ហេតុផល 3យ៉ាង “ហាមដកស្កូវ”

តើអ្វីនឹងកើតឡើង បើសិននៅសុខៗស្រាប់តែឃើញសរសៃសក់ពណ៌សលេចធ្លោឡើង?…ប្រហែលជាទប់ចិត្តមិនបានក្នុងការដកវាចេញឡើយ…តែមនុស្សជាច្រើនអាចនឹងត្រូវថ្លឹងថ្លែងក្នុងចិត្តខ្លះដែរ ព្រោះធ្លាប់បានឮពាក្យចាស់ៗនិយាយថា ការដកសក់ស្កូវ 1សរសៃ វានឹងដុះឡើង 1សរសៃ(ដកមិនចេះអស់) តែហ្នឹងគ្រាន់តែជា “ពាក្យនិយាយតៗគ្នា” ដែលគ្មានភ័ស្តុតាងខាងវិទ្យាសាស្រ្តមកធានាឡើយ ហើយអ៊ីចឹង ចម្លើយដែលពិតប្រាកដនោះគឺអ្វី?

“រឿងពិត” ដែលនឹងកើតឡើងពេលយើងដកសក់ស្កូវ

1 . សក់កំបុត៖ បើដកសរសៃសក់ ឬសរសៃរោមណាមួយយ៉ាងរហ័សចេញពីស្បែក មិនថានៅលើផ្នែកណាមួយនៃរាងកាយនោះឡើយ គឺជាការរុកកួនរំខានស្បែកឱ្យបែក ឬអាចធ្វើឱ្យសាច់ភ្នាសនៅម្ដុំសរសៃសក់នោះខូចខាត និងអាចហុចផលប៉ះពាល់ដល់ឫសសក់ទៀតផង។ វេជ្ជបណ្ឌិតជំនាញខាងស្បែក អធិប្បាយថា ការរុកកួនរំខានស្បែកបែបនេះ មានផលអាក្រក់ច្រើនណាស់ ជាពិសេសបញ្ហាដែលជួបប្រទះច្រើនបំផុតក៏គឺ រោមកំបុត ឬសក់កំបុត ព្រោះបើសាច់ភ្នាសស្បែកខូចខាត នៅពេលសរសៃសក់ដុះឡើងថ្មី នឹងមិនអាចងើបចេញផុតពីក្រោមស្រទាប់ស្បែកបានឡើយ ហើយនឹងដុះលូតលាស់នៅខាងក្នុងនោះ ក្លាយជាសរសៃសក់កំបុតនៅទីបំផុត។

រោម ឬសរសៃសក់កំបុតអាចបង្កឱ្យកើតអាការឈឺក្រហាយស្បែក ចំណែកនៅលើអ្នកដែលមានសរសៃរោម ឬសក់រាងរឹងៗ អាចនឹងធ្វើឱ្យកើតមានអាការរលាកក្លាយជាពងបែក និងឈឹខ្លាំងទៀតផង។

2 . សក់ស្ដើង ៖ ពេលកញ្ឆក់សរសៃសក់ស្កូវចេញខ្លាំងៗ អាចហុចផលឱ្យស្បែកក្បាល និងឫសសក់ខូចខាតអស់ខ្លះ។ វេជ្ជបណ្ឌិតជំនាញដដែលរៀបរាប់ថា វិនាទីនៃការឈឺចាប់ដែលត្រូវកញ្ឆក់ដកសក់ស្កូវនោះ អាចជាពេលវេលាដែលសរសៃឈាមក្រហមពង្រីកខ្លួនបញ្ចេញប្រតិកម្មជាមួយភាពឈឺចាប់ត្រឹមតែបន្តិចបន្តួចដែលរាងកាយបានទទួល និងហុចផលទៅដល់ឫសសក់។

ទោះជាអ្វីដែលអាចកើតឡើងតិចបំផុតមែន តែបើលោកអ្នកដក ទាញ ឬកញ្ឆក់សក់ស្កូវជាប់ៗគ្នាខ្លាំងៗ ការឈឺចាប់ដែលកើតឡើងចំពោះស្បែកក្បាលនេះក៏អាចធ្វើឱ្យសក់ដុះមកស្ដើង ក្រវែង ឬអាចលែងមានសក់ស្កូវថ្មីៗឡើងមកទៀតតែម្ដងក៏មាន។

3 . ខាតពេលវេលា(ដកទៅ ក៏អត់ប្រយោជន៍) ៖ ការដកសក់ស្កូវមិនមានកើតប្រយោជន៍អ្វីឡើយ ក្រៅតែពីកែបញ្ហាបានតែម្ដងម្កាលប៉ុណ្ណោះ ព្រោះក្រោយពីលោកអ្នកចាត់ការទាញដកសក់ពណ៌សនោះចេញហើយ វដ្តរបស់ឫសសក់នឹង Reset ឡើងវិញដោយខ្លួនឯង ហើយសរសៃសក់ថ្មីក៏នឹងដុះឡើងមកជំនួសនៅទីតាំងចាស់ ដោយនៅតែជាសក់ពណ៌សដដែល ដោយសារតែកោសិកាពណ៌នៅក្នុងឫសសក់បានងាប់បាត់ទៅហើយហ្នឹងឯង ទើបសក់ដែលដុះមកថ្មីនោះខ្វះពណ៌ ធ្វើឱ្យក្លាយជាសក់ស្កូវ(ពណ៌ស)ដោយគ្មានថ្ងៃវិលត្រឡប់មកជាសក់ពណ៌ខ្មៅវិញឡើយ។

វេជ្ជបណ្ឌិតជំនាញដដែលថែមទាំងបានបញ្ជាក់ទៀតថា គឺជារឿងដែលគួរឱ្យសោកស្ដាយណាស់ ដែលមិនមានការរកឃើញថា តើមានអាហារប្រភេទពិសេសណា ឬអាហារបំប៉នពិសេសប្រភេទណាដែលអាចបំប៉នដើម្បីពន្យារ ឬទប់ស្កាត់ការកើតសក់ស្កូវបានឡើយ។

ដូច្នេះ វិធីការពារកុំឱ្យសក់ឡើងពណ៌ស ឬស្កូវមុនអាយុ ឬពន្យារការកើតសក់ស្កូវនោះ គឺការចៀសវាងពីបច្ច័យដែលជាដើមហេតុ មិនថាតែការមិនជក់បារី ហើយបែរមកយកចិត្តទុកដាក់លើអាហារការហូបចុក និងគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ ថែទាំសភាពផ្លូវចិត្ត កុំឱ្យភាពឆាប់ខឹងមួម៉ៅច្រើនមកកាត់បន្ថយទាំងសុខភាពកាយ និងចិត្ត៕

Advertisement