Heat Stroke រោគដែលកើតក្នុងអំឡុងរដូវក្ដៅ

បច្ចុប្បន្នសភាវពិភពលោកឡើងកម្ដៅជាបញ្ហាដែលមនុស្សគ្រប់រូបផ្ដល់ការយកចិត្តទុកដាក់ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ សីតុណ្ហភាពពិភពលោកមានសញ្ញាថានឹងកើនខ្ពស់ឡើងៗជារឿយៗ។ សម្រាប់ប្រទេសយើងវិញ ខណៈនេះសភាពធាតុអាកាសក្ដៅខ្លាំងជាងរាល់ឆ្នាំ ធ្វើឱ្យប្រជាជនមានភាពប្រថុយប្រថានក្នុងការធ្លាក់ខ្លួនឈឺថ្កាត់ដោយជំងឺជាច្រើន ដូចជាជំងឺខាងប្រព័ន្ធរំលាយអាហារ ដែលកើតពីការទទួលទានអាហារ និងទឹកដែលមានមេរោគប្រឡាក់ប្រឡូសញឹកញាប់បំផុត តែជំងឺដែលមានការនិយាយដល់តិចបំផុត តែមានអ្នកកើតញឹកញាប់បំផុតក្នុងរដូវក្ដៅនោះគឺ “ជំងឺ ហ៊ីត ស្រ្តូក” (Heat Stroke)ឬ “ជំងឺខ្យល់គដោយសារកម្ដៅថ្ងៃ”ហ្នឹងឯង។

អាការរបស់ជំងឺ ហ៊ីត ស្រ្តូក

ហ៊ីត ស្រ្តូក ជាជំងឺដែលបណ្ដាលមកពីរាងកាយបានទទួលកម្ដៅខ្លាំងជ្រុលពេក រហូតធ្វើឱ្យកម្ដៅក្នុងរាងកាយ(Core Temperature)ខ្ពស់ជាង 40អង្សាC។ អាការជាដំបូង មានដូចជា អស់កម្លាំង នឿយល្វើយ មិនឃ្លានអាហារ ក្អួតចង្អោរ វិតក្កកង្វល់ វិលវល់ សម្ពាធឈាមធ្លាក់ចុះ ងងឹតមុខ និងអាចមានអាការបន្ថែមទៀត ដូចជា សភាវខ្វះជាតិទឹក ដង្ហក់ បេះដូងដើរខុសចង្វាក់ប្រកាច់ លែងដឹងខ្លួន ដែលទាំងអស់នេះ បើមិនបានទទួលការព្យាបាលភ្លាមៗទេនោះ អាចនឹងនាំទៅដល់ការស្លាប់បាត់បង់ជីវិតបាន។

បុគ្គលដែលមានភាពប្រថុយប្រថានថានឹងកើតជំងឺ ហ៊ីត ស្រ្តូក

បុគ្គលដែលមានភាពប្រថុយប្រថានថានឹងកើតជំងឺ ហ៊ីត ស្រ្តូក មានដូចជា ទាហានដែលកំពុងហ្វឹកហាត់ដោយមិនបានត្រៀមរាងកាយក្នុងការប្រឈមនឹងសភាពធាតុអាកាសក្ដៅ រួមទាំងបណ្ដាអ្នកកីឡាស្ម័គ្រចិត្ត និងអ្នកដែលធ្វើការងារក្នុងសភាពធាតុអាកាសដែលក្ដៅខ្លាំង(កម្មករសំណង់) មនុស្សចាស់ កូនក្មេង អ្នកមិនបានគេងសម្រាក អ្នកទទួលទានស្រាច្រើន និងអ្នកដែលកើតជំងឺលើសឈាម ជាដើម។

សញ្ញាសំខាន់ៗរបស់ជំងឺ ហ៊ីត ស្រ្តូក

សញ្ញាសំខាន់ៗរបស់ជំងឺ ហ៊ីត ស្រ្តូក គឺគ្មានចេញញើស ខ្លួនប្រាណក្ដៅឡើងជារឿយៗ មានអារម្មណ៍ស្រេកទឹកខ្លាំង វិលមុខ ងងឹតមុខ ភាំងៗ ក្អួតចង្អោរ ដង្ហក់ ដែលទាំងអស់នេះមានសភាពខុសប្លែកពីការនឿយហត់ដោយសារកម្ដៅថ្ងៃទូទៅដែលមានញើសចេញមក។ បើមានកើតអាការដូចខាងដើម ត្រូវឈប់ធ្វើការងារភ្លាម និងសម្រាកជាបន្ទាន់។

បើប្រទះឃើញអ្នកកើតជំងឺខ្យល់គដោយសារកម្ដៅថ្ងៃ(ហ៊ីត ស្រ្តូក) យើងអាចជួយបឋមព្យាបាលបានតាមរយៈ ៖

  • នាំអ្នកដែលកើតអាការនោះចូលក្នុងម្លប់ ដាក់ឱ្យគេងរាប លើកជើងទាំងសងខាងឡើងខ្ពស់ ដោះសម្លៀកបំពាក់ចេញ។
  • យកកន្សែងជ្រលក់ទឹកត្រជាក់ ឬទឹកកកមកដាក់ស្អំតាមខ្លួនប្រាណ ជាពិសេសនៅត្រង់ បំពង់ក ក្លៀក ត្រគាក ក្បាល រួមជាមួយការបើកកង្ហារឱ្យបក់ជួយបំភាយកម្ដៅផង។
  • ចាក់ទឹកត្រជាក់ស្រោចលើខ្លួនប្រាណ ដើម្បីបញ្ចុះសីតុណ្ហភាពរាងកាយឱ្យធ្លាក់ចុះឱ្យបានឆាប់បំផុត ហើយប្រញាប់នាំទៅមន្ទីរពេទ្យ។

វិធីការពារជំងឺខ្យល់គដោយសារកម្ដៅថ្ងៃ គឺ

  • បើសិនដឹងខ្លួនថា ត្រូវទៅធ្វើការនៅកណ្ដាលសភាពអាកាសដែលក្ដៅ គួរតែត្រៀមខ្លួនដោយការហាត់ប្រាណនៅកណ្ដាលវាលឱ្យបានជាប់លាប់ យ៉ាងហោចណាស់ 1សប្ដាហ៍ 3ដង ម្ដងៗយ៉ាងតិច 30នាទី ដើម្បីឱ្យរាងកាយស៊ាំធ្លាប់ជាមួយសភាពធាតុអាកាសក្ដៅ។
  • ញ៉ាំទឹក 1-2កែវ មុនចេញពីផ្ទះក្នុងថ្ងៃដែលមានធាតុអាកាសក្ដៅខ្លាំង និងបើសិនត្រូវស្ថិតនៅកណ្ដាលសភាពធាតុអាកាសក្ដៅ ឬហាត់ប្រាណកណ្ដាលសភាពអាកាសក្ដៅ គួរញ៉ាំទឹកឱ្យបាន 1ម៉ោង 1លីត្រ។ ទោះជាមិនសូវមានអារម្មណ៍ស្រេកទឹកក៏ដោយ និងទោះជាធ្វើការនៅក្នុងទីម្លប់ក៏ដោយ ក៏គួរតែញ៉ាំទឹកឱ្យបានយ៉ាងតិច 1ថ្ងៃ 6-8កែវដែរ។
  • ស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្រាលៗ មិនក្រាស់ មានទម្ងន់ស្រាល និងអាចបំភាយកម្ដៅបានល្អ។
  • មុនចេញពីផ្ទះ គួរលាបឡេការពារកម្ដៅថ្ងៃ។
  • ចៀសវាងពីការស្ថិតនៅកណ្ដាលវាល ក្នុងថ្ងៃដែលធាតុអាកាសក្ដៅខ្លាំង។
  • ចៀសវាងការញ៉ាំថ្នាំបំបាត់ប្រតិកម្មចាញ់ ថ្នាំផ្ដាសាយ ជាពិសេសមុនពេលហាត់ប្រាណ ឬស្ថិតនៅកណ្ដាលសភាពធាតុអាកាសក្ដៅរយៈពេលយូរ។
  • ចៀសវាងពីភេសជ្ជៈដែលមានជាតិអាល់កុល និងគ្រឿងញៀនគ្រប់ប្រភេទ។
  • ចំពោះក្មេងតូច និងមនុស្សចាស់ជរា គួរបានទទួលការមើលថែទាំជាពិសេស ត្រូវរៀបចំឱ្យស្ថិតនៅក្នុងបន្ទប់ដែលមានខ្យល់អាកាសចេញចូលល្អ និងកុំបណ្ដោយឱ្យកូនក្មេង និងជនជរាស្ថិតនៅក្នុងរថយន្តដែលបិទជិតតែម្នាក់ឯង៕
Advertisement