ក្រសួងថា ជំងឺគ្រុនឈាមអាចនឹងកើនឡើងក្នុងពេលខាងមុខ សូមអាណាព្យាបាលប្រុងប្រយ័ត្ន

មកដល់​រដូវវស្សា​នេះ តំបន់​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​ចាប់ផ្តើម​មានទឹក​ដក់ និង​ក៏​ជា​ពេល​ចាប់ផ្តើម​កើតឡើង​វិញ​នូវ​ករណី​ជំងឺគ្រុនឈាម​សម្រាប់​កុមារ​ផងដែរ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ជំងឺគ្រុនឈាម​ក្នុងអំឡុងពេល 19សប្តាហ៍​ដើមឆ្នាំ 2020 នេះ​បាន​កើតឡើង​ចំនួន 2,172ករណី ដែល​ចំនួន​ករណី​ឈឺ នឹង​អាច​បន្ត​កើនឡើង​នៅតាម​ភូមិ ឃុំ និង​ទីប្រជុំជន​នៃ​បណ្តា​ខេត្ត​នាពេលខាងមុខ។

ជំងឺ​នេះ​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ ហើយ​វា​បង្កឡើង​ដោយ​សត្វ​មូស​ខ្លា​ញី​ខាំង​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត។ សត្វ​មូស​ខ្លា​បង្កើតកូន​ក្នុង​ទឹកថ្លា ស្អាត និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស ហើយ​វា​ហើរ​បាន​ចម្ងាយ​មិន​ដល់ 150ម៉ែត្រ​ទេ​ជុំវិញ​កន្លែង​វា​កើត។

តាម​ការស្រាវជ្រាវ​ផ្នែក​បាណក​សាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម បានឱ្យដឹងថា​សត្វ​មូស​ខ្លា​ចូលចិត្ត​បង្កើត​កូនចៅ នៅក្នុង​សំបក​កង់ឡាន និង​សំបក​ម៉ូតូចាស់11ដង ច្រើនជាង​វត្ថុ​សម្រាប់​ប្រើប្រាស់ផ្សេង។ ការសិក្សា​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​បានឱ្យដឹងថា ជំងឺគ្រុនឈាម​ក្នុង​រដូវវស្សា​កើតឡើង​ច្រើនជាង 2ដង បើ​ធៀប​នឹង​រដូវប្រាំង ហើយ​វា​មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយនឹង​កត្តា​អាកាសធាតុ​ដូចជា​កម្តៅ ចំនួន​ទឹក​ក្លៀ​ង និង​សំណើម៕

Advertisement