15 នាទីសំខាន់ ជួយមនុស្សគាំងបេះដូង

មានជាច្រើនដងណាស់ដែលយើងតែងបានឮពីព័ត៌មានមនុស្សដែលស្ថិតក្នុងវ័យកំលោះក្រមុំត្រូវស្លាប់បាត់បង់ជីវិតមុនវ័យដោយអាការគាំងបេះដូង ដែលកាលពីពេលមុនយើងធ្លាប់តែនាំគ្នាជឿថា អាការនេះកើតនៅលើតែមនុស្សដែលមានអាយុច្រើនប៉ុណ្ណោះ តែក្នុងពេលបច្ចុប្បន្ន ស្ថានភាពសង្គមដែលផ្លាស់ប្ដូរ វិធីការហូបចុក ការសម្រាករបស់មនុស្សទីក្រុងបានផ្លាស់ប្ដូរខុសពីអតីតកាលយ៉ាងស្រឡះ។

ខណៈដែលមនុស្សជាច្រើនលើកបន្ទុកក្នុងការព្យាបាលទៅឱ្យគ្រូពេទ្យទាំងក្នុងការពិតវិញនោះ គ្រូពេទ្យ និងបុគ្គលិកខាងវេជ្ជសាស្រ្តគឺជា ចុងផ្លូវនៃការរក្សាជីវិត ព្រោះដើមផ្លូវនៃការរក្សាជីវិតឱ្យរស់នៅបានយ៉ាងល្អតាមអាយុខ័យនោះត្រូវចាប់ផ្ដើមពីយើងខ្លួនឯង ដូច្នេះយើងនាំគ្នាមកស្គាល់ រៀនយល់ដឹង និងការពារ រួមទាំងការជួយសង្គ្រោះអ្នកដែលត្រូវប្រឈមនឹងជំងឺបេះដូង ឬអាការគាំងបេះដូងទាន់ហន់នៅក្នុងបន្ទាត់ខាងក្រោមនេះ។

អាការគាំងបេះដូង

“គាំងបេះដូង” មានន័យពី សរសៃឈាមបេះដូងត្រូវស្ទះដោយទាំងអស់ បន្ទាប់ពីនោះសាច់ដុំបេះដូងនឹងចាប់ផ្ដើមឈប់ធ្វើការ អាការអាចនឹងយូរជាង 15 នាទី និងមិនធូរស្រាលដោយសារកោសិកាសាច់ដុំបេះដូងដែលខ្វះឈាមមកចិញ្ចឹមនោះនឹងចាប់ផ្ដើមស្លាប់ក្នុងរយៈពេលមិនប៉ុន្មាននាទីក្នុងម៉ោងដំបូងដែលកើតអាការឈឺចុកក្នុងបេះដូង។ អាការដែលបង្ហាញឱ្យឃើញគឺ ឈឺចុកដើមទ្រូង រាលមកបំពង់ក ដៃ និងធ្គាម នឹងមានញើសចេញមកច្រើនរហូតមានអារម្មណ៍ថារងាមួយកំណាត់ខ្លួនខាងលើ អាចមានអាការវិលមុខ ដកដង្ហើមមិនពេញរួមជាមួយទៀតផង។

វិធីជួយសង្គ្រោះនៅពេលជួបមនុស្សដែលមានអាការគាំងបេះដូង

ការជួយជីវិតបែបដែលហៅថា CARDIO-PULMONARY RESUSCITATION (CPR) មានន័យថា ការជំរុញបេះដូង ឬផ្លុំខ្យល់បញ្ចូលសួតដើម្បីឱ្យជនរងគ្រោះមានជីវិតឡើងវិញ។ អាចរាប់ថា ជាការសង្គ្រោះជីវិតដែលសំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេល 15 នាទី ដំបូងដែលអ្នកបានជួបមនុស្សមានអាការគាំងបេះដូង អ្នកមានឱកាសជួយឱ្យគេរស់ឡើងវិញបាន។

ចាប់ផ្ដើមដំបូង ត្រូវព្យាយាមប្រាប់ឱ្យមនុស្សដែលមកចោមរោមមើលជនរងគ្រោះចេញឱ្យឆ្ងាយសិន បន្ទាប់មកពិនិត្យមើលថា ជនរងគ្រោះនៅដកដង្ហើមដែរឬទេ? ចូរដោះខ្សែក្រវាត់ និងឡេវអាវដើម្បីឱ្យជនរងគ្រោះបាត់ភាពថប់តានតឹងឱ្យបានច្រើនបំផុត បន្ទាប់ពីនោះធ្វើការម៉ាស្សាបេះដូង ដោយប្រើបាតដៃដាក់ពីលើគ្នាសង្កត់ទៅលើឆ្អឹងសន្ទះទ្រូង ខាងលើចុងដង្ហើមបន្តិច សង្កត់ហើយលែងជាចង្វាក់មិនតិចជាង 100 ដងក្នុងមួយនាទី ដើម្បីជាការធ្វើម៉ាស្សាបេះដូងឱ្យធ្វើការឡើងវិញ និងត្រូវប្រញាប់ហៅឡានពេទ្យភ្លាមៗនៅពេលឃើញមនុស្សកើតអាការគាំងបេះដូង។

បើមានភាពប្រថុយប្រថានក្នុងការគាំងបេះដូង និងនៅតែម្នាក់ឯង គួរធ្វើយ៉ាងណា?

បើលោកអ្នកជាមនុស្សដែលមានភាពប្រថុយប្រថានក្នុងការគាំងបេះដូងទាន់ហន់ ដែលមានន័យថាអ្នកមានអាការរបស់ជំងឺទឹកនោមផ្អែម លើសឈាម ធាត់ជ្រុល ឬធ្លាប់មានអាការនេះពីមុនមកនោះ ការរៀនយល់ដឹងក្នុងការដោះខ្លួនឱ្យរស់ពេលដែលនៅតែម្នាក់ឯងនោះគឺជារឿងសំខាន់។ ការណែនាំដំបូង បើសិនមានអារម្មណ៍ថា ចុកណែនដើមទ្រូង និងមានអាការស្រដៀងនឹងបេះដូងចង់គាំងនោះ ចូរចាប់ផ្ដើមក្អកបែបដែលហៅថា Cough CPR ភ្លាម ដោយដកដង្ហើមចូលឱ្យវែងគ្រប់ពេលមុនការក្អក និងក្អកឱ្យដូចមានស្លេស្ម៍ក្នុងបំពង់ក។

កាេដកដង្ហើមចូលវែងៗ និងការក្អកត្រូវធ្វើជាបន្តបន្ទាប់រៀងរាល់ 2 វិនាទី និងក្អកជារឿយៗអាចជួសម្រាលអាការធ្ងន់ធ្ងរបាន និងធ្វើបែបហ្នឹងរហូតទាល់តែមានអ្នកមកជួយ ឬក៏បេះដូងដំណើរការជាប្រក្រតីឡើងវិញ និងក្រោយពីនោះត្រូវប្រញាប់ទៅមន្ទីពេទ្យភ្លាមកុំបង្អង់យូរ។

បើមានថ្នាំ អាស្ពីរីន នៅក្នុងផ្ទះ នៅពេលចាប់ផ្ដើមមានអាការមិនស្រួល ការលេបថ្នាំអាស្ពីរីនអាចជួយឱ្យចរន្តឈាមរត់ហូរវិលបានល្អ មិនផ្ដុំគ្នាជាដុំ តែទាំងអស់នេះ វាត្រឹមតែជាការណែនាំក្នុងករណីដែលលោកអ្នកនៅតែម្នាក់ឯងប៉ុណ្ណោះ ឯវិធីដែលល្អបំផុតនោះគឺព្យាយាម កុំឱ្យខ្លួនឯងស្ថិតក្នុងសភាវប្រថុយប្រថានអីប្រសើរជាង៕

Advertisement