ស្ថានភាព Covid-19 នៅកម្ពុជាកំពុងស្ថិតក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់ (Alarming)

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បញ្ហា​ជំងឺ Covid-19 នៅ​កម្ពុជា ហាក់​ចាប់ផ្តើម​បង្ហាញ​សញ្ញា​គួរឱ្យ​ព្រួយបារម្ភ​ឡើងវិញ បន្ទាប់ពី​មាន​ករណី​នាំចូល​ជា​បន្តបន្ទាប់​តាម​ជើងហោះហើរ​អន្តរជាតិ រហូតដល់​រដ្ឋាភិបាល​ប្រកា​សបិទ​ជើងហោះហើរ​បណ្តោះអាសន្ន​ពី​ប្រទេស​ម៉ា​លេ​ស៊ី និង​ឥណ្ឌូណេស៊ី។

ជុំវិញ​បញ្ហា​នេះដែរ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​លើកឡើងថា ស្ថានភាព​ជំងឺ Covid-19 នៅ​កម្ពុជា​បច្ចុប្បន្ននេះ​កំពុងស្ថិត​ក្នុងស្ថានភាព Alarming មានន័យថា​វា​ជា​ស្ថានភាព​មួយ​ដែល​ត្រូវតែ​ប្រុងប្រយ័ត្ន​ឱ្យបាន​ជាប់​ជានិច្ច។ បញ្ហា​នេះ​បណ្តាលមកពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស Covid-19 ជា​បន្តបន្ទាប់​ក្នុងចំណោម​អ្នកដំណើរ​ដែល​បាន​ចូលមក​ប្រទេស​កម្ពុជា ដោយ​កំណើន​នេះ​មាន​ចំនួន​ច្រើន ដែល​តម្រូវឱ្យ​យើងទាំងអស់គ្នា​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បន្ត​យកចិត្តទុកដាក់​លើ​អនាម័យ។

បន្ថែម​ពីលើ​នេះ​លោកជំទាវ​បាន​ក្រើន​រំ​ឮ​ក​កុំឱ្យ​ប្រជាជន​ភ្លេច​ពី​លទ្ធភាព​នៃ​ការចម្លង​វីរុស​នេះដែ​លអាច​កើតមាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។ វីរុស Covid-19 គឺ​ភាគច្រើន​កើតឡើង​នៅពេលដែល​បុគ្គល​ណាមួយ​ចល័ត ឬ​ធ្វើដំណើរ ដូច្នេះហើយ​រាល់ពេល​ដែល​ធ្វើដំណើរ ឬ​ចល័ត គឺ​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត។ បន្ថែម​ពីលើ​នេះ បន្ទាប់ពី​មានការ​សម្រេច​បិទ​ការហោះហើរ​ជា​បណ្តោះអាសន្ន​នៃ​ជើងហោះហើរ​ពី​ប្រទេស ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី នោះមក ជើងហោះហើរ​ដទៃទៀត ក៏​កំពុងស្ថិត​ក្នុងការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ផងដែរ ដោយ​ពិនិត្យមើល​ពី​ស្ថានភាព​ជាក់ស្តែង នៃ​វីរុស​Covid-19៕

Advertisement