ទង្វើ 5 យ៉ាងដែលប្រថុយនឹងជំងឺបេះដូង

ជំងឺបេះដូងមិនមែនមានតែនៅក្នុងខ្សែភាពយន្តដែលយើងតែងឃើញតារាសម្តែងចំណាស់ៗវ័យឪពុកម្តាយលើកដៃឡើងក្តោបដើមទ្រូងជាសញ្ញាថាឈឺបេះដូង ហើយទីបំផុតក៏ស្លាប់បាត់បង់ជីវិតនោះ មិនមែនជារឿងខុសប្រក្រតីឡើយ ព្រោះនរណាៗក៏មានសិទ្ធិកើតជំងឺបេះដូងបានទាំងអស់ ថែមទាំងមិនមែនកើតតែចំពោះមនុស្សចាស់អាយុច្រើនប៉ុណ្ណោះទេ យើងគ្រប់គ្នា គ្រប់ភេទ គ្រប់វ័យ សុទ្ធតែអាចកើតជំងឺបេះដូងបានទាំងអស់ បើមិនព្រមបញ្ឈប់ទង្វើដូចខាងក្រោមនេះទេ។

1 – បរិភោគអាហារដែលមានខ្លាញ់ច្រើន

ដូចជា ជើងជ្រូក សាច់ជ្រូកបីជាន់ ស្បែកមាន់បំពង សម្លរខ្ទិះខ្លាញ់ៗផ្សេងៗ បើសិនបរិភោគច្រើនជ្រុលពេក អាចនឹងធ្វើឱ្យកើតសភាវជាតិខ្លាញ់ញ៉ុកណែននៅក្នុងសរសៃឈាម ធ្វើឱ្យឈាមបាញ់ចេញទៅចិញ្ចឹមរាងកាយមិនគ្រប់គ្រាន់ រហូតធ្វើឱ្យកើតសភាវបេះដូងខ្វះឈាម និងអាចនាំឆ្ពោះទៅរកសភាវគាំងបេះដូងបាន។

2 – ជក់បារី

មនុស្សជាច្រើនអាចនឹងគិតថា ការជក់បារីនឹងធ្វើឱ្យកើតមហារីកសួតតែប៉ុណ្ណោះ តែការពិតវិញ បារីគឺជាមូលហេតុដែលសំខាន់មួយរបស់ជំងឺបេះដូងដូចគ្នាដែរ ព្រោះបារីធ្វើឱ្យបេះដូងខ្សោះឈាម និងកើតជំងឺសរសៃឈាមបេះដូង។

3 – ធុញថប់តានតឹង

ដែលយើងធ្លាប់ឃើញនៅក្នុងខ្សែភាពយន្តថា មហាសេដ្ឋីទាំងឡាយធ្វើការច្រើន មានអារម្មណ៍តានតឹងធុញថប់ ត្រូវលីសែងបន្ទុកធ្ងន់ និងមានសម្ពាធផ្លូវចិត្តគ្រប់ពេលវេលារហូតកើតជំងឺបេះដូង នោះគឺជារឿងពិត ព្រោះពេលណាដែលយើងមានអារម្មណ៍ធុញថប់តានតឹង បេះដូងយើងនឹងធ្វើការកាន់តែខ្លាំងឡើង បេះដូងដើរញាប់ឡើង សម្ពាធឈាមខ្ពស់ឡើង រហូតអាចកើតសភាវបេះដូងដើរខុសចង្វាក់រហូតជំរុញអាការរបស់ជំងឺបេះដូងឱ្យកាន់តែធ្ងន់ធ្ងរឡើងបាន(ក្នុងករណីដែលអ្នកជំងឺកំពុងមានភាពប្រថុយប្រថានស្រាប់ហើយ)។

4 – មិនដែលហាត់ប្រាណ

ការរត់ រាំអ៊ែរ៉ូប៊ិកឌែនស៍ ឬហាត់ប្រាណបែបខាឌីអូផ្សេងៗប្រៀបដូចជានាំគ្នាជួយឱ្យបេះដូងបានហាត់ប្រាណ បង្កើនភាពរឹងមាំដល់បេះដូងដូច្នោះដែរ បើបេះដូងមិនដែលបានហ្វឹកហាត់ ក៏ទ្រាំនឹងការធ្វើការធ្ងន់មិនរួច នៅពេលដែលយើងស្ថិតក្នុងសភាវបេះដូងត្រូវធ្វើការធ្ងន់តែបេះដូងទទួលមិនរួច អាចនឹងធ្វើឱ្យបេះដូងគាំងបាន។

5 – កើតជំងឺទឹកនោមផ្អែម រោគធាត់

បើអ្នកកើតជំងឺទឹកនោមផ្អែម ឬធាត់ស្រាប់ហើយនោះ អ្នកនឹងប្រថុយប្រថាននឹងការកើតជំងឺបេះដូងខ្លាំងឡើងដែរ ព្រោះមានឱកាសខ្ពស់ណាស់ដែលអ្នកនឹងមានជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ ធ្វើឱ្យឈាមខាប់ ញ៉ុកណែនសរសៃឈាមដែលចាត់បញ្ជូនឈាមទៅចិញ្ចឹមបេះដូង ធ្វើឱ្យបេះដូងធ្វើការកាន់តែខ្លាំងឡើង រហូតទៅលែងរួច និងគាំងនៅទីបំផុត។

បានដឹងបែបនេះហើយ គួរឧស្សាហ៍ហាត់ប្រាណ តមជក់បារី កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន និងរក្សាសុខភាពឱ្យរឹងមាំជាប់ជានិច្ច តែប៉ុនហ្នឹងអ្នកអាចកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតជំងឺបេះដូងបានច្រើនទៅហើយ៕

Advertisement