ពិនិត្យខ្លួនឯងទៅមើល៍…តើអ្នកគួរទទួលទាន “វីតាមីនបន្ថែម” ឬទេ?

នៅពេលអាយុកើនច្រើនឡើង ការមើលថែទាំសុខភាពក៏ត្រូវតែកើនច្រើនឡើងទៅតាមនោះដែរ។ មនុស្សជាច្រើនអាចមានអារម្មណ៍ថា ខ្លួនមិនបានរឹងប៉ឹងស្វាហាប់ដូចកាលពីវ័យនៅរៀន ឬអំឡុងពេលវ័យជំទង់ឡើយ ព្រោះធ្វើការបានមួយរយៈមក ក៏ចាប់ផ្ដើមមានរោគាជំងឺដង្កាត់សួររកមុខបែបមិនធ្លាប់ដូច្នោះពីមុនមកឡើយ មិនថាតែឈឺក្បាលម៉ៃក្រេន ចុកស្មា ឈឺសន្លាក់កដៃ ជំងឺក្រពះ រហូតទៅដល់ជំងឺខ្លាញ់រុំថ្លើម ឬ Cysts ជាដើម។

ក្រៅពីជំងឺដង្កាត់ហើយ បញ្ហាដែលមកព្រមជាមួយវ័យដែលមានដូចជា ជ្រុះសក់ កើតស្លាកស្នាម សាច់ស្បែកលែងស្រស់ថ្លា ភ្នែកស្រវាំងស្រអាប់ ឬមានភាពធុញថប់តានតឹងប្រមូលសន្សំច្រើនឡើងរហូតដល់គេងមិនលក់ក៏ចាប់ផ្ដើមកើតឡើងដែរ ដូច្នេះមុននឹងទិញវីតាមីនបន្ថែមមកទទួលទាន យើងនាំគ្នាមកមើលសិនថា តើយើងមានបញ្ហាទាំងអស់នេះឬទេ? បើមាន តើត្រូវទទួលទានវីតាមីនមួយណា?…។

សាច់ស្បែកស្ងួតក្រៀម មានស្លាកស្នាម មិនតឹងណែនរលោង

វីតាមីនបន្ថែមដែលណែនាំ ៈ វីតាមីន C ខូឡាជេន វីតាមីន A អូមេហ្កា3 សារធាតុដែក។

ជ្រុះសក់ ក្រចកដៃ-ជើងស្ដើងស្រួយ

វីតាមីនបន្ថែមដែលណែនាំ ៈ វីតាមីន B2 ជាតិស័ង្កសី។

មិនស្រួលខ្លួន គ្រុនផ្ដាសាយញឹកញាប់

វីតាមីនបន្ថែមដែលណែនាំ ៈ វីតាមីន C វីតាមីន B សារធាតុដែក។

សម្រាកមិនបានគ្រប់គ្រាន់ ប្រើខួរក្បាលច្រើន

វីតាមីនបន្ថែមដែលណែនាំ ៈ វីតាមីន B រួម អូមេហ្កា3។

ឆ្អឹង និងសន្លាក់នៅក្នុងរាងកាយចាប់ផ្ដើមចុករួយ

វីតាមីនបន្ថែមដែលណែនាំ ៈ វីតាមីន D A K កាល់ស្យូម ផូស្វ័រ។

រួយភ្នែក និងស្រវាំងមើលលែងសូវច្បាស់

វីតាមីនបន្ថែមដែលណែនាំ ៈ វីតាមីន A និងវីតាមីន B2។

ភាពធុញថប់ តានតឹងក្នុងអារម្មណ៍កើតឡើងច្រើន

វីតាមីនបន្ថែមដែលណែនាំ ៈ វីតាមីន B រួម វីតាមីន C និងម៉ាញេស្យូម។

តើចាំបាច់ត្រូវទទួលទានវីតាមីនបន្ថែមឬទេ?

ជាសំណួរដ៏ល្បីល្បាញមួយដែលមនុស្សជាច្រើនលួចគិតនៅក្នុងចិត្ត…វីតាមីនមួយប្រអប់ តម្លៃមិនមែនធម្មតាៗទេ តើយើងចាំបាច់ត្រូវតែទទួលទានវីតាមីនបន្ថែមមែនឬយ៉ាងណា?។ ចម្លើយក៏គឺ មិនចាំបាច់ទេ វីតាមីនបន្ថែមគ្រាន់តែជាជំនួយការសម្រាប់អ្នកដែលដឹងច្បាស់ថា ខ្លួនឯងមានភាពប្រថុយប្រថានក្នុងការបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ឬមិនសូវមានពេលមើលថែទាំខ្លួនឯងច្រើន អាចហៅបានថា ជាជំនួយការរបស់អ្នកទីក្រុងដែលត្រូវធ្វើការធ្ងន់ រហូតមិនអាចរៀបចំចំណីអាហារ និងបែងចែកពេលវេលាសម្រាប់ហាត់ប្រាណតាមតម្រូវការបាន។

តែនឹងក្លាយជារឿងល្អខ្លាំងណាស់ បើយើងអាចទទួលបានវីតាមីនទាំងអស់តាមរយៈអាហារដែលចម្អិនស្រស់ៗថ្មីៗ និងមានគុណប្រយោជន៍ខាងសារធាតុអាហារគ្រប់ទាំង 5ប្រភេទក្រុម ហាត់ប្រាណយ៉ាងជាប់លាប់ សម្រាប់ឱ្យគ្រប់គ្រាន់ និងរកពេលវេលាបន្ធូរអារម្មណ៍តានតឹងធុញថប់ដោយកិច្ចការងារដែលខ្លួនឯងចូលចិត្ត តែប៉ុណ្ណឹង លោកអ្នកមិនចាំាបាច់ចំណាយប្រាក់ជាមួយវីតាមីនតម្លៃច្រើនពាន់ច្រើនម៉ឺនបានបាត់ទៅហើយ។

តែបើមានអាការធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅជួបគ្រូពេទ្យវិញនោះ វីតាមីនបន្ថែមក៏អាចជាជម្រើសមួយទៀតក្នុងការជួយជីវិតលោកអ្នកបានដូចគ្នា ដូច្នេះត្រូវពិនិត្យមើលខ្លួនឯងថា តើមានភាពចាំបាច់ក្នុងការទទួលទានវីតាមីនបន្ថែមច្រើនតិចប៉ុនណា។

ចំណុចមិនល្អរបស់ការទទួលទានវីតាមីនបន្ថែម

បើយើងទទួលទានវីតាមីនបន្ថែមជាប់ៗគ្នាក្នុងរយៈពេលយូរជ្រុលពេក អាចធ្វើឱ្យរាងកាយបានទទួលវីតាមីនមួយនោះច្រើនលើសតម្រូវការ ថ្លើម និងក្រលៀនត្រូវធ្វើការខ្លាំងដើម្បីចម្រាញ់សារធាតុអាហារដែលត្រូវប្រើ និងត្រូវចោល ហើយការបានទទួលវីតាមីនបន្ថែមច្រើនជ្រុលពេក នៅអាចធ្វើឱ្យកើតជំងឺច្រើនឡើងបានដូចគ្នា ដូចជា បើសិនជាទទួលទានកាល់ស្យូមច្រើនជ្រុលពេក អាចប្រថុយនឹងការកើតក្រួសក្នុងក្រលៀន ឬឈាមហូរមិនឈប់ ឬពិបាកនឹងបញ្ឈប់(ពេលមានរបួស)បើសិនជាទទួលទានខ្លាញ់ត្រីច្រើនជ្រុលពេក ជាដើម។

ដូច្នេះ មុននឹងទទួលទានអាហារបន្ថែម គួរសិក្សាពីវិធី និងបរិមាណដែលគួរទទួលទាន ព្រមទាំងចងចាំចំណុចគួរប្រយ័ត្នផង ដើម្បីឱ្យបានទទួលមកតែគុណប្រយោជន៍របស់វីតាមីនបន្ថែមដូចដែលចិត្តយើងត្រូវការ៕

Advertisement