តើត្រូវគេងប៉ុន្មានម៉ោង ទើប “សមល្មម” នឹង “អាយុ”?

តើលោកអ្នកមានអារម្មណ៍ដូចគ្នាដែរឬទេ? រឹតតែអាយុច្រើន រឹតតែគេងបានតិច តែថ្ងៃណាដែលគេងច្រើនវិញ ក៏អាចនឹងមិនមែនមានអារម្មណ៍ស្រស់ថ្លា100ភាគរយជានិច្ចនោះដែរ។ នេះគឺដោយសារតែនៅពេលយើងធំឡើង រយៈពេលក្នុងការគេងលក់របស់យើងក៏ប្រែប្រួលទៅតាមអាយុរបស់យើងដែរ។ តើអាយុប៉ុន្មាន គួរគេងប៉ុន្មានម៉ោងទើបអាចហៅបានថា គេងបានគ្រប់គ្រាន់? យើងនាំគ្នាមកមើលទាំងអស់គ្នា…។

មូលនិធីការគេងលក់ ក្នុងប្រទេសអាមេរិកបានបញ្ជាក់អំពីរយៈពេលនៃការគេងលក់ដែលសមល្មម ដែលបែងចែកទៅតាមអាយុដូចតទៅ ៈ

– ទារកកើតដំបូង(អាយុ 0 – 3ខែ) គួរគេង 14 – 17ម៉ោងក្នុងមួយថ្ងៃ។

– ទារក(អាយុ 4 – 11ខែ) គួរគេង 12 – 15ម៉ោង។

– ក្មេង(អាយុ 1 – 2ឆ្នាំ) គួរគេង 11 – 14ម៉ោង។

– វ័យមត្តេយ្យ(អាយុ 3 – 5ឆ្នាំ) គួរគេង 10 – 13ម៉ោង។

– វ័យបឋម(អាយុ 6 – 13ឆ្នាំ) គួរគេង 9 – 11ម៉ោង។

– វ័យមធ្យម(អាយុ 14 – 17ឆ្នាំ) គួរគេង 8 – 10ម៉ោង។

– វ័យកំលោះ-ក្រមុំ(អាយុ 18 – 25ឆ្នាំ) គួរគេង 7 – 9ម៉ោង។

– វ័យធ្វើការ(អាយុ 26 – 64ឆ្នាំ) គួរគេង 7 – 9ម៉ោង ស្មើនឹងពេលវ័យកំលោះ-ក្រមុំ។

– វ័យជរា(អាយុ 65 ឡើងទៅ) គួរគេង 7 – 8ម៉ោង។

ទាំងអស់នេះគឺជារយៈពេលគេងដែលអ្នកជំនាញណែនាំថា នឹងល្អចំពោះរាងកាយខ្លាំងបំផុត តែក៏អាចបូក ឬលុប 1ម៉ោងបានខ្លះដែរក្នុងករណីខ្លះ ដូចជាក្នុងវ័យកំលោះ-ក្រមុំ ឬវ័យធ្វើការអាចគេង 6 ឬ10ម៉ោងបានដោយមិនមានន័យថា គេងតិច ឬច្រើនជ្រុលពេកនោះឡើយ។

យើងនឹងមើលឃើញថា អ្វីដែលយើងធ្លាប់បានរៀនមកកាលពីមុនថា គេងបាន 6 – 8ម៉ោងនឹងគ្រប់គ្រាន់ហើយនោះ ការពិតទៅ អ្នកដែលគេងបានតិចជាង 6ម៉ោងញឹកញាប់ អាចនឹងក្លាយជារឿងដែលថា គេងមិនបានគ្រប់គ្រាន់ ព្រោះរឹតតែគេងមិនបានគ្រប់គ្រាន់ជាប់ៗគ្នាយូរៗទៅ អាចនឹងហុចផលមិនល្អដល់សុខភាពក្នុងរយៈពេលវែងបាន៕

Advertisement