Donald Trump៖ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ប្រភព​របស់​COVID-19

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​Donald Trump បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​​របស់​លោក​នឹង​ប្រកាស​លម្អិត​អំពី​ប្រភព​របស់​​ COVID-19 ដែល​ជា​វីរុស​បង្ក​ជំងឺ​រលាក​សួតប្រភេទ​ថ្មី​​​ ទន្ទឹម​នឹង​ការ​តឿន​ឱ្យ​ប្រទេស​ចិន​ ធ្វើ​ឱ្យ​មាន​តម្លា​ភាព​លើ​បញ្ហា​នេះ​។

សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​សម្អិត

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​មុន​ពេល​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ Arizona នា​ថ្ងៃទី​5ឧសភា ប្រធានា​ធិបតី​ Donald Trump ឱ្យ​ដឹង​ថា “យើង​ប្រាកដ​ជា​នឹង​ប្រកាស​ (ប្រភព​របស់​វីរុស)”។ ម្ចាស់​សេត​វិមាន​រូប​នេះ មិន​បាន​បញ្ជាក់​អំពី​ពេល​វេលា​ជាក់​លាក់​​ណា​មួយ​ក្នុង​ការ​ប្រកាស​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​លើ​បញ្ហា​ប្រភព​របស់​មេរោគ​COVID-19នោះ​ទេ​។

ទន្ទឹមនឹង​នេះ លោក​ Trump ក៏បាន​តឿន​ប្រទេស​ចិន​ឱ្យ​មាន​តម្លា​ភាព​អំពី​ព័ត៌មាន​ទាក់​ទង​នឹង​រោគ​រាត​ត្បាត​នេះ​ផងដែរ​។ ទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters ដក​ស្រង់​សម្ដី​លោក Trump ថ្លែង​ថា “យើង​ចង់​ឱ្យ​ពួកគេ​ធ្វើ​ឱ្យ​មាន​តម្លាភាព​។ យើង​ចង់​ស្វែង​យល់​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​ ដើម្បី​កុំឱ្យ​បញ្ហា​នេះ​កើត​មាន​សា​ជា​ថ្មី​”។

លោក Trump និង​មន្ត្រី​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ ធ្លាប់​បាន​ចោទ​ប្រទេស​ចិន​​ថា​បាន​លាក់​បាំង​ព័ត៌មាន​ ធ្វើ​ឱ្យ​ COVID-19 ឆ្លង​រាលដាល​ខ្លាំង​ និង​ក្លាយ​ជា​រោគ​រាត​ត្បាត​ពេញ​សកល​លោក​។ លោក​ Trump ក៏បាន​បញ្ជា​ឱ្យ​ក្រុម​ចារ​បុរស​របស់​ខ្លួន​ ស៊ើប​អង្កេត​លើ​ប្រភព​របស់​វីរុស​នេះ​ផងដែរ​។ កាល​ពី​សប្ដាហ៍​មុន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បាន​ថ្លែង​ថា មាន​ភ័ស្តុ​តាង​ក្នុង​ការ​​អះអាង​ថា​​វីរុស​នេះ​មាន​ប្រភព​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​។ ថ្ងៃទី​3​ឧសភា រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក​ Mike Pompeo ក៏បាន​អះអាង​ថា “មាន​ភ័ស្តុតាង​ធំ” ស្ដី​អំពី​វីរុស​មាន​ប្រភព​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan។

សហភាព​អឺរ៉ុប​គាំទ្រ​ការ​ស៊ើប​អង្កេត​លើប្រភព​របស់​វីរុស​កូរ៉ូណា​ថ្មីនេះ​ដែរ

សហភាព​អឺរ៉ុប​ EU កាល​ពី​ថ្ងៃទី​5ឧសភា បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ទូទាំង​ពិភពលោក​អំពី​ប្រភព​របស់​វីរុស​COVID-19។​ EU ឱ្យ​ដឹង​ថា នៅក្នុង​មហា​សន្និបាត​សុខ​ភាព​ពិភពលោក​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​18​ឧសភា​ ក្រុម​ប្រទេស​នេះ​នឹង​លើក​ឡើង​អំពី​សេចក្ដី​ព្រាង​លើ​សេចក្ដី​សម្រេច​មួយ​​ដើម្បី​អំពាវ​នាវ​ឱ្យ​មាន​ “ការ​ស៊ើប​អង្កេត​ឯករាជ្យ” ទៅលើ​ប្រភព​របស់​វីរុស​​ដែល​បាន​និង​កំពុង​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​1​ថ្ងៃ​ៗ​។

រីឯ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Scott Morrison កាល​ពីថ្ងៃទី​5ឧសភា​ក៏បាន​ថ្លែង​ថា លោក​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅកាន់​បណ្ដា​ប្រទេស​​ G20 ដើម្បី​អំពាវ​នាវ​ឱ្យ​មាន​ការ​ “វាយ​តម្លៃ​ត្រឹម​ត្រូវ” អំពី​ប្រភព​របស់​ COVID-19។

ចំណែក​ប្រទេស​ចិន​ឯណោះ​វិញ មក​ដល់​ពេល​នេះ​មិន​បាន​សន្យា​ថា​នឹង​ចូល​រួម​ក្នុងការ​ស៊ើប​អង្កេត​បញ្ហា​ខាង​លើ​នេះ​នៅ​ឡើយ ដោយ​បាន​និយាយ​ថា នេះ​នឹង​ជា​យុទ្ធ​នាការ​ “ទម្លាក់​កំហុស” ទៅលើ​ទីក្រុង​ប៉េកាំង​តែ​ប៉ុណ្ណោះ។

គិត​មក​ដល់​បច្ចុប្បន្ន ​ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ មាន​​អ្នក​ជំងឺ​កូរ៉ូណា​សរុបជាង​​ 3,721,000​នាក់​ ចំណែក​អ្នក​ស្លាប់​សរុប​មាន​ជិត​258,000​នាក់​៕

ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​

Advertisement