នាំទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត។ អវយវៈដែលមានសាច់ដុំច្រើនៗ ដូចជាដៃ ឬជើង ត្រូវតែបានទទួលការវះកាត់តសរសៃឈាមឱ្យលឿនបំផុតក្នុងរយៈពេល 6ម៉ោង ព្រោះសាច់ដុំនឹងស្លាប់បើសិនទុកចោលយូរពេក។ ចំណែកអវយវៈដែលគ្មានសាច់ដុំ ដូចជាម្រាមដៃ អាចរក្សាទុកបានពី 12-18ម៉ោង ក៏នៅអាចតភ្ជាប់វិញបានដែរ។
  5. បើនាំទៅមន្ទីរពេទ្យបានក្នុងរយៈពេល 2-3ម៉ោង អាចនាំទៅបានតែម្ដង ខាងមន្ទីរពេទ្យអាចនឹងត្រៀមរក្សាទុកចំណែកអវយវៈដែលដាច់ចេញនោះ ដើម្បីធ្វើការតឡើងវិញ។

កំណត់សម្គាល់ ៈ អវយវៈដែលដាច់ចេញពីគ្នា ត្រូវតែនៅមានសរសៃឈាម និងសាច់ភ្នាសដែលមិនខ្ទេចគ្រាំគ្រាខ្លាំង ដូចជា ដាច់ចេញដោយសារត្រូវកាំបិតកាប់ ដាច់ដោយសារគ្រឿងម៉ាស៊ីន-ល- ហើយការរក្សាទុកចំណែកអវយវៈដែលដាច់ បើជាម្រាមដៃ ចូររក្សាទុកក្នុងសីតុណ្ហភាព 4អង្សាC អាចរក្សាទុកបានមិនលើសពី 12-18ម៉ោង។ ចំណែករបស់ដៃ ជើង អាចរក្សាទុកបានមិនលើស 6ម៉ោង ចំណែករបស់បាតដៃ អាចរក្សាទុកបានមិនលើស 12ម៉ោង។ បើមិនបានរក្សាទុកត្រឹមត្រូវទេ ត្រូវប្រញាប់នាំយកទៅមន្ទីរពេទ្យក្នុងរយៈពេល 2-3ម៉ោង៕

Advertisement