ប្រតិបត្តិការសម្រកទម្ងន់ក្រោយពេលប្រសូតបុត្ររួច

ស្រ្តីដែលទើបឆ្លងទន្លេរួចជាច្រើននាក់បានរអ៊ូឱ្យស្ដាប់ពាក់ព័ន្ធនឹងទម្ងន់ខ្លួនដែលមើលទៅដូចជាគ្មានសញ្ញាថានឹងស្រកចុះងាយៗនោះឡើយ ធ្វើឱ្យពួកគេពិបាកចិត្តខ្លាំង រហូតលែងចង់ញ៉ាំបាយទៀតផង។ នេះគឺជាបញ្ហាធំមួយរបស់ស្រ្តីដែលទើបប្រសូតបុត្ររួចគ្រប់រូប តែមិនចាំបាច់បារម្ភទេ ព្រោះអ្នកគ្រូ ឆវី មានវិធីគ្រប់គ្រងទម្ងន់ខ្លួនដោយមិនចាំបាច់វេទនាខ្លួនមកជម្រាបជូន ដោយគ្រាន់តែកែសម្រួលនិស្ស័យក្នុងការទទួលទានក៏អាចសម្រកទម្ងន់ខ្លួនបានដែរ។

– ញ៉ាំអាហារយ៉ាងមានតុល្យភាព ៈ គ្រប់គ្រងចំណែក និងបរិមាណអាហារពពួកបាយ និងម្សៅ បន្លែ ផ្លែឈើ ត្រី សណ្ដែក ស៊ុត ផ្សិត តៅហ៊ូ ផលិតផលធ្វើអំពីទឹកដោះ និងខ្លាញ់ ញ៉ាំឱ្យស័ក្តិសមល្មមក្នុងមួយថ្ងៃៗ។

– ញ៉ាំអាហារធម្មជាតិ មិនកែច្នៃ ៈ ដូចជា គ្រាប់ធញ្ញជាតិផ្សេងៗ បាយអង្ករសម្រូប ពោត មើមត្រាវ ដំឡូង សណ្ដែកខ្មៅ សណ្ដែកក្រហម និងគ្រាប់ធញ្ញជាតិដែលមានប្រេង ញ៉ាំតែល្មមសមរម្យដើម្បីជាប្រភពផ្ដល់ថាមពល វីតាមីន សារធាតុរ៉ែ និងកាកសរសៃអាហារ។

– ញ៉ាំបន្លែ និងផ្លែឈើដែលមានរសជាតិមិនផ្អែមខ្លាំង និងគ្រប់ 5ពណ៌ ៈ គឺពណ៌ស្វាយ ក្រហម បៃតង ស លឿងទុំ ដើម្បីបន្ថែមវីតាមីន សារធាតុរ៉ែ និងគីមីធម្មជាតិ សារធាតុគ្រាប់ពណ៌ក្នុងបន្លែផ្លែឈើបង្កើនប្រព័ន្ធការពារជំងឺ។

– ចេះញ៉ាំ ៈ គឺចេះចៀសវាងពីអាហារដែលមានខ្លាញ់ច្រើន ផ្អែមខ្លាំង និងប្រៃខ្លាំង ចេះញ៉ាំឱ្យតិច និងចេះតមមិនញ៉ាំតែម្ដង។

– ញ៉ាំអាហារល្មមតែឆ្អែត ៈ ក្នុងមួយពេលៗ មិនបរិភោគច្រើនជ្រុលពេក។ ទទួលទានបែប បន្លែ ៈ បាយ ៈ ក្រុមអាហារមានប្រូតេអ៊ីន = 2 ៈ 1 ៈ 1 ។

– ញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ ៈ អាហារពេលព្រឹក គឺជាពេលអាហារចម្បងដ៏សំខាន់ ត្រូវទទួលទានរាល់ថ្ងៃ ដើម្បីចែកចាយបរិមាណថាមពលអាហារឱ្យស័ក្តិសមនឹងតម្រូវការរបស់រាងកាយ ក្រៅពីនោះនៅជួយឱ្យរាងកាយមិនឃ្លានខ្លាំងនៅពេលរសៀល និងគ្រប់គ្រងអាហារពេលល្ងាច ដោយញ៉ាំតែបន្តិចបន្តួច។

– ញ៉ាំអាហារពេលល្ងាចតាំងពីថ្ងៃ ៈ ពេលសម្រាប់អាហារល្ងាច គួរញ៉ាំមុនយ៉ាងតិច 4ម៉ោងមុនពេលចូលគេង ព្រោះមិនដូច្នោះទេ អំឡុងពេលគេងលក់ ប្រព័ន្ធប្រសាទនឹងបញ្ជាឱ្យរាងកាយសម្រាក ដូច្នេះអាហារដែលញ៉ាំចូលទៅមុននឹងបន្តិចនឹងត្រូវរំលាយ និងក្លាយជាជាតិខ្លាញ់ប្រមូលសន្សំក្នុងរាងកាយ។

បានដឹងបែបនេះហើយ ក៏ត្រូវតែប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ផង ដើម្បីស្រ្តីជាម្ដាយវ័យក្មេងថ្មោងថ្មីទាំងឡាយមានរូបរាងស្វែលស្អាតគ្រប់ៗគ្នា និងអាចគ្រប់គ្រងបេះដូងស្វាមីជាប់ក្នុងដៃរហូត៕

Advertisement