កម្ពុជា​​រកឃើញ​​ជន​ជាតិ​​ខ្មែរ​​ម្នាក់​​ វិជ្ជមាន​​នឹង​​COVID-19 ខណៈ​ពិភព​លោក​ទើប​តែ​​រកឃើញ​5,660​នាក់​

តាម​រយៈ​បណ្ដាញ​សង្គម​ និង​គេហទំព័រ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា កម្ពុជា​បាន​រកឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​នៅ​ភ្នំ​ពេញ មាន​ផ្ទុក​វីរុស​COVID-19 ក្រោយ​ពី​បាន​ត្រលប់​មក​ពី​ប្រទេស​កូរ៉េខាង​ត្បូង​។

បុរស​​វ័យ​​​29​ឆ្នាំនេះ​ ស្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ និង​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​​ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ បច្ចុប្បន្ន អ្នកជំងឺ​នេះ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ នៅ​ទីក្រុង​ភ្នំ​ពេញ​។

គិត​មក​ដល់​ថ្ងៃទី​9​តុលា​នេះ កម្ពុជា​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ 282​នាក់ ក្នុង​នោះ​មាន277​នាក់បាន​ជាសះស្បើយ​ និង​5​នាក់​កំពុង​សម្រាក​ព្យាបាល​។ ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​5​នាក់​នេះ មាន​​ជន​ជាតិ​ខ្មែរ​1​នាក់​​ និង​ជនបរទេស​4​នាក់​។

នៅ​ទូទាំង​ពិភពលោក មនុស្ស​ចំនួន​36,744,349​នាក់​ត្រូវ​បាន​រកឃើញ​ថា បាន​ឆ្លង​វីរុស​COVID-19 ក្នុង​ចំណោម​នោះ​ មាន​​1,066,819​នាក់​​បាន​ស្លាប់ ​8,013,976​នាក់​កំពុង​ទទួល​ការ​ព្យាបាល​ និង​27,663,554​នាក់​បាន​ជាសះស្បើយ៕

ប្រភព​៖ ក្រសួង​សុខាភិបាល​, Worldometers

Advertisement