រកឃើញ​អ្នក​ឆ្លង​COVID-19 មួយ​ករណី​​ទៀត​ហើយ​នៅ​ខេត្ត​ព្រះសីហនុ! ពិភពលោក​មាន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះ​ជាង​​​​1,072,560​​នាក់

ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​10​តុលា​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​​1​នាក់​បន្ថែម​ទៀត​ ដែល​ករណី​នេះ​កើត​ឡើង​ចំពោះ​​ស្ត្រី​ជនជាតិ​បារាំង​។

ករណី​វិជ្ជមាន​ថ្មី​នេះ ត្រូវ​បាន​រកឃើញ​កាលពី​ថ្ងៃទី​9​តុលា ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ អ្នកជំងឺ​បាន​ស្នាក់​នៅ​ក្នុងសណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​​ពី​ប្រទេស​បារាំង​ និង​ឆ្លងកាត់ប្រទេស​​កូរ៉េខាង​ត្បូង​មុន​នឹង​មក​ដល់​​កម្ពុជា​នៅ​ថ្ងៃទី​8​តុលា​​។ បច្ចុប្បន្ន អ្នក​ជំងឺ​នេះ​កំពុងត្រូវ​បាន​​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​ទទួល​ការ​ព្យាបាល​នៅឯមន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​នៅ​ភ្នំ​ពេញ​។

គិត​មក​ដល់​បច្ចុប្បន្ន កម្ពជា​​បាន​រកឃើញ​អ្នក​ឆ្លងវីរុស​COVID-19 សរុប​ 283​នាក់​ ក្នុង​នោះ​មាន277​នាក់​បាន​ជាសះស្បើយ​ និង​6​នាក់​កំពុង​ទទួល​ការ​ព្យាបាល​។

ដោយ​ឡែក​ នៅ​ទូទាំង​ពិភពលោក​ មក​ដល់​ពេល​នេះ​ បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 សរុប​ឡើង​ដល់​37,098,805​​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​1,072,569​នាក់​ អ្នក​បាន​​ជា​សះស្បើយមាន​​ចំនួន​27,890,353​នាក់​ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន​8,135,880​នាក់​៕

ប្រភព៖​ ក្រសួង​សុខាភិបាល, Worldometers

Advertisement