លោកត្រាំ ឈប់ថ្លែងព័ត៌មានភ្លាមៗ ក្រោយប៉ះពាក្យសម្ដីជាមួយស្ត្រីអ្នកយកព័ត៌មាន រឿងវីរុសកូរ៉ូណា

លោកត្រាំ ឈប់ថ្លែងព័ត៌មានភ្លាមៗ ក្រោយប៉ះពាក្យសម្ដីជាមួយស្ត្រីអ្នកយកព័ត៌មាន រឿងវីរុសកូរ៉ូណា

លោកប្រធានាធិបតី ដូណាល់ ត្រាំ របស់សហរដ្ឋអាមេរិក បានបញ្ឈប់ការថ្លែងព័ត៌មាននៅសេតវិមានរបស់លោកយ៉ាងបន្ទាន់ភ្លាមៗ កាលពីថ្ងៃចន្ទ(ទី11 ឧសភា) បន្ទាប់ពីលោកបានប៉ះពាក្យសម្ដីជាមួយស្ត្រីអ្នកយកព័ត៌មាន 2នាក់ គឺអ្នកស្រី វើយ ចៀចៀង នៃ CBS News និង អ្នកស្រី ឃែតឡាន់ ខូលលីនស៍ នៃ CNN។

អ្នកស្រីចៀង បានសួរលោកត្រាំ ថា ហេតុអ្វីបានជាលោកនិយាយដដែលច្រើនមែនទែន ពាក់ព័ន្ធនឹងចំនួនការត្រួតពិនិត្យវីរុសកូរ៉ូណា ដែលបានដំណើរការរួចហើយនៅក្នុងប្រទេសអាមេរិក?

អ្នកស្រីចៀង សួរថា “ហេតុអី? តើរឿងនេះមានភាពសំខាន់អ្វីដែរឬ? ហេតុអីបានរឿងនេះក្លាយជាការប្រកួតប្រជែងលំដាប់ពិភពលោកសម្រាប់រូបលោក? បើរៀងរាល់ថ្ងៃ នៅតែមានពលរដ្ឋអាមេរិកាំងស្លាប់ ហើយយើងក៏កំពុងតែបានឃើញករណីថ្មីៗ កើនឡើងរាល់ៗថ្ងៃដែរនោះ?”

លោកត្រាំ ឆ្លើយថា “ពួកគេឯទៀត ក៏កំពុងតែមានការស្លាប់បាត់បង់ជីវិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក និងជួនកាល សំណួរនេះ អ្នកគួរតែទៅសួរចិនណា៎ កុំមកសួរខ្ញុំ យកសំណួរនេះទៅសួរចិនទៅ!”

លោកត្រាំ បញ្ចប់សេចក្ដី ដោយការងាកទៅហៅអ្នកយកព័ត៌មានដទៃទៀតឱ្យសួរសំណួរបន្តទៀត តែ មិនទាន់បានទទួលការតបស្នងភ្លាមៗឡើយ…។

“លោកប្រធានាធិបតីចា៎ស ហេតុអីបានលោកនិយាយបែបហ្នឹងជាមួយនាងខ្ញុំ ប្រៀបដូចជាមានចេតនាច្បាស់ៗបែបនេះ?” អ្នកស្រីចៀងបន្តតាមសួរ (អ្នកស្រីចៀង ធ្វើការឱ្យ CBS News ផ្នែកព័ត៌មានរបស់បណ្ដាញទូរទស្សន៍ CBS News របស់សហរដ្ឋអាមេរិក តាំងពីឆ្នាំ2005។ អ្នកស្រីកើតនៅក្នុងទីក្រុងសៀងមឹន ប្រទេសចិន និងភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ព្រមជាមួយក្រុមគ្រួសាររបស់អ្នកស្រី តាំងពីអ្នកស្រី មានអាយុ 2ឆ្នាំ)។

លោកត្រាំ ថ្លែងថា លោកនឹងនិយាយបែបហ្នឹងជាមួយ “អ្នកណាក៏ដោយ ដែលសួរសំណួរគួរឱ្យខ្ពើមរអើម”​​ តែ​​ ​អ្នកស្រី​ចៀង​ឆ្លើយតបទៅវិញថា “វាមិនមែនជាសំណួរគួរឱ្យខ្ពើមរអើមទេ…ហេតុអ្វីបានរឿងហ្នឹង លោកគិតថាជារឿងសំខាន់?”

លោកត្រាំ ឈប់ថ្លែងព័ត៌មានភ្លាមៗ ក្រោយប៉ះពាក្យសម្ដីជាមួយស្ត្រីអ្នកយកព័ត៌មាន រឿងវីរុសកូរ៉ូណា
លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើការថ្លែងព័ត៌មាននៅឯសួនកុលាប របស់សេតវិមាន កាលពីថ្ងៃចន្ទ(ទី11 ឧសភា) ដោយមានការតាំងផ្ទាំងបដាហាយឡាយថា សហរដ្ឋអាមេរិក គឺជាអ្នកនាំមុខគេលើពិភពលោក ក្នុងរឿងការត្រួតពិនិត្យរកអ្នកឆ្លងមេរោគកូវីដ-19 និងដែលវាបានក្លាយជាប្រធានបទដែលត្រូវអ្នកយកព័ត៌មានសួរដេញដោល

លោកត្រាំ បែរទៅសួរអ្នកយកព័ត៌មានឯទៀតថា មានអ្នកណាមានសំណួរអីទៀតទេ? បន្ទាប់ពីនោះ លោកក៏ប្រាប់ថា “បើអត់ទេ អ៊ីចឹងក៏អូខេ” និងបក់ដៃបណ្ដេញអ្នកស្រី ខូលលីនស៍ របស់ CNN ពេលអ្នកស្រីដើរតម្រង់ទៅរកក្បាលមីក្រូ…។

អ្នកស្រី ខូលលីនស៍ និយាយតវ៉ា “លោកចង្អុលមកនាងខ្ញុំ”

លោកប្រធានាធិបតីឆ្លើយថា “ខ្ញុំចង្អុលទៅអ្នកមែន តែអ្នកមិនបានតបស្នងអ្វីសោះ!”

អ្នកស្រីខូលលីនស៍ អធិប្បាយថា អ្នកស្រីកំពុងទុកពេលវេលាឱ្យអ្នកស្រីចៀង សម្រាប់បញ្ចប់ការសាកសួររបស់គាត់។

រួចអ្នកស្រីបន្តថា “ឥឡូវ នាងខ្ញុំសុំសួរបានទេ?”

លុះមកដល់ត្រឹមហ្នឹង លោកត្រាំ ក៏បញ្ឈប់ការថ្លែងព័ត៌មាន ហើយដើរចេញទៅតែម្ដង…។

អ្នកស្រី វើយ ចៀចៀង អ្នកយកព័ត៌មានប្រចាំសេតវិមាន របស់បណ្ដាញទូរទស្សន៍ CBS News ទាញម៉ាស់អនាម័យរបស់នាងចេញ ក្រោយពីសួរលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈពេលថ្លែងព័ត៌មាននៅសេតវិមាន កាលពីថ្ងៃចន្ទ(ទី11 ឧសភា) កន្លងទៅ
អ្នកស្រី វើយ ចៀចៀង អ្នកយកព័ត៌មានប្រចាំសេតវិមាន របស់បណ្ដាញទូរទស្សន៍ CBS News ទាញម៉ាស់អនាម័យរបស់នាងចេញ ក្រោយពីសួរលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈពេលថ្លែងព័ត៌មាននៅសេតវិមាន កាលពីថ្ងៃចន្ទ(ទី11 ឧសភា) កន្លងទៅ

អ្នកស្រីចៀង និងអ្នកស្រីខូលលីនស៍ សុទ្ធតែពាក់ម៉ាស់អនាម័យការពារ ខណៈចូលរួមស្ដាប់ការថ្លែងព័ត៌មាននេះ ដូចគ្នានឹងអ្នកយកព័ត៌មានភាគច្រើនដែរ ដោយសារតែមួយរយៈចុងក្រោយនេះ មានរបាយការណ៍កាលពីពេលថ្មីៗថា មានមន្ត្រីនិយោជិត 2នាក់របស់សេតវិមាន មានលទ្ធផលវិជ្ជមានពីការពិនិត្យរកមេរោគវីរុសកូវីដ-19 ដោយទាំង 2នាក់នេះ ម្នាក់ជាជំនួយការរបស់លោកអនុប្រធានាធិបតី ម៉ៃក៍ ផេនស៍ និងម្នាក់ទៀតជាទាហាន មានតួនាទីជាអ្នកបម្រើរបស់លោកប្រធានាធិបតី) ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement