“រក្សាគម្លាតឆ្ងាយពីគ្នា – លាង​សម្អាត​ដៃ – ​​ពាក់​ម៉ាស់​ការពារ” ​ជា​បែបបទជីវិតបែបថ្មី ក្រោយស្ងាត់កូវីដ-19…

“រក្សាគម្លាតឆ្ងាយពីគ្នា - លាងសម្អាតដៃ - ពាក់ម៉ាស់ការពារ” ជាបែបបទជីវិតបែបថ្មី ក្រោយស្ងាត់កូវីដ-19...

ច្រើនជាង 5លាននាក់ហើយ សម្រាប់តួលេខអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោក តែទាំងអស់នោះ នៅមិនទាន់ស្មើនឹងចំនួនអ្នកដែលបានទទួលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីក្នុងគ្រានេះនៅឡើយ ជាពិសេស ផលប៉ះពាល់ខាងសេដ្ឋកិច្ច សង្គម និងបែបបទជីវិតការរស់នៅ…។

មិនអាចបដិសេធបានឡើយថា កូវីដ-19 គឺជាអ្នកជំរុញប្រតិកម្មសំខាន់ៗ ដែលហុចផលឱ្យមនុស្សម្នាទូទាំងពិភពលោក ត្រូវតែផ្លាស់ប្ដូរទង្វើ និងឡៃហ្វ៍ស្តាយល៍របស់ពួកគេ ពីការនិយមប្រើលុយទិញភាពងាយស្រួលសុខសប្បាយ ដូចជា ការញ៉ាំ ផឹកស៊ី ដើរលេង ដើរទិញទំនិញ រស់នៅក្រៅផ្ទះ ដើរកម្សាន្តយ៉ាងសេរី ដោយបន្ទាប់ពីនេះទៅ មនុស្សម្នាចំនួនដ៏ច្រើន នៅក្នុងប្រទេសជាច្រើន ប្រហែលជាមិនអាចបែរត្រឡប់មករស់នៅបែបដូចកាលពីពេលមុនបានឡើយ និងប្រហែលជាលែងដូចមុនទៀតហើយ ប្រភេទដែលចូលចិត្តដើរឆេកអ៊ីនតាមទីកន្លែងផ្សេងៗ ហើយផូស្តដាក់ហ្វេសប៊ុក ហោះទៅទិញទំនិញនៅបរទេស តាមរយៈក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក ឬឡូវ៍ខូសអ៊ែរឡាញ រៀងរាល់ខែ ឬសូម្បីតែការជប់លៀងសប្បាយផ្សេងៗ ក៏ប្រហែលជាពិបាកនឹងធ្វើបានដូចកាលពីមុនខ្លាំងណាស់។

នោះគឺ ជីវិតបន្ទាប់ពីនេះទៅ នឹងត្រូវរស់នៅក្នុងបន្ទាត់បទដ្ឋានថ្មីមួយ (New Norm) និងវិធីប្រតិបត្តិបែបថ្មី (New Normal)ហើយ។

New Normal មិនមែនជាវាក្យស័ព្ទបញ្ញត្តិថ្មីនោះទេ តែវាកើតមានឡើងតាំងពីពេលកើតវិបត្តិសេដ្ឋកិច្ច ហ៊ែមប៊ើហ្គើរ នៅក្នុងប្រទេសសហរដ្ឋអាមេរិក ក្នុងឆ្នាំ2007-2009 មកម្ល៉េះ។

លោក Bill Gross ស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ជនជាតិអាមេរិកាំង គឺជាមនុស្សដំបូងគេដែលនិយាយពាក្យនេះ ដើម្បីដាស់តឿនស្មារតីពលរដ្ឋអាមេរិកាំងទាំងឡាយថា ក្រោយពីវិបត្តិសេដ្ឋកិច្ច គ្រប់យ៉ាងនឹងមិនដូចពីមុនទៀតឡើយ ដូច្នេះ កុំរវល់តែនឹកសង្ឃឹមថា ជីវិតនឹងវិលត្រឡប់មកហ៊ឺហា បានដូចមុន កណ្ដាលបំណុលដ៏ច្រើនមហាសាល និងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនោះឱ្យសោះ។

រួចហើយនៅឆ្នាំ2020 នេះ ពាក្យថា New Normal ត្រូវបាននាំយកមកប្រើជាថ្មីម្ដងទៀត ក្នុងវិបត្តិការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 តែលើកនេះមិនមែនដាស់តឿនត្រឹមតែជនជាតិអាមេរិកាំងប៉ុណ្ណោះទេ តែជាការប្រាប់ទៅមនុស្សទូទាំងពិភពលោកថា ជីវិតបន្ទាប់ពីនេះទៅ នឹងក្លាយជារឿងថ្មីៗ ដែលមិនដូចពីដើម ទាំងរឿងការហូបចុក ការរស់នៅ និងការប្រាស្រ័យទាក់ទងគ្នា។

រឿងមួយ ក្នុងចំណោមភាពមិនដូចពីដើម ដែលមនុស្សជាច្រើន ចាប់ផ្ដើមកែសម្រួល និងកាន់តែស៊ាំធ្លាប់ខ្លាំងឡើងនោះគឺ ការរក្សាគម្លាតពីគ្នាខាងរាងកាយ ឬ Physical Distancing ដែលអង្គការសុខភាពពិភពលោក បានកំណត់ឱ្យប្រើជំនួសពាក្យថា ការរក្សាគម្លាតខាងសង្គម ឬ Social Distancing។

លោក Daniel Aldrich សាស្ត្រាចារ្យផ្នែករដ្ឋសាស្ត្រ និងនយោបាយសាធារណៈ នៃមហាវិទ្យាល័យ ណូស អ៊ីស្ទើន ជាមនុស្សម្នាក់ដែលចេញមកគាំទ្រការប្រើពាក្យថា រក្សាគម្លាតពីគ្នាខាងរាងកាយ ព្រោះវាធ្វើឱ្យមើលឃើញទិដ្ឋភាពយ៉ាងច្បាស់ថា ជាគម្លាតខាងរាងកាយ មិនមែនជាការតភ្ជាប់ខាងសង្គម។

លោក អាលឌ្រិស ប្រាប់ថា ចាំបាច់ត្រូវតែទំនាក់ទំនងឱ្យមនុស្សម្នាយល់ដឹង អំពីភាពខុសប្លែករបស់ពាក្យ 2ប្រយោគនេះ ព្រោះមនុស្សយើងគួរតែមានការតភ្ជាប់ខាងសង្គម ដោយការរក្សាគម្លាតពីគ្នាខាងរាងកាយ។ ការប្រើពាក្យថា គម្លាតខាងសង្គម អាចធ្វើឱ្យកើតមានការយល់ខុសថា ត្រូវកាត់ផ្ដាច់ការទំនាក់ទំនងជាមួយសង្គម ក្រុមគ្រួសារ ឬមនុស្សដែលយើងស្រឡាញ់ ដែលវានឹងធ្វើឱ្យទទួលបានលទ្ធផលផ្ទុយពីអ្វីដែលត្រូវការទំនាក់ទំនង ឬត្រូវការឱ្យកើតមានការផ្លាស់ប្ដូរទង្វើ…។

លោកបានឱ្យហេតុផលថា ពាក្យថា រក្សាគម្លាតខាងសង្គម ជាពាក្យដែលប្រើក្នុងផ្នែកជំងឺរាតត្បាតវិទ្យា និងសាធារណៈសុខាភិបាល មានន័យថា ជាការសាងទីតាំងរបស់រាងកាយរវាងមនុស្ស 2នាក់ និងចៀសវាងពីការផ្ដុំគ្នាក្នុងចំនួនច្រើន។

លោកនិយាយថា “ខ្ញុំគិតថា ការព្យាយាមក្នុងការធ្វើឱ្យការឆ្លងរាតត្បាតរបស់វីរុសថយយឺតជាងមុននោះ គួរតែគាំទ្រឱ្យសង្គមស្អិតល្មួតគ្នាខ្លាំងឡើង ដោយគ្រាន់តែរក្សាគម្លាតខាងរាងកាយ”។

ខណៈដែលអ្នកស្រី Maria Van Kerkhove អ្នកជំនាញខាងជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក ឬWHO បានប្រាប់ថា តិចណូឡូជី នាពេលបច្ចុប្បន្នបានឈានទៅឆ្ងាយណាស់ហើយ យើងអាចតភ្ជាប់ជាមួយសង្គមបាន ដោយមិនចាំបាច់ត្រូវមានការប៉ះពាល់ ឬនៅជិតស្និទ្ធនឹងគ្នាទេ ហើយអ្វីដែល WHO ប្ដូរមកប្រើពាក្យ រក្សាគម្លាតខាងរាងកាយ ជំនួសពាក្យរក្សាគម្លាតខាងសង្គម នេះ ក៏ព្រោះតែយើងត្រូវការឱ្យមនុស្សម្នាធ្វើការទំនាក់ទំនងឆ្លើយឆ្លងគ្នា។ ដូច្នេះ អ្វីដែលនឹងកើតឡើងបន្ទាប់ពីនេះ យើងនឹងបានឃើញទិដ្ឋភាពមនុស្សអង្គុយកៅអីរំលងចន្លោះពីគ្នាមួយៗ នៅក្នុងយន្តហោះ រថយន្តក្រុង ឬសូម្បីតែសេវាដឹកជញ្ជូនសាធារណៈក្នុងរូបបែបផ្សេងៗគ្នាទៀតផង។

ការឈរឆ្ងាយពីគ្នាយ៉ាងតិច 1.5 – 2ម៉ែត្រ ក្នុងការរង់ចាំដើម្បីបានប្រើសេវាកម្មភោជនីយដ្ឋាន ហាងផ្សារទំនើប ជាពិសេសក្នុងភោជនីយដ្ឋាន ការអង្គុយញ៉ាំអាហារម្នាក់ៗឯង ឬការរៀបចំតុឱ្យនៅឆ្ងាយៗពីគ្នា និងមិនអង្គុយរួមគ្នាច្រើនៗនាក់ ប្រហែលនឹងក្លាយជាវប្បធម៌ថ្មី ដែលនឹងកើតឡើងបន្ទាប់ពីនេះ។

ទង្វើរបស់អ្នកប្រើប្រាស់សេវាកម្ម ឬអ្នកបរិភោគ ភាគច្រើននឹងផ្លាស់ប្ដូរ មនុស្សនឹងពាក់ម៉ាស់អនាម័យការពារ និយាយគ្នាច្រើនឡើង ជាការពាក់ម៉ាស់ដើម្បីការពារការចម្លង និងឆ្លងមេរោគ មិនមែនក្នុងន័យប្រៀបធៀបនោះទេ។ ការពាក់ម៉ាស់អនាម័យការពារ គឺ New Normal ពិតប្រាកដ ក្នុងពេលដែលត្រូវធ្វើដំណើរចេញពីផ្ទះគ្រប់គ្រា។

ជេលអាល់កុល និងទឹកអាល់កុល នឹងក្លាយជាវត្ថុចាំបាច់ដែលត្រូវមានក្នុងកាបូបជាប់រហូត ដូចដែលមនុស្សចាស់ ត្រូវមានប្រេងខ្យល់ ប្រេងកូឡាជាប់ខ្លួនដូច្នោះដែរ។ ដូចគ្នានឹងស្រោមដៃ ហ្វេសស៊ីលដ៍ នឹងក្លាយជាឧបករណ៍ដែលមនុស្សងាកមករកទិញ និងយកមកប្រើជារបស់ធម្មតាប្រក្រតី រួមទាំងការលាងដៃ ដែលជាសុខៈនិស្ស័យ ដែលធ្លាប់មានការព្យាយាមប្រាប់ឱ្យមនុស្សម្នាមានទង្វើលាងដៃឱ្យបានញឹកញាប់ តែមិនបានសម្រេចនោះ ពេលនេះពួកគេនឹងនាំគ្នាងាកមកលាងដៃកាន់តែញឹកញាប់ឡើង ដោយមិនចាំបាច់បង្ខំ ឬណែនាំច្រើនដងឡើយ។

អ្នកវិភាគបានវាយតម្លៃថា កូវីដ-19 គឺជាអ្នកជំរុញ Trend នាពេលអនាគតឱ្យឆាប់កើតឡើង ដោយអ្វីដែលគេនាំគ្នារំពឹងថា នឹងក្លាយជា New Normal ក្រោយពីវិបត្តិកូវីដ-19 ដូចជា ទង្វើការប្រើអ៊ីនធើណិត ការរៀនតាមអនឡាញ ឬការធ្វើការងារពីផ្ទះ ការប្រជុំតាមអនឡាញ ការកុម្ម៉ង់ទិញទំនិញតាមអនឡាញ ការធ្វើជំនួញខាងហិរញ្ញវត្ថុ ការមើលខ្សែភាពយន្តតាមប្រព័ន្ធអនឡាញ ជាដើម។

ការគូសខ្សែបែងចែកនៅក្នុងបន្ទប់ជណ្ដើរយន្ត ឱ្យឈរឆ្ងាយពីគ្នា បែរមុខចេញពីគ្នា ចៀសវាងពីការនិយាយគ្នានៅក្នុងបន្ទប់ជណ្ដើរយន្ត ការទំនាក់ទំនងឆ្លើយឆ្លងគ្នាខាងប្រព័ន្ធអេឡិចត្រូនិក ដូចជា តាម Line ឬ Video Call ផ្សេងៗ ជំនួសការទៅជួបគ្នាដោយផ្ទាល់ ការប្រជុំតាមរយៈតិចណូឡូជីក្នុងប្រព័ន្ធ ឬប្លាតហ្វ៉មផ្សេងៗ ជំនួសការប្រជុំ ឬសិក្ខាសាលា រួមទាំងការសម្រេចចិត្តប្រើប្រាស់លុយកាក់ក្នុងការចាយវាយផ្សេងៗ មនុស្សនឹងមានការគិតច្រើនជាងមុន ប្រយ័ត្នប្រយែងច្រើនជាងមុន កាត់បន្ថយការទិញទំនិញខ្ជះខ្ជាយ ដោយអាចនឹងងាកមកទិញការធានារ៉ាប់រងសុខភាព ឬធានារ៉ាប់រងជីវិតកាន់តែច្រើនឡើងផងដែរ៕

ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement