ចិន ជឿជាក់ថា អាច​គ្រប់គ្រង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង (Omicron) បាន ដោយសារ​ការរីកចម្រើន​នៃ​វ៉ាក់សាំង

បុគ្គលិក​ម្នាក់​របស់ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ ស៊ីណូហ្វាម (Sinopharm) កំពុង​ពិនិត្យ​សម្បក​ដាក់​ដប​វ៉ាក់សាំង​

បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៅ ប្រទេស​ចិន បានប្រកាសថា កំពុង​សម្រេចបាន​នូវ​វឌ្ឍនភាព​ដ៏​ធំធេង​នៅក្នុង​ការស្រាវជ្រាវ​អំពី អូ​មី​ក្រុង (Omicron) ជិត​កន្លះ​ខែ​បន្ទាប់ពី WHO បាន​ចាត់ វ៉ា​រ្យ​ង់ នេះ ទៅក្នុង​ប្រភេទ​វីរុស​បំប្លែង​ខ្លួន​ដែល​គួរឱ្យ​ព្រួយបារម្ភ។

សារព័ត៌មាន Global Times បាន​រាយការណ៍​ថា ក្រុម​អ្នកជំនាញ​ផ្នែក​រោង​ឆ្លង​នៅ ប្រទេស​ចិន បាន​អំពាវនាវ​ឱ្យមាន​ការប្រឹងប្រែង​រួម​នៅ​ទូទាំង​សកលលោក ទាក់ទង​នឹង​ការស្រាវជ្រាវ​វ៉ាក់សាំង អង្គ​ប​ដិ​ប្រាណ និង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

ទន្ទឹមនឹងនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​ក៏បាន​បង្ហាញ​ទំនុកចិត្ត​ទៅលើ​សក្តានុពល​របស់ ចិន នៅក្នុង​ការទប់ស្កាត់ វ៉ា​រ្យ៉​ង់ ថ្មី ក្នុង​គ្រា​ដែល​ពួកគេ​ត្រូវការ​ពេលវេលា​តែ ២ ខែ​ប៉ុណ្ណោះ ដើម្បី​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់ អូ​មី​ក្រុង បើសិនជា ប្រសិទ្ធភាព​របស់ ដូ​ស​បន្ថែម ត្រូវបាន​ធ្វើឱ្យ​ថយចុះ។

ស៊ី​ណូ​វ៉ា​ក់ (Sinovac) ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​លំដាប់​កំពូល​មួយ​របស់ ប្រទេស​ចិន កាលពី​ថ្ងៃទី ១១ ធ្នូ បានឱ្យដឹងថា បានធ្វើការ​ស្រាវជ្រាវ​អំពី អូ​មី​ក្រុង បន្ទាប់ពី​ទទួលបាន​សំណាក​ពី​ក្រុម​អ្នកស្រាវជ្រាវ​នៅ ហុងកុង។ ក្រុម​អ្នកស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោក Yuen Kwok-yung នៅ​សាកលវិទ្យាល័យ​ហុងកុង បាន​បំបែក​ដោយ​ជោគជ័យ​នូវ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង កាលពី​ថ្ងៃទី ២៩ វិច្ឆិកា។ នេះ​គឺជា​ក្រុម​អ្នកឯកទេស​ដំបូង​នៅ អាស៊ី ដែល​ធ្វើបាន​ដូច្នេះ។

លោក Wu Guizhen អ្នកជំនាញ​លំដាប់​កំពូល​ប្រចាំ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺ​ដែល​កើតឡើង​ដោយសារ​វីរុស បាន​ថ្លែងថា លទ្ធផល​នៃ​ការ​បំបែក វ៉ា​រ្យ​ង់ អូ​មី​ក្រុង របស់ ហុងកុង បាន​ជួយ​ឱ្យ ចិនដីគោក បង្កើនល្បឿន​នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​វ៉ាក់សាំង​ដែល​ទាក់ទង។

ក្រៅពី​វ៉ាក់សាំង ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ ដំបូង​របស់ ប្រទេស​ចិន ក៏​អាច​រក្សា​ប្រសិទ្ធភាព​ក្នុងការ​បន្សាប វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ផងដែរ។

យ៉ាងណាក៏ដោយ សហគមន៍​អ្នកវិទ្យាសាស្ត្រ​នៅ ប្រទេស​ចិន ក៏បាន​សង្កត់ធ្ងន់​ទៅលើ​សារសំខាន់​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដើម្បី​បង្កើន​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ ប្រឆាំងនឹង SARS-CoV-2 ដែលជា​វីរុស​បង្កឱ្យមាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ (កូ​វីដ-១៩)។

អ្នកស្រាវជ្រាវ​អំពី​ជំងឺឆ្លង Zhang Wenhong ជឿជាក់ថា ប្រទេស​ចិន មាន​សក្ដានុពល​ខ្ពស់​ផ្នែក​បច្ចេកទេស ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​នឹង អូ​មី​ក្រុង។ ទន្ទឹមនឹងនេះ លោក​ក៏បាន​លើកឡើង​នូវ សេណា​រី​យ៉ោ ចំនួន ៣ ស្ដីពី​ការឆ្លង​រាលដាល​របស់ អូ​មី​ក្រុង។ សេណា​រី​យ៉ោ ដែល​អាក្រក់​បំផុត នោះ​គឺ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង មាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្ពស់ និង​បង្ក​អាការ​ធ្ងន់ធ្ងរ ធ្វើឱ្យ​ការចាក់​វ៉ាក់សាំង​ដូច​ជំរុញ លែងមាន​ប្រសិទ្ធភាព។

យោងតាម​លោក Zhang បើសិនជា​ករណី​ខាងលើ​កើតឡើង បណ្ដា​វ៉ាក់សាំង​ដែល​អាច​កម្ចាត់ វ៉ា​រ្យ៉​ង់ ច្រើន​ប្រភេទ​របស់ កូ​វីដ-១៩ នឹង​ក្លាយជា​វិធី​ប្រយុទ្ធប្រឆាំង​ដែល​សមស្រប​បំផុត ហើយ ប្រទេស​ចិន មាន​សក្ដានុពល​ក្នុងការ​អភិវឌ្ឍ​នូវ​ផលិតផល​ដូច្នេះ ដោយ​ប្រើពេល​តែ ២ ខែ​គត់៕

Advertisement