សម្ដេចតេជោ ច្រានចោលពាក្យចចាមអារ៉ាមដែលថា “កម្ពុជានឹងមានការបិទប្រទេស ឬតំបន់ណាមួយ ដោយសារCovid-19”

សម្ដេច​តេជោ​ ច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា

នៅលើទំព័រ​បណ្ដាញ​សង្គម ​សម្ដេច​តេជោ បាន​ធ្វើ​ការ​បដិសេធ​ទៅនឹង​ការ​លើក​ឡើង​ដែល​ថា កម្ពុជា​នឹង​មាន​ការ​បិទ​ប្រទេស​ ឬ​ខេត្ត​ក្រុង​ និង​តំបន់​ណា​មួយ​។

“ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ” សម្ដេចតេជោ​ ហ៊ុន​សែន​ បានសរសេរលើទំព័រ​បណ្តាញសង្គមរបស់សម្តេចនាព្រឹកថ្ងៃទី12 វិច្ឆិកាយ៉ាង​ដូច្នេះ​។

សម្តេចបន្ថែមថា “ការឃោសនាអកុសលរបស់ពួកអាក្រ​ក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ”។

សម្ដេច​តេជោ បាន​បន្ថែម​ថា ពលរដ្ឋ​គ្រប់​រូប​គួរ​តែ​ការពារ​ខ្លួន​ ដោយការ​ពាក់​ម៉ាស់ ការ​លាង​ដៃ​ ​ការ​រក្សា​គម្លាត​ពី​គ្នា​ និង​មិន​ត្រូវ​មាន​ការ​​ជួប​ជុំ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។

ទាក់​ទង​នឹង​ការ​ទប់​ស្កាត់​វីរុស​Covid-19 ដោយ​ការ​ពាក់​ម៉ាស់ សម្ដេច​តេជោ បាន​បញ្ជាក់​ថា “នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់” ផងដែរ ដោយ​កាល​ពី​ថ្ងៃ​ទី​11​វិច្ឆិកាកន្លង​ទៅ​ សម្ដេច​ បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ចំនួន​2លាន​បន្ទះ​​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ​ ដើម្បី​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​។

ចំណែក​​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ​ សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ធ្វើ​ការ​តាម​ដាន​ និង​ជួយ​ដោះ​ស្រាយ​ជីវ​ភាព​របស់​គ្រួសារ​ក្រី​ក្រផងដែរ​៕

 

Advertisement