គ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ ខុសគ្នាត្រង់ណា និង វិធីមើលថែទាំខ្លួន

អំឡុងពេលនេះចាប់ផ្តើមឈានចូលរដូវរងាហើយ ធាតុអាកាសក៏ប្រែប្រួលទៅតាមរដូវកាល បើរាងកាយយើងសម្របសម្រួលខ្លួនមិនទាន់ អាចនឹងធ្វើឱ្យកើតជំងឺផ្សេងៗបាន ដោយជំងឺដែលជួបប្រទះញឹកញាប់ក្នុងរដូវរងាភាគច្រើនគឺ ជំងឺគ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ ដូច្នេះយើងនាំគ្នាមកត្រៀមរាងកាយឱ្យរួចជាស្រេច ដើម្បីកុំឱ្យឈឺថ្កាត់ទាំងអស់គ្នា។

វេជ្ជបណ្ឌិតជំនាញសាខាអនាម័យបរិស្ថានវិទ្យា បានអធិប្បាយថា ជំងឺគ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ កើតដោយសារមេរោគវីរុស អាចចម្លងគ្នាបានយ៉ាងងាយ មេរោគនឹងចូលទៅក្នុងរាងកាយតាមច្រមុះ មាត់ និងភ្នែក។ មេរោគទាំងនេះស្ថិតនៅក្នុងលម្អងទឹកកំហាក សំបោរ ទឹកមាត់របស់អ្នកជំងឺដែលកណ្តាស ឬក្អកចេញមក។ ក្រៅពីនេះមេរោគនៅអាចជាប់នៅលើភាជនៈ របស់ប្រើប្រាស់ផ្សេងៗដែលមានប្រឡាក់លម្អងទឹកសំបោរ ឬទឹកមាត់របស់អ្នកជំងឺ។ ជំងឺនេះអាចរីករាលដាលយ៉ាងទូលំទូលាយបាននៅក្នុងទីកន្លែងដែលមានមនុស្សរស់នៅរួមគ្នាច្រើន និងគ្មានខ្យល់អាកាសបក់ចេញចូល។

គ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំខុសគ្នាត្រង់ណា

អាការសញ្ញារបស់គ្រុនផ្តាសាយនឹងចាប់ផ្តើមដោយការមានគ្រុនក្តៅ ឈឺក្បាល ក្អក កណ្តាស់ ឈឺ-ក អាចមានអាការរងាញាក់ទៀតផង តែសម្រាប់អ្នកដែលកើតជំងឺគ្រុនផ្តាសាយធំវិញ នឹងមានអាការធ្ងន់ធ្ងរជាងគឺ ក្តៅខ្លួនខ្លាំង រងាញាក់ ឈឺក្បាល និងវិលមុខខ្លាំង ឈឺនៅតាមឆ្អឹង និងសាច់ដុំ និងច្រើនតែមានអាការក្អួតចង្អោរគួបផ្សំជាមួយផង។ បើបានសម្រាកយ៉ាងគ្រប់គ្រាន់ និងបានទទួលការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ អ្នកជំងឺនឹងជាដាច់ពីជំងឺនេះបានក្នុងរយៈពេល 5 – 7 ថ្ងៃ។

តែអ្នកខ្លះអាចនឹងកើតរោគជ្រៀតជ្រែក ដូចជា រោគហើមសួត រោគរ៉ាំរ៉ៃ ដូចជា ហឺត ជំងឺសួតរ៉ាំរ៉ៃ រោគបេះដូង និងសរសៃឈាម រលាកបំពង់ក រលាកបំពង់ខ្យល់ ដែលអាចមានគ្រោះថ្នាក់ខ្លាំងជាពិសេសក្នុងក្រុមប្រថុយប្រថានដូចជា ស្រ្តីមានគភ៌ ជាដើម៕

Advertisement