បុគ្គលិក​34​នាក់​នៅ​សេត​វិមាន​ បាន​ឆ្លង​COVID-19

បុគ្គលិក34នាក់នៅសេតវិមាន បានឆ្លងCOVID-19

បុគ្គលិកនៅសេតវិមាន និងក្រុមមនុស្សដែលពាក់ព័ន្ធផ្សេងទៀត បានឆ្លងវីរុសCOVID-19 នៅក្នុងប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ដែលតួលេខនេះមានអត្រាខ្ពស់ជាង បើធៀបនឹងរបាយការណ៍កន្លងមកទៅទៀត។

ដំណឹងខាងលើនេះ ត្រូវបានទីភ្នាក់ងារសារព័ត៌មាន ABC News ទទួលបាន និងដកស្រង់ពីកំណត់ហេតុមួយកាលពីថ្ងៃទី7តុលារបស់អង្គភាពគ្រប់គ្រងស្ថានភាពអាសន្នថ្នាក់រដ្ឋ។ ព័ត៌មានដែល ABC News ទទួលបាន បង្ហាញថា តួលេខស្ដីអំពីបុគ្គលិកសេតវិមានឆ្លងវីរុសCOVID-19 ថ្មីនេះ មានចំនួនច្រើនជាង10នាក់ បើធៀបនឹងរបាយការណ៍មុន។ ក៏ប៉ុន្តែ កំណត់ហេតុខាងលើ មិនបានសរសេរឱ្យបានច្បាស់អំពី “ក្រុមមនុស្សដែលពាក់ព័ន្ធដទៃទៀត” នោះទេ។

កំណត់ហេតុបានឱ្យដឹងថា ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតី Donald Trump ក៏ស្ថិតក្នុងចំណោមក្រុមបុគ្គលិកនៅសេតវិមានដែលបានឆ្លងCOVID-19 នេះដែរ។ បើទោះជាមិនបានបង្ហាញអត្តសញ្ញាណ ប៉ុន្តែជាក់ស្ដែងគ្រប់គ្នាបានដឹងហើយថា ជំនួយការផ្ទាល់ និងទីប្រឹក្សា2រូបរបស់លោក Trump នោះគឺលោកស្រី Hope Hicks (ជំនួយការប្រធានាធិបតី) និងលោក Stephen Miller (ទីប្រឹក្សាគោលនយោបាយ) បានឆ្លងវីរុស។

ក្រៅពីនេះ មនុស្សជាច្រើននាក់ផ្សេងទៀតដែលបានចូលរួមក្នុងព្រឹត្តិការណ៍ជ្រើសតាំងលោកស្រី Amy Coney Barrett ជាសមាជិកថ្មីនៃតុលាការកំពូលរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងកាលពីថ្ងៃទី26កញ្ញា បានទទួលលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19 បន្ទាប់ពីបានធ្វើតេស្ត។ ក្នុងចំណោមនោះក៏មានលោក Trump (ប្រធានាធិបតីអាមេរិក) លោក Chris Christie (អតីតអភិបាលរដ្ឋ New Jersey) លោកស្រី Kellyanne Conway (អតីតទីប្រឹក្សាប្រធានាធិបតី) រួមនឹងតំណាងរាស្ត្រសភាជាន់ខ្ពស់2រូបទៀត គឺលោក Mike Lee និងលោក Thom Tillis។ល។

ក្រោយពីប្រធានាធិបតីអាមេរិក បានឆ្លងវីរុសCOVID-19 ការចេញចូលសេតវិមាន ពិសេសគឺបន្ទប់រាងពងក្រពើ (ការិយាល័យប្រធានាធិបតី) ត្រូវបានរឹតបន្តឹងយ៉ាងម៉ត់ចត់ជាទីបំផុត៕

Bloomberg, Hill

Advertisement