ជាង​99,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ធូរ​បន្ថយ​បម្រាម​គោចរ​

ជាង​99,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ធូរ​បន្ថយ​បម្រាម​គោចរ​

រដ្ឋ​ចំនួន​50​របស់​សហរដ្ឋ​អាមេរិក​​បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើការ​ដើរ​ហើរ​ដើម្បី​ចាប់​ផ្ដើមបើក​​ដំណើរ​ការ​សេដ្ឋ​កិច្ច​ទាំង​ស្រុង​ឡើង​វិញ​ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ក៏ដោយ។

យោង​តាម​ស្ថិតិ​របស់​គេហទំព័រ​ Worldometer គិត​មក​ដល់​បច្ចុប្បន្ន តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់​ជាង​99,200​នាក់​ គឺ​កើន​ជិត​600​នាក់​បើ​ធៀប​ជាមួយ​នឹង​ម្សិល​មិញ​។ ក្នុង​រយៈ​ពេល​24​ម៉ោង​មក​នេះ សហរដ្ឋ​អាមេរិក​​ក៏បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ជិត​18,000​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់​ជិត​1.7​លាន​នាក់​។

សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។​ តួលេខ​នៃ​​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ប្រទេស​នេះ​ ត្រូវ​បាន​គេ​ព្យាករ​ថា​នឹងកើន​ដល់​147,000​នាក់​ នៅ​ដើម​ខែ​សីហា​ខាង​មុខ។​

គិត​មក​ដល់​បច្ចុប្បន្ន រដ្ឋ​ចំនួន​50​របស់​សហរដ្ឋ​អាមេរិក​បាន​បន្ធូរ​បន្ថយ​បម្រាម​គោចរ​ ខណៈ​ដែល​កាល​ពី​សប្ដាហ៍​មុន​ រដ្ឋ​ចំនួន​11​​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19​ច្រើន​បំផុត​មិន​ធ្លាប់​មានពីមុន​មក ក្នុង​នោះ​រួម​មាន​រដ្ឋ​ Alabama, Arkansas, Minnesota, North Dakota, New Hampshire, Maryland, Maine, Nevada, Utah, Virginia និង​រដ្ឋ​ Wisconsin។

ក្រុម​មន្ត្រី​រដ្ឋ​ការ​នៃ​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​របស់ខ្លួន​ពាក់​ម៉ាស់​នៅ​ពេល​ចេញ​ទៅ​ទី​សាធារណៈ ក៏ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​នឹង​ការ​អំពាវ​នាវ​នេះ​។ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ គេ​ឃើញ​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បាន​ពាក់​ម៉ាស់​នៅ​ពេល​ដើរ​លម្ហែ​កាយ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នៃទីក្រុង​ Ocean City ក្នុង​រដ្ឋ​ Maryland៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Advertisement