លោកជំទាវ ឱ វណ្ណឌីន ថាអ្នកជំងឺ Covid-19 នៅត្បូងឃ្មុំពិតជាលាប់មែន តែស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យយ៉ាងហ្មត់ចត់

បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា​មាន​អ្នកជំងឺ Covid-19 លាប់​ឡើងវិញ​នៅ​ខេត្ត​ត្បូងឃ្មុំ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ក៏​ចេញមក​បញ្ជាក់ថា​ករណី​នេះ​ពិតជា​កើតមាន​ពិតប្រាកដ​មែន តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​អ្នកជំងឺ​នោះ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ហ្ម​ត​ចត់។

លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា ពាក់ព័ន្ធ​នឹងមាន​ករណី​លាប់​ជំងឺ Covid-19 នៅ​ខេត្ត​ត្បូងឃ្មុំ ពិត​ជាមាន​ពិតប្រាកដ​មែន ដោយ​ករណីនេះ​មិនមែន​មានតែ​នៅក្នុង​ប្រទេស​យើង​នោះទេ ប្រទេស​ដទៃទៀត​នៅក្នុង​សកលលោក ក៏​ធ្លាប់មាន​ករណី​ដូចនេះ​ដូចគ្នា ហើយ​ករណី​លាប់​នេះ​ផងដែរ​គឺ​ពុំ​ត្រូវបាន​រាប់​ទៅក្នុង​ករណី​ថ្មី​នោះទេ ព្រោះ​ដើម្បី​ចៀសវៀង​ការភ័ន្តច្រឡំ​អំពី​តួលេខ នៃ​ចំនួន​អ្នក​ដែល​រកឃើញ​ថ្មី និង​ចំនួន​អ្នក​កំពុង​ព្យាបាល។

លោក​ជំ​ទា​វា​ថា តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក រាល់​ករណី​ដែល​ធ្វើតេស្ត​ពិនិត្យ​ទៅ​ឃើញ​អវិជ្ជមាន​ចំនួន​ពីរដង​ជាប់​គ្នា គឺ​ត្រូវបាន​សន្ម​ត់​ថា​ជាសះស្បើយ​ពី​ជំងឺ​Covid-19ហើយ។ ចំពោះ​បុគ្គល​រូបនេះ​ក៏​ដូចគ្នា ក្រោយ​ពិនិត្យឃើញថា​អវិជ្ជមាន​ចំនួន2ដង នឹងត្រូវ​បានអនុញ្ញាត​ឱ្យទៅ​គេហដ្ឋាន​វិញ តែ​ការ​ត្រលប់​ទៅ​គេហដ្ឋាន​វិញ​នេះ ចាំបាច់​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ និង​តាមដាន​សុខភាព​ខ្លួនឯង​ជា​បន្តទៀត មិន​អនុញ្ញាតឱ្យ​មានការ​ធ្វើដំណើ​រ​ទៅ​ទីណា​ផ្តេសផ្តាស​នោះទេ។ បុគ្គល​ដែលជា​សះស្បើយ​នេះ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ចំនួន14 ថ្ងៃ​បន្តទៀត​នៅ​កន្លែង​ដែល​ខ្លួន​រស់នៅ តាមរយៈ​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ដោយ​បារម្ភ​អំពី​ករណី​លាប់​ជំងឺ​នេះ។

បុរស​ដែល​លាប់​ជំងឺ​Covid-19នេះ មាន​អាយុ29ឆ្នាំ រស់នៅក្នុង​ខេត្តកណ្តាល។ គាត់​បាន​វិល​ត្រលប់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពីពេល​កន្លងមក។ បុរស​រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ចំនួន14 ថ្ងៃ​បន្ទាប់ពី​មកដល់ ហើយ​ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​Covid-18 និង​បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន2លើក គាត់​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យ​ត្រលប់​ទៅផ្ទះ​នៅ​ខេត្តកណ្តាល​វិញ ប៉ុន្តែ​បុរស​រូបនេះ បាន​សុំ​អនុញ្ញាត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​បន្ត​នៅផ្ទះ​ឯ​ស្រុកកំណើត នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ។  បន្ទាប់មក​គាត់​ត្រូវបាន​ធ្វើតេស្ត​ឃើញថា​មាន​វិជ្ជមាន​Covid-19ឡើងវិញ កាលពី​ថ្ងៃទី08 ខែសីហា។ ក្រសួង​បញ្ជាក់ថា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​បុរស​រូបនេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ ប្រមូលយក​សំណាក​ដើម្បី​ទៅធ្វើ​តេស្ត​វិភាគ​រក​មេរោគ​Covid-19 និង​ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រួចរាល់​ហើយ៕

Advertisement