មហា​កំពូល​រឹងមាំ!! លោកយាយ វ័យ 90 ប្រែក្លាយ​ខ្លួនឯង​ជា គ្រូបង្វឹក​ហ្វ៊ី​ត​នេស ទោះ​ក្បាច់​ពិបាក​ប៉ុនណា ក៏​មិន​ខ្លាច!

យើង​នាំគ្នា​មក​ស្គាល់ លោកយាយ «ថា​ឃិ​ឈិ​ម៉ាក់ មិ​កៈ» គ្រូបង្វឹក​ហ្វ៊ី​ត​នេស ដ៏​រឹងមាំ ទោះជា​អាយុ 90ឆ្នាំ​ហើយក៏​ដោយ តែ​នោ​តែ​មាំមួន បង្ហាត់​ក្បាច់​ហាត់ប្រាណ បាន​យ៉ាងសប្បាយៗ ចង់​ក្បាច់​ពិបាក​ប៉ុនណា ក៏​មិន​ខ្លាច​ដែរ!

អាច​និយាយបានថា អាយុ​មិនមែនជា​ឧបសគ្គ​សោះឡើយ​សម្រាប់ «ថា​ឃិ​ឈិ​ម៉ាក់ មិ​កៈ» លោកយាយ វ័យ 90ឆ្នាំ ដែល​ទោះជា​អាយុ​ច្រើន​ហើយក៏​ដោយ តែ​ក៏​នៅតែ​មាំមួន ជា​គ្រូបង្វឹក​ហាត់ប្រាណ និង​ថែមទាំង​ប្រាប់ថា នឹងធ្វើ​ការងារ​នេះ រហូតដល់​អាយុ​គ្រប់ 100ឆ្នាំ​ទៀតផង។

លោកយាយ ថា​ឃិ​ឈិ​ម៉ាក់ កើត​នៅ​ថ្ងៃទី15 ខែមករា ឆ្នាំ1931 បាន​និយាយ​រៀបរាប់​អំពី​ការ​ក្លាយជា​គ្រូបង្វឹក​ហាត់ប្រាណ​នេះ​ថា លោកយាយ​រៀបការ​តាំងពី​អាយុ 29ឆ្នាំ បន្ទាប់ពីនោះ ក៏​បំពេញ​តួនាទី​ជា​មេផ្ទះ​រហូតមក ធ្វើឱ្យ​មិនសូវមាន​ពេលវេលា​មើលថែទាំ​ខ្លួនឯង​ប៉ុន្មាន​ឡើយ និង​ត្រូវគេ​សួរនាំ​រឿង​ទម្ងន់​ខ្លួន(ធាត់)ជាប្រចាំ។ រហូតដល់​អាយុ 65ឆ្នាំ ទើប​សម្រេចចិត្ត​ធ្វើការ​ហាត់ប្រាណ​យ៉ាងពិត​ប្រាកដ។

តម​ក ពេល​លោកយាយ​ថា​ឃិ​ឈិ​ម៉ាក់ អាយុ 79ឆ្នាំ ក៏​ចាប់ផ្ដើម​ជួល​គ្រូបង្វឹក​មក​បង្ហាត់​ក្បាច់​ហាត់ប្រាណ។ ច្រើន​ឆ្នាំ​ក្រោយមក គ្រូបង្វឹក​ក៏​មើលឃើញ​ទេពកោសល្យ និង​ក្ដី​ព្យាយាម​របស់លោក​យាយ ក៏​សាកល្បង​ស្នើឱ្យ​លោកយាយ​មក​ធ្វើជា​គ្រូបង្វឹក​ម្ដង។ លោកយាយ ក៏​ឆ្លើយ​យល់ព្រម និង​ក្លាយជា​គ្រូបង្វឹក​ហ្វ៊ី​ត​នេស នៅពេល​អាយុ 87ឆ្នាំ។

«ខ្ញុំ​ចូល​ក្លិប​ហ្វ៊ី​ត​នេស​ហាត់ប្រាណ ព្រោះ​ត្រូវការ​សម្រក​ទម្ងន់​តែប៉ុណ្ណោះ ពេល​សម្រក​បានសម្រេច​ហើយ តម​ក ខ្ញុំ​ក៏​ចង់បាន​រាងកាយ​ផ្នែក​ខាងក្រោម​ឱ្យ​រឹងប៉ឹង និង​តាម​ដោយ​ការចង់បាន​ស្មា​បើក​ធំ និង​ចង្កេះ​រៀវ ហើយ​នៅពេល​ដឹងខ្លួន​ម្ដងទៀត ខ្ញុំ​ក៏​កំពុង​បង្ហាត់​ក្បាច់​ហាត់ប្រាណ​ដល់​អ្នក​ឯទៀត​ទៅហើយ»

ចំណែក​គន្លឹះ​ក្នុងការ​មើលថែទាំ​សុខភាព លោកយាយ​ថា​ឃិ​ឈិ​ម៉ាក់ ប្រាប់ថា មិនដែល​គ្រប់គ្រង​ការហូបចុក​ទេ គ្រាន់តែ​ប្រយ័ត្ន​អ្វីដែល​យើង​ញ៉ាំ​ចូលទៅ​ប៉ុណ្ណោះ។ លោកយាយ​ចូលចិត្ត​ទទួលទាន​អាហារ ពពួក​ជ្រក់​ត្រាំ គិ​ម​ឈី ណាត់​តូ មិ​សូ ចំណែក​បន្លែ និង​អាហារ​ពពួក​ប្រូតេអ៊ីន​ក៏​សំខាន់​ដែរ គួររៀបចំ​ឱ្យមាន​តុល្យភាព តាម​ដោយ​ការ​ក្រេប​ស្រាក្រហមស្រាលៗ និង​ប្រកាន់​ទស្សនៈ “ហាត់ប្រាណ​ឱ្យ​ស្មើគ្នា​នឹង​ញ៉ាំ។

ឧទាហរណ៍​ដូចជា អាហារ​ពេលព្រឹក លោកយាយ​នឹង​ទទួលទាន ណាត់​តូ ស៊ុត​ឆៅ បន្លែ​ជ្រក់ ស៊ុប​មី​សូ និងផ្សេងៗទៀត ដែល​ល្អ​ចំពោះ​ពោះវៀន និង​ប្រព័ន្ធ​រំលាយ​អាហារ។ អាហារ​ថ្ងៃត្រង់ នឹង​ទទួលទាន​បែបស្រាលៗដូចជា ផ្លែ​ចេក យ៉ា​អួ ចំណែក​អាហារ​ពេល​ល្ងាច មាន​បន្លែ​ភាគច្រើន និង​ញ៉ាំ​ស្រាក្រហម 1កែវ​ពេញ។

លោកយាយ ថា​ឃិ​ឈិ​ម៉ាក់ ចំណាយពេល​គេង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដោយ​ចូលសម្រាន្ត​តាំងពី​ម៉ោង 23.00 និង​ភ្ញាក់​នៅ​អំឡុង​ម៉ោង 03.00-05.00ម៉ោង ដើម្បី​ហាត់ប្រាណ​នៅពេល​ព្រឹក​ព្រលឹម ដោយ​ការដើរ និង​រត់​យ៉ាងតិច 2ម៉ោង ឬ​បើ​រាប់​ជំហាន ត្រូវ​ដើរ ឬ​រត់​យ៉ាងតិច 15,000ជំហាន និង​មុន​ចូលសម្រាន្ត តែង​ធ្វើ​ម៉ាស្សា​ជើង ជាប្រចាំ ដើម្បី​ជាការ​ជំរុញ​ចលនា​ម្រាមជើង និង​បាតជើង។

ការ​ក្លាយ​មកជា​គ្រូបង្វឹក​ហ្វ៊ី​ត​នេស ឬ​គ្រូបង្វឹក​ហាត់ប្រាណ​នៅពេលដែល​អាយុ​ច្រើន​បែបនេះ មិនមែនជា​រឿង​ងាយ​ឡើយ តេ​ក៏​មិនមែនជា​រឿង​ពិបាក​ដែរ ដោយ​លោកយាយ​ថា​ឃិ​ឈិ​ម៉ាក់ យល់ឃើញថា បើ​យើង​ធ្វើ​បានល្អ​បំផុត ព្យា​យម​ឱ្យដល់​ទីបំផុត យើង​ក៏​អាច​ទទួលបាន​ជោគជ័យ​ដែរ និង​ដែល​សំខាន់​អាយុ គ្រាន់តែ​ជា​តួលេខ គ្មាន​នរណា​ចាស់​ហួស​នឹង​ចាប់ផ្ដើម​អ្វីមួយ​នោះឡើយ៕

ប្រភព៖ Nippon,be-story
ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

Advertisement