រលាកឆ្នាំងអ៊ុត លាបថ្នាំដុសធ្មេញបានឬទេ?

Screaming man with burned skin on left arm and iron in his right hand

របួសដោយសាររលាកឆ្នាំងអ៊ុត ជាឧប្បត្តិហេតុដែលនរណាៗក៏មិនចង់ឱ្យកើតឡើងចំពោះខ្លួនឯងដែរ ព្រោះពេលត្រូវរលាកឆ្នាំងអ៊ុតនេះ វាទាំងឈឺផ្សា និងរមាស់ តែមិនអាចអេះបានឡើយ ខ្លាចក្លាយជាសម្លាកស្នាមលើខ្លួនរហូត និងអ្នកខ្លះថែមទាំងដឹងមកទៀតថា ពេលដែលត្រូវរលាកបែបនេះ គេឱ្យយកទឹកឃ្មុំ ឬថ្នាំដុសធ្មេញមកលាបពីលើកន្លែងរលាកនោះ ដូច្នេះឥឡូវនេះយើងនាំគ្នាមកមើលចម្លើយថា ការពិតទៅ តើវិធីហ្នឹងអាចប្រើបានឬទេ? ហើយតើនឹងមានវិធីមើលថែទាំរបួសរលាកឆ្នាំងអ៊ុតនេះយ៉ាងណា ដើម្បីឱ្យឆាប់ជា?។

អាការរបស់មុខរបួសដែលរលាកដោយឆ្នាំងអ៊ុត

ស្បែកឡើងក្រហម ឈឺផ្សាក្ដៅ អ្នកខ្លះស្បែកអាចមានឡើងពងបែកទៀតផង។

វិធីបឋមព្យាបាលដំបូង

  1. ស្រោចទឹកលើកន្លែងរលាកនោះ ឬត្រាំក្នុងទឹកស្អាតយ៉ាងតិចបំផុត 10នាទី ឬរហូតទាល់តែអាការឈឺក្ដៅផ្សានេះរលាយបាត់អស់។ ហាម! ប្រើទឹកកក ឬទឹកត្រជាក់ខ្លាំងជាដាច់ខាត។
  2. ផ្ដិតមុខរបួសឱ្យស្ងួត មិនត្រូវរុំបិទមុខរបួសឡើយ។
  3. លាបដោយថ្នាំសម្រាប់ព្យាបាលរបួសរលាកភ្លើង ឬរលាកទឹកក្ដៅ។
  4. បើឈឺ ចូរលេបថ្នាំបំបាត់ការឈឺចាប់។
  5. បើមុខរបួសមានពងបែក ចូរលាងមុខរបួសដោយទឹកស្អាត បិទដោយបង់បិទរបួស និងលាងសម្អាតមុខរបួសមួយថ្ងៃម្ដង

ចំណុចគួរប្រយ័ត្ន

  • កុំ! ប៉ះ ឬចាប់មុខរបួសដោយមិនចាំបាច់។
  • កុំ! ចោះ ជោះ ឬធ្វើឱ្យពងទឹកលើមុខរបួសរលាកឆ្នាំងអ៊ុត ឬទឹកក្ដៅនោះបែកឱ្យសោះ។
  • កុំ! យកសម្ភារក្នុងផ្ទះបាយ ដូចជាម្សៅឃ្រីម ថ្នាំដុសធ្មេញ ទឹកត្រី ខ្លាញ់ ឬប្រេង ម្សៅ ឬសាប៊ូ ជាដើម មកលាបមុខរបួស ព្រោះវានឹងធ្វើឱ្យមុខរបួសឆ្លងមេរោគ។

មុខរបួសភ្លើងឆេះ រលាកទឹកក្ដៅនៅលើខ្លួនប្រាណ ឬដៃ ជើង

មុខរបួសដែលបណ្ដាលពីភ្លើងឆេះ ឬទឹកក្ដៅរលាកនៅលើដៃ ឬជើង ភាគច្រើនជាមុខរបួសកម្រិតទី2 ឬទី3 ដែលត្រូវតែបានទទួលការមើលថែទាំយ៉ាងដិតដល់អំពីគ្រូពេទ្យ ព្រោះអាចក្លាយកើតជាស្លាកស្នាម និងពិការនៅពេលក្រោយបាន។

វិធីបឋមព្យាបាល

  1. ឱ្យជនរងគ្រោះគេងរាបស្មើនៅលើដី។
  2. យកទឹកស្អាតមកស្រោចលើកន្លែងដែលរលាកច្រើនៗ និងយូររយៈពេលយ៉ាងតិច 10នាទី ឬរហូតទាល់តែអាការឈឺក្ដៅផ្សាថមថយចុះ។
  3. ដោះគ្រឿអលង្ការ ដូចជា ចិញ្ចៀន ខ្សែដៃ ឬនាឡិកាចេញ។
  4. បិទ ឬរុំមុខរបួសដោយក្រណាត់ ឬស្បៃស្អាត។
  5. បើរលាកនៅលើដៃ អាចប្រើស្រោមដៃផ្លាស្ទិកហ៊ុមបាន។
  6. រួចនាំទៅមន្ទីពេទ្យជាបន្ទាន់។

ចំណុចហាមឃាត់!

  • ហាម! យកទឹកកក ឬទឹកត្រជាក់ខ្លាំងមកស្រោចលើកន្លែងរលាក។
  • ហាម! ទាញវត្ថុ ឬកម្ទេចកម្ទីដែលស្អិតជាប់ជាមួយមុខរបួសចេញ។
  • ហាម! ចាប់ ឬប៉ះមុខរបួសបើមិនចាំបាច់។
  • ហាម! ធ្វើឱ្យពងទឹកលើមុខរបួសរលាកភ្លើង ឬទឹកក្ដៅនោះបែក។
  • ហាម! លាបម្សៅក្រមួន ឡេ ទឹកត្រី ថ្នាំដុសធ្មេញ ឬវត្ថុផ្សេងៗ ក្រៅតែពីទឹកម្យ៉ាងប៉ុណ្ណោះ។
  • ហាម! ដោះខោអាវ តែបើចាំបាច់ ចូរប្រើវិធីកាត់ចេញដោយកន្ត្រៃ។
  • ហាម! ប្រើក្រណាត់ដែលមានរោម ឬសំលីមកបិទមុខរបួស៕
Advertisement