រដ្ឋមន្ត្រីឱ្យមន្ទីរសុខាភិបាលយកចិត្តទុកដាក់បន្ថែមក្នុងការព្យាបាលជំងឺ Covid-19 និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃឈប់សម្រាក

ចាប់ពី​ចុង​សប្តាហ៍​នេះ​ទៅ ប្រទេស​កម្ពុជា​យើង​នឹង​ដល់​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ទូទាំងប្រទេស​ចំនួន 5ថ្ងៃ។ នៅក្នុង​រយៈពេល​នេះ មន្ត្រីរាជការ បុគ្គលិក​និយោជិត និង​ប្រជាជន​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក ដែល​អាច​នឹងធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា។

នៅ​ក្នុងឱកាស​ឈប់សម្រាក​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល បានចេញ​លិខិត​ចំពោះ​អភិបាល​រាជធានី​ខេត្ត ឱ្យ​ជំរុញ​ដល់​មន្ទីរ​សុខាភិបាល យកចិត្តទុកដាក់​បន្ថែ​ម​ដើម្បី​ជួយសង្គ្រោះ ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ Covid-19 គ្រោះថ្នាក់​ចរាចរណ៍ និង​ហានិភ័យផ្សេងៗ ក្នុងអំឡុងពេល​ឈប់សម្រាក​ចំនួន 5ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខនេះ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ផងដែរ​ដល់​ក្រុមគ្រូពេទ្យ​នៅ​ទូទាំងប្រទេស​ដែឡ​បាន​ខិតខំ​យកចិត្តទុកដាក់​សង្គ្រោះ ពិនិត្យ ថែទាំ និង​ព្យាបាល​ជំងឺ​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ជាពិសេស​ចាប់តាំងពី​ដើម​ឆ្នាំ 2020 នៃ​ការ​រាតត្បាត​វីរុស Covid-19 នៅក្នុង​ប្រទេស ក្នុង​តំបន់ និង​នៅលើ​សកលលោក៕

Advertisement