8 អាការដែលប្រថុយនឹងការ “គាំងបេះដូងភ្លាមៗ”

1 . ញ័រដើមទ្រូង ៈ បេះដូងលោតញាប់ មិនទៀងទាត់ ពេលខ្លះអាចមានអាការហត់ដង្ហក់រកកល់ខ្យល់គ។

2 . ឆាប់ហត់ ៈ នៅក្នុងសភាពពិតវិញ អាការឆាប់ហត់ក៏មានច្រើនមូលហេតុដែរ តែក៏ជាអាការមួយក្នុងចំណោមអាការរបស់ជំងឺបេះដូងដូចគ្នា។ ជាអាការហត់ក្នុងលក្ខណៈឆាប់រហ័ស ដកដង្ហើមលឿន ពេលខ្លះដង្ហក់ស្ទើរតែនិយាយមិនកើត។ ត្រូវសង្កេតមើលផងថា តើមានសំឡេងខណៈពេលដកដង្ហើមដែរឬទេ?។ បើមានអាការឆាប់ហត់ជាប់ជាប្រចាំ គឺចូលក្នុងសញ្ញាប្រថុយនឹងជំងឺបេះដូងហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យវិនិច្ឆ័យ និងរកវិធីព្យាបាលតទៅ។

3 . ហើមជើង ៈ នៅពេលការបឺតបាញ់ឈាមរបស់បេះដូងដំណើរការមិនល្អ ក៏អាចធ្វើឱ្យកើតអាការហើមជើងខុសប្រក្រតី ដែលពេលខ្លះក៏មិនដឹងពីមូលហេតុដែរ។

4 . ចុកណែនក្នុងដើមទ្រូង ៈ អាការចុកដើមទ្រូង ឬណែនដើមទ្រូងនេះ មនុស្សជាច្រើនអាចច្រឡំនឹងជំងឺទឹកអាស៊ីតក្នុងក្រពះហូរបញ្រ្ចាស់ ដោយសារតែពេលខ្លះក៏អាចមានអារម្មណ៍ថាឈឺចុក ឬចុករាលទៅដល់ដើមដៃបានដូចគ្នា។ លក្ខណៈរបស់ការចុកនឹងប្រៀបដូចមានអ្វីមកសង្កត់ពីលើដើមទ្រូង ដូច្នេះត្រូវចេះសង្កេត និងញែកអាការឱ្យបានត្រឹមត្រូវ។

5 . ងងឹតមុខ វិល និងខ្យល់គរញឹកញាប់ ៈ ដោយសារតែបេះដូងមានការឈប់ដំណើរការ ទើបធ្វើឱ្យបាត់ស្មារតីមួយខណៈពេល។ បើកើតអាការបែបនេះញឹកញាប់ មិនគួរបណ្ដោយឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ។

6 . ភ្ញាក់នៅពេលអធ្រាត្រ ព្រោះពិបាកដកដង្ហើម ៈ ជួនកាលយើងក៏ត្រូវការខ្យល់ដកដង្ហើមច្រើនជាងប្រក្រតីដែរ ទើបធ្វើឱ្យគេងមិនបាន ជាហេតុធ្វើឱ្យត្រូវភ្ញាក់ឡើងនៅពេលយប់ជ្រៅដើម្បីដកដង្ហើម ឬក្អកឱ្យមានអារម្មណ៍ថាធូរស្រាលឡើង។

7 . ពេលគេងផ្ងារហើយពិបាកដកដង្ហើម ៈ ​គ្រប់ពេលដែលទម្លាក់ខ្លួនគេងរាបស្មើ ឬគេងផ្ងារ ច្រើនតែពិបាកដកដង្ហើម ឬមានអារម្មណ៍ណែនថប់រហូតដកដង្ហើមមិនប្រក្រតី។

8 . ចូលចិត្តចូលបន្ទប់ទឹកកណ្ដាលយប់ ៈ បើភ្ញាក់ឡើងចូលបន្ទប់ទឹកនៅពេលយប់ជ្រៅដែលមិនមែនត្រឹមតែបត់ជើងតូច តែនៅមានអាការផ្សេងរួមជាមួយផងនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យពីមូលហេតុនេះហើយ។

វិធីជួយសង្រ្គោះអ្នកដែលអាចធ្លាក់ក្នុងសភាវគាំងបេះដូងភ្លាមៗ

នៅពេលជារឿងដែលពាក់ព័ន្ធជាមួយបេះដូង “ភាពលឿនរហ័ស” គឺជារឿងសំខាន់។ ដំបូងគេ អ្នកគួរប្រញាប់ប្រាប់ទៅបុគ្គលិកមន្ទីពេទ្យ ឬអង្គភាពសង្រ្គោះបន្ទាន់ ឬហៅរថយន្តសង្រ្គោះដែលនៅជិតបំផុតដើម្បីដឹកជនរងគ្រោះទៅមន្ទីពេទ្យឱ្យបានលឿនបំផុត។ ក្នុងអំឡុងរង់ចាំការជួយសង្រ្គោះ គួរឱ្យជនរងគ្រោះគេងផ្ងារ បែរមុខទៅម្ខាង(ខាងណាក៏បាន) និងសង្កេតមើលអាការជាដំណាក់ៗ បើចាប់ផ្ដើមមានអាការបេះដូងលែងដើរហើយ ត្រូវប្រញាប់ធ្វើការជួយសង្រ្គោះដោយចលនា CPR ជាបន្ទាន់។

វិធីការពារសភាវគាំងបេះដូងភ្លាមៗ

មនុស្សជាច្រើនមានក្ដីប្រហែសក្នុងជីវិត មិនចូលទៅទទួលការពិនិត្យរាងកាយប្រចាំឆ្នាំឡើយ ព្រោះយល់ថា រាងកាយនៅមាំទាំល្អ គ្មានជំងឺដង្កាត់អ្វីឡើយ និងថែមទាំងហាត់ប្រាណជាប្រចាំទៀតផង តែជំងឺនេះក៏មិនមែនថាមិនដែលបង្ហាញសញ្ញាដាស់តឿនមុននោះឡើយ ព្រោះបើអ្នកមានអារម្មណ៍ថាឈឺចុក ឬណែនដើមទ្រូងខណៈពេលហាត់ប្រាណ ដើរ ឬរត់ឡើងជណ្ដើរច្រើនជាន់ រាំរែក ឬចាប់ផ្ដើមធ្វើកិច្ចការណាធ្ងន់ៗនោះ គឺមានន័យថា អ្នកចាប់ផ្ដើមមានសុខភាពបេះដូងលែងមាំទាំហើយ ដូច្នេះគួរប្រញាប់ចូលទៅទទួលយកការត្រួតពិនិត្យបេះដូងជាបន្ទាន់។ ក្រៅពីនេះ រឿងអាហារការហូបចុកក៏សំខាន់ដែរ ព្រោះបើទទួលទានអាហារដែលបង្កឱ្យកើតមានខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាមច្រើនជ្រុលពេក ដូចជា សាច់ជាប់ខ្លាញ់ អាហារដុតអាំង រួមទាំងនំបង្អែមដែលផ្អែមខ្លាំងផ្សេងៗនោះ វាក៏ជាមូលហេតុដែលបង្កើនភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងទាន់ហន់បានដូចគ្នា៕

Advertisement