កម្ពុជារកឃើញ​អ្នក​វិជ្ជមាន​ជា​មួយ​Covid-19​ ថ្មី ​ចំនួន1នាក់​ទៀត ជា​ករណី​នាំចូល

កម្ពុជារកឃើញអ្នកវិជ្ជមានជាមួយCovid-19 ថ្មី ចំនួន1នាក់ទៀត ជាករណីនាំចូល

នៅព្រឹកថ្ងៃទី14វិច្ឆិកានេះ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈទំព័រ Facebook បានប្រកាសឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសCovid-19 ចំនួន1នាក់ទៀត ដែលករណីនេះកើតឡើងចំពោះបុរសជនជាតិអាមេរិកាំង។

អ្នក​ជំងឺ​ខាងលើ​នេះ មាន​អាយុ69ឆ្នាំ ស្នាក់នៅក្នុងអគារស្នាក់នៅមួយក្នុងទីក្រុងភ្នំពេញ។ បុរស​នេះ​បានធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក ឆ្លងកាត់តាមកោះតៃវ៉ាន់ មុននឹងមកដល់កម្ពុជាកាលពីថ្ងៃទី13វិច្ឆិកា2020។ បច្ចុប្បន្ន បុរសនេះកំពុងដាក់ឱ្យទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាទីក្រុងភ្នំពេញ។

ចំណែកមនុស្សចំនួន70នាក់ផ្សេងទៀតដែលបានរួមដំណើរក្នុងជើងហោះហើរជាមួយបុរសខាងលើ ក៏ត្រូវបានដាក់​ឱ្យ​ធ្វើ​ចត្តា​ឡីស័ក​ចំនួន​14​ថ្ងៃ​ បន្ទាប់ពីបានទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន ក្នុងនោះមាន19នាក់ធ្វើចត្តាឡីស័កនៅមណ្ឌលទ័ពអាកាស 3នាក់នៅសណ្ឋាគារសុខា-ភ្នំពេញ 5នាក់នៅសណ្ឋាគារធានយី និង44នាក់នៅសណ្ឋាគារចុងស៊ីង។

ក្រៅពីនេះ កាលពីថ្ងៃទី13វិច្ឆិកា ការធ្វើតេស្តលើមនុស្សចំនួន14នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងព្រឹត្តិ​ការណ៍​3​វិច្ឆិកា បានបង្ហាញថា មិនមានករណីវិជ្ជមានទេ។ ​រាប់ចាប់ពីថ្ងៃទី4វិច្ឆិកា មកដល់ថ្ងៃទី13វិច្ឆិកានេះ ក្រសួងបានធ្វើតេស្តលើអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកា បាន2,567នាក់ ក្នុងនោះមាន4នាក់ទទួលបានលទ្ធផលវិជ្ជមាននឹងCovid-19។

គិតត្រឹមព្រឹកថ្ងៃទី14វិច្ឆិកា2020នេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុបចំនួន 302នាក់ ក្នុងនោះ​មាន289នាក់បានជាសះស្បើយ ខណៈដែល13នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៕

Advertisement