ក្នុងពេលទប់ស្កាត់ Covid-19 អាណាព្យាបាលគួរស្វែងយល់ពីវិធីអប់រំឥរិយាបទរបស់កូនឱ្យបានល្អ

ក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កុមារជាច្រើននាក់បានសម្រាកនៅក្នុងផ្ទះ ដោយសារតែសាលារៀនមិនបានបើកទ្វា។ បញ្ហានេះ បានធ្វើឱ្យអាណាព្យាបាលជាច្រើនមានពេលវេលាក្នុងការសង្កេត និងអប់រំកូនតូចៗនៅក្នុងផ្ទះឱ្យបានដិតដល់។ វាក៏ជាឱកាសដ៏សំខាន់ផងដែរក្នុងការទប់ស្កាត់ចរិតមិនល្អ ហើយកែប្រែពួកគេឱ្យក្លាយជាមនុស្សដែលមានឥរិយាបថល្អវិញ។

អង្គការ Save The Children បានលើកឡើងថា កុមារទាំងអស់សុទ្ធតែមានឥរិយាបថមិនល្អ។ វាជារឿងធម្មតាដែលកុមារហត់នឿយ ឃ្លាន ខ្លាច ឬមិនឯករាជ្យ ហើយពួកគេចូលចិត្តរំខាន និងធ្វើឱ្យយើងខឹងពេលពួកគេនៅផ្ទះ។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ អាណាព្យាបាលគួរចេះអប់រំកូនដោយការប្រើប្រាស់វិធីមួយចំនួនដើម្បីអប់រំ និងកែប្រែកុមារដូចជាវិធីសាស្រ្តបង្វែរឥរិយាបថមិនល្អ ចេះសម្រាកទប់អារម្មណ៍ កំណត់វិន័យ និងគន្លឹះមួយចំនួនផ្សេងទៀត។ អង្គការ​ Save The Children បានណែនាំថា អាណាព្យាបាល​គួរចេះកត់សម្គាល់​ឥរិយាបថមិនល្អរបស់ក្មេងឱ្យបានឆាប់ ហើយបង្វែរ​ចំណាប់អារម្មណ៍របស់កូន​អ្នកពីឥរិយាបថមិនល្អឱ្យទៅជាល្អឱ្យបានឆាប់រហ័ស។ ចំណុចមួយផ្សេងទៀតគឺនៅពេលពួកគេចាប់ផ្តើមលែងនៅស្ងៀម អាណាព្យាបាលអាច​បង្វែរចំណាប់អារម្មណ៍​របស់ពួកគេដោយសកម្មភាពគួរឱ្យ​ចាប់អារម្មណ៍ ឬសប្បាយ ដូចជាការហៅពួកគេឱ្យទៅលេងខាងក្រៅ ឬធ្វើសកម្មភាពណាដែលមានប្រយោជន៍វិញម្តង។

ចំណុចសំខាន់ផ្សេងទៀតគឺ ការកំណត់វិន័យ ព្រោះវិធីនេះអាចជួយបង្រៀនក្មេងៗឱ្យ​ចេះទទួលខុសត្រូវ​ចំពោះអ្វីដែលខ្លួនបានធ្វើ។ វាជាការដាក់ពិន័យមួយ​ដែលអាចគ្រប់គ្រងបាន និងមានប្រសិទ្ធភាពជាងការវាយ ឬស្រែក។ ក្នុងវិធីនេះអាណាព្យាបាលអាច​ផ្តល់ឱកាសដល់កូនៗដើម្បីធ្វើការណែនាំមុន​នឹងផ្តល់ការពិន័យដល់ពួកគេ។ ចំពោះឥរិយាបថនៃការដាក់ពិន័យ អាណាព្យាបាលគួរព្យាយាមកុំឆេវឆាវ និងធានាថាការដាក់ពិន័យនោះកុមារអាចធ្វើបានដោយមិនប៉ះពាល់ធ្ងន់ធ្ងរ។ នៅពេលការដាក់ពិន័យត្រូវបានបញ្ចប់ ប្រសិនបើកុមារ​បានធ្វើល្អគួរមានការលើកសរសើរ។

វិធីម្យ៉ាងទៀតដែលអាណាព្យាបាលគួរធ្វើគឺ ចេះសម្រាកទប់ចិត្តនៅពេលកូនៗរពឹសខ្លាំងពេក។ ប្រសិនបើយើងមានអារម្មណ៍ថាចង់ស្រែក គួរទប់ខ្លួនឯងសម្រាកដកដង្ហើមវែងៗឱ្យបាន10វិនាទីសិន បន្ទាប់មក​ព្យាយាមឆ្លើយតបដោយវិធីស្ងប់ស្ងាត់៕

Advertisement