ដំណឹងល្អ!! WHO ជឿជាក់ថា នឹងមានវ៉ាក់សាំងព្យាបាលកូវីដ-19 ប្រមាណជា 200លានដូស នៅចុងឆ្នាំនេះ

ដំណឹងល្អ!! WHO ជឿជាក់ថា នឹងមានវ៉ាក់សាំងព្យាបាលកូវីដ-19 ប្រមាណជា 200លានដូស នៅចុងឆ្នាំនេះ

ទីភ្នាក់ងារព័ត៌មាន សៅថ៍ ឆាយណា ម៉រនីង ផូស្ត បានរាយការណ៍ថា អង្គការសុខភាពពិភពលោក(WHO) កាលពីថ្ងៃព្រហស្បតិ៍ ទី18 មិថុនាម្សិលមិញ បានថ្លែងថា ខ្លួនជឿជាក់ថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-19 ប្រមាណជា 200លានដូស អាចនឹងត្រូវផលិតចេញមកក្នុងអំឡុងចុងឆ្នាំនេះ និងមានគោលដៅដំបូងគេគឺ ជួយដល់ក្រុមមនុស្សដែលទន់ខ្សោយចំពោះមេរោគវីរុសនេះខ្លាំងជាងគេបំផុតជាមុនសិន។

អង្គភាពសុខភាពសាធារណៈ នៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា ពួកគេកំពុងធ្វើការងារក្រោមការប៉ាន់ប្រមាណដែលថា វ៉ាក់សាំងចំនួន 2,000លានដូស នឹងត្រូវផលិតឡើងនៅក្នុងអំឡុងចុងឆ្នាំ2021 ក្នុងខណៈដែលក្រុមហ៊ុនផលិតឱសថទាំងឡាយ កំពុងនាំគ្នាប្រញាប់រួសរាន់យ៉ាងពេញទំហឹង ក្នុងការព្យាយាមស្វែងរកវ៉ាក់សាំងផ្សេងៗទៀត ដែលអាចព្យាបាលអាការជំងឺដែលបណ្ដាលមកពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី យ៉ាងមានប្រសិទ្ធភាព។

លោកស្រីវេជ្ជបណ្ឌិត សូមៀ ស្វាមីណាថាន ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក បានថ្លែងថា ក្រុមអ្នកស្រាវជ្រាវទាំងឡាយកំពុងដំណើរការស្រាវជ្រាវវិភាគអនាគតវ៉ាក់សាំងផ្សេងៗច្រើនជាង 200ប្រភេទទូទាំងពិភពលោក ក្នុងនោះមានប្រមាណជា 10ប្រភេទដែលបានចូលទៅដល់ដំណាក់កាលនៃការសាកល្បងនៅលើមនុស្សហើយ។ លោកស្រីបានថ្លែងតាមរយៈវីដេអូថា “បើយើងសំណាងល្អខ្លាំងនោះ យើងនឹងមានអនាគតវ៉ាក់សាំងដែលទទួលបានជោគជ័យ 1 ឬ 2យ៉ាង មុនដំណាច់ឆ្នាំនេះ”។

ទាំងអស់នេះ លោកស្រីបានបញ្ជាក់អំពីក្រុមមនុស្ស 3ក្រុម ដែលត្រូវការវ៉ាក់សាំងឈុតដំបូងៗខ្លាំងជាងគេបំផុត ដែលមានដូចជា ទី1 មន្ត្រីដែលប្រតិបត្តិការនៅជួរមុខ ដែលប្រថុយក្នុងការឆ្លងមេរោគខ្ពស់បំផុត ដូចជា គ្រូពេទ្យ និងប៉ូលិស ជាដើម។ ទី2 ក្រុមបុគ្គលដែលទន់ខ្សោយចំពោះមេរោគវីរុសខ្លាំងបំផុត ដូចជា មនុស្សចាស់ជរា និងអ្នកជំងឺទឹកនោមផ្អែម និងទី3 ក្រុមបុគ្គលដែលរស់នៅក្នុងសភាពបរិស្ថានដែលមេរោគអាចសាយភាយបានដោយងាយ ដូចជា ទីប្រជុំជនអនាធិបតេយ្យ និងមណ្ឌលមើលថែទាំមនុស្សចាស់ជរា ជាដើម។

លោកស្រីវេជ្ជបណ្ឌិត ស្វាមីណាថាន បានថ្លែងថា “អ្នកចាំបាច់ត្រូវចាប់ផ្ដើមដោយក្រុមមនុស្សដែលទន់ខ្សោយបំផុត ហើយបន្ទាប់ពីនោះ វ៉ាក់សាំងក៏នឹងតម្រង់ឆ្ពោះជាបណ្ដើរៗទៅរកក្រុមមនុស្សផ្សេងៗបន្ថែមទៀត…យើងកំពុងធ្វើការក្រោមចំណុចប៉ាន់ប្រមាណដែលថា យើងអាចនឹងមានវ៉ាក់សាំងចំនួន 200លានដូសនៅចុងឆ្នាំនេះ ព្រោះវាកំពុងមានការមើលឃើញបែបវិជ្ជមានច្រើនណាស់”

“យើងសង្ឃឹមថា ក្នុងឆ្នាំ2021 យើងនឹងមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពក្នុងការព្យាបាលប្រមាណជា 1,000 ឬ 2,000 ឬក៏ 3,000លានដូស ចែកចាយទៅទូទាំងពិភពលោក តែក្នុងពេលនេះ ប្រហែលជាត្រូវនៅប្រើពាក្យថា “បើសិន” សិនហើយ ព្រោះថា យើងនៅមិនទាន់ទទួលបានវ៉ាក់សាំងណាមួយ ដែលទទួលបានការពិសោធរួចហើយនៅឡើយ”។ លោកស្រីបានបន្តទៀតថា “តែដោយសារតែគ្រប់ការវិនិយោគ កំពុងឆ្ពោះទៅរកការផលិតវ៉ាក់សាំង ទើបខ្ញុំចង់និយាយថា ក្នុងអំឡុងចុងឆ្នាំ2021 យើងប្រហែលជានឹងមានវ៉ាក់សាំងចំនួន 2,000លានដូសសម្រាប់ប្រជាជន ឬយ៉ាងតិចបំផុត ក៏មានសម្រាប់ចាក់ឱ្យពលរដ្ឋគោលដៅដែរ”។

ការយល់ឃើញនេះ ស៊ីចង្វាក់គ្នាជាមួយអ្នកគ្រប់គ្រងលំដាប់ខ្ពស់់របស់ក្រុមហ៊ុនផលិតថ្នាំពេទ្យទាំងឡាយ ដែលបានប្រាប់កាលពីខែកន្លងទៅថា ប្រហែលជានឹងមានការបង្ហាញខ្លួនវ៉ាក់សាំងប្រឆាំងកូវីដ-19 មួយ ឬក៏ច្រើនយ៉ាង មុននឹងចូលដល់ឆ្នាំ2021 តែសូមប្រាប់ជាមុនថា អាចចាំបាច់ត្រូវមានវ៉ាក់សាំងរួមគ្នាច្រើនដល់ទៅ 15,000​លាន​ដូសឯណោះ សម្រាប់យកឈ្នះមេរោគវីរុសប្រភេទនេះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement