កម្ពុជារកឃើញអ្នកផ្ទុកCovid-19​ ចំនួន​2នាក់​បន្ថែម​ទៀត ក្នុង​គ្រា​ដែល​ពិភពលោក​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ 12,266​​នាក់​

កម្ពុជារកឃើញអ្នកផ្ទុកCovid-19 ចំនួន2នាក់បន្ថែមទៀត

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី20តុលានេះថា កម្ពុជាបានរកឃើញអ្នកវិជ្ជមានជាមួយនឹង Covid-19 ចំនួន2ករណីបន្ថែមទៀត នេះឱ្យតួលេខនៃអ្នកជំងឺ Covid-19 ដែលត្រូវបានរកឃើញនៅកម្ពុជា កើនឡើងដល់285នាក់។

ករណីថ្មីនេះត្រូវបានរកឃើញកាលពីម្សិលមិញ (19តុលា) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅរាជធានីភ្នំពេញ។ អ្នកជំងឺថ្មីទាំង2ករណីនេះគឺជាប្ដីប្រពន្ធនឹងគ្នា និងមានអាសយដ្ឋាននៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពួកគេបានធ្វើដំណើរពីប្រទេសអ៊ីរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជានៅថ្ងៃទី18តុលា2020។

អ្នកដំណើរចំនួន106នាក់ផ្សេងទៀតដែលធ្វើដំណើរតាមយន្តហោះជាមួយនឹងអ្នកជំងឺខាងលើ ក៏កំពុងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ។

គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុប ចំនួន285នាក់ ក្នុងនោះមាន280នាក់បានជាសះស្បើយ និង5នាក់កំពុងទទួលការព្យាបាល។ ក្នុងចំណោមអ្នកជំងឺទាំង5នាក់ដែលកំពុងសម្រាកព្យាបាលនេះ មានជនជាតិខ្មែរ3នាក់ និងជនបរទេសចំនួន2នាក់។

នៅ​ទូទាំង​ពិភពលោក ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ថ្មី​ចំនួន​12,266​នាក់ ដែល​នេះ​ឱ្យ​​អ្នក​បាន​ឆ្លង​វីរុស​Covid-19 កើន​ឡើង​ដល់​​​40,647,566​នាក់​ ក្នុង​នោះ​មាន​1,122,984​នាក់​បាន​ស្លាប់​ និង​30,352,918​​នាក់​បាន​ជា​សះស្បើយ​​៕

ប្រភព៖ ក្រសួង​ព័ត៌មាន​, Worldometers

 

 

Advertisement