នាំគ្នាមកស្គាល់ពី សត្វល្អិត ឬព្រូនក្នុងសាច់ជ្រូក តើមានគ្រោះថ្នាក់ដល់រាងកាយមនុស្សឬទេ?

ឈ្មោះថា សត្វល្អិត ឬព្រូន មិនថាជាអ្វីក៏ដោយ គ្មាននរណាម្នាក់ចង់ឱ្យវាចូលមកនៅក្នុងរាងកាយរបស់យើងឡើយ មែនទេ?

តែបើសិនជាយើងចៃដន្យវាក់អ៊ើសត្វព្រូនសរសៃវែងៗតូចៗ ទន់ៗនៅក្នុងសាច់ជ្រូក ឬក្នុងគ្រឿងក្នុងជ្រូកក្នុងអំឡុងពេលចម្អិនម្ហូបអាហារ ឬយ៉ាប់ជាងនោះទៅទៀតគឺ ខាំចូលមាត់ទំពាខ្ញាច់ៗរួចទៅហើយកន្លះដុំនោះ តើវានឹងបង្កជាគ្រោះថ្នាក់ដល់រាងកាយរបស់យើងដែរឬទេ? ឡារ៉ែនមានចម្លើយសម្រាប់សំណួរនេះ!

តើសត្វល្អិត ឬព្រូនក្នុងសាច់ជ្រូកឆៅ គឺជាព្រូនប្រភេទណា?

ព្រូននៅក្នុងសាច់ជ្រូកដែលយើងច្រើនប្រទះឃើញជាព្រូនអំបោះដែលមានលក្ខណៈសរសៃៗ តូចៗ ទន់ៗ ពណ៌ក្រហមៗដែលនឹងចូលទៅក្នុងខ្លួនរបស់សត្វជ្រូកតាមរយៈការស៊ី ដោយជ្រូកអាចនឹងស៊ីអាហារដែលមានលាយឡំ ឬប្រឡាក់លាមកដែលមានស៊ុតរបស់ព្រូន ទើបធ្វើឱ្យស៊ុតព្រូនចូលទៅរីកធំធាត់នៅក្នុងពោះវៀន សួត និងអវយវៈខាងក្នុងផ្សេងទៀតរបស់សត្វជ្រូក។ បើសិនជាសត្វជ្រូកមិនបានទទួលការចិញ្ចឹមថែទាំយ៉ាងស្អាត ត្រូវនឹងសុខអនាម័យ និងមិនបានទទួលការទម្លាក់សត្វល្អិត ឬព្រូនតាមពេលកំណត់ទេនោះ ក៏គេអាចប្រទះឃើញមានព្រូននៅក្នុងជ្រូកដែរ និងបើសិនជាស្រ្តីមេផ្ទះលាងសម្អាតគ្រឿងក្នុងជ្រូកមិនបានល្អ ក៏ព្រូនអាចជាប់មកជាមួយម្ហូបអាហាររបស់យើងបានដែរ។

ទទួលទានដោយសត្វល្អិត ឬព្រូនចូលទៅក្នុងរាងកាយ នឹងបង្កគ្រោះថ្នាក់ឬទេ?

ដំណឹងល្អគឺ បើសិនជាព្រូននោះត្រូវបានចម្អិនឆ្អិនល្អហើយ អាចទទួលទានបាន មិនបង្កគ្រោះថ្នាក់ដល់រាងកាយយើងទេ តែបើសិនបរិភោគសាច់ជ្រូកដែលមានព្រូន ឬស៊ុតព្រូនដែលចម្អិនមិនបានឆ្អិនល្អចូលទៅ ព្រូនក៏អាចទៅរីកធំធាត់នៅក្នុងរាងកាយយើងបាន ហើយបើសិនកើតរោគព្រូនអំបោះនេះហើយ អាចនឹងកើតអាការណែនដើមទ្រូង ឆាប់ហត់ដង្ហក់ មានគ្រុនក្ដៅខ្លួន និងបើសិនជាព្រូនបង្កប់ខ្លួននៅក្នុងពោះវៀនតូចផងនោះ នឹងកើតមានសភាវពោះធំ ខ្វះសារធាតុអាហារ ឈឺចុកពោះ ក្អួតចង្អោរ និងបើសិនជាមានព្រូនច្រើន ពួកវាអាចរមួលផ្ដុំចូលគ្នាជាដុំរហូតធ្វើឱ្យស្ទះពោះវៀនធ្វើឱ្យមានបញ្ហាធំបាន។

វិធីការពាររោគព្រូនអំបោះ

  1. បរិភោគតែសាច់សត្វដែលចម្អិនឆ្អិន 100%។
  2. ជ្រើសរើសបរិភោគសាច់សត្វដែលចេញមកពីប្រភពផលិតដែលមានស្តង់ដារ។
  3. បើចម្អិនម្ហូបអាហារដោយខ្លួនឯង គួរលាងសម្អាតសាច់សត្វ និងគ្រឿងក្នុងទាំងនោះឱ្យបានស្អាតហ្មត់ចត់។
  4. បើទទួលទានអាហារស្ទើរឆ្អិនស្ទើរឆៅហើយកើតមានអាការដូចដែលបានរៀបរាប់មកខាងលើ ចូរប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីធ្វើការព្យាបាលជាបន្ត។

តែប៉ុណ្ណឹងក៏មិនចាំបាច់នាំគ្នាភ័យភ្ញាក់ផ្អើលខ្លាំងរហូតដល់ឈប់ញ៉ាំម្ហូបអាហារដែលធ្វើពីសាច់សត្វអីដែរ តែចំណុចសំខាន់គឺគួរចម្អិនឱ្យឆ្អិនល្អមុនទទួលទានគ្រប់ពេល ដើម្បីមិនប្រថុយនឹងការកើតមានព្រូននៅក្នុងពោះ OK?៕

Advertisement