ករណី​អ្នកជំងឺ Covid-19 កំពុង​សម្រាក​ព្យាបាល បាន​កើន​ដល់ 22 ហើយ!

នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​កែលំអរ​ផ្លូវ​ទាំង 38ខ្សែ ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប សម្ដេច​តេ​ជោ បានដាក់​ឈ្មោះ​ការឆ្លង​ក្នុង​សហគមន៍​ជា​លើកដំបូង​ក្នុងប្រទេស​កម្ពុជា​ដែល​ទាក់ទង​នឹង​គ្រួសារ​អគ្គនាយក​ពន្ធនាគារ​ថា​ជា “ព្រឹត្តិការណ៍​សហគមន៍28វិច្ឆិកា”។

នៅក្នុង​ពិធី​ខាងលើ សម្ដេច ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្នើឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ 28 វិច្ចិកា ឱ្យទៅ​ពិនិត្យ​សុខភាព​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19។

គិត​ត្រឹម​ព្រឹក​នេះ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ចំនួន 3,332 មកពី​ខេត្ត​ចំនួន 7 ក្នុងនោះ​វិទ្យាស្ថាន​ប៉ាស្ទ័ និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ធ្វើតេស្ត​បាន 2,247 សំណាក និង​បាន​រកឃើញ​ករណី​វិជ្ជមាន​ចំនួន 14 នាក់ ខណៈ 1 ករណី​នៅ​សៀមរាប​ដែល​សង្ស័យថា​វិជ្ជមាន មិនទាន់​ត្រូវបាន​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័​នៅឡើយ។ នេះ​បើតាម​ប្រសាសន៍​របស់​សម្ដេច​តោ​ជោ។

មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស Covid-19 ចំនួន 323 នាក់ ក្នុងនោះ​មាន 22 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង 301 នាក់​បានជា​សះស្បើយ។

Advertisement