គង់ វង្សយ៉ាទី បដិសេធមិនសម្ដែងឈុតស្នេហារោលរាល

តារាសម្ដែង និងពិធីការិនី ប្រចាំកម្មវិធី “រាត្រីកម្សាន្ដ” របស់ស្ថានីយទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នាងកំពុងតែរបូតទីផ្សារសម្ដែងភាពយន្ដពីក្នុងដៃហើយ បើទោះបីជាកន្លងមក នាងបានសាងកេរ្តិ៍ឈ្មោះតាមរយៈការសម្ដែងក៏ដោយ។ ប្រិយមិត្តអ្នកគាំទ្ររូបនាងមួយចំនួនធំបានលាន់មាត់ថា ឃើញតែតារាស្រីរូបនេះមានមុខនៅលើកញ្ចក់ទូរទស្សន៍ធ្វើជាពិធីការិនីតែប៉ុណ្ណោះ សូម្បីតែការសម្ដែងវីដេអូចម្រៀង ឬភាពយន្ដធំក្ដី ក៏បាត់មុខនាង មិនដែលឃើញដែរ។

តារាស្រីវ័យក្មេងរូបនេះ បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា នាងមានគោលបំណងចង់ចាប់យកអាជីពជាពិធីការិនីឱ្យបានជាប់លាប់សិន ព្រោះថា កន្លងមកនាងមានបទពិសោធក្នុងការសម្ដែងច្រើនគួរសមដែរហើយ ដូច្នោះនាងចង់ពង្រឹងអាជីពពិធីការិនីមួយនេះ ឱ្យកាន់តែមានទីផ្សារខ្ពស់ និងសកម្មជាងមុនបន្ដិចទៀត។ ក៏ប៉ុន្ដែ ដើម្បីកំដរអារម្មណ៍អ្នកគាំទ្ររូបនាងតាមរយៈសមត្ថភាពនៃការសម្ដែង កញ្ញា គង់ វង្សយ៉ាទី បានបង្ហើបដំណឹងល្អប្រាប់ប្រិយមិត្តអ្នកគាំទ្រថា «ថ្មីនេះៗ នាងខ្ញុំទើបតែបានបញ្ចប់នូវស្នាដៃសម្ដែងរឿងថ្មីធំៗ ចំនួន 3 រឿង មានរឿង “លេខាថ្មី” រឿង “ជើងខ្លាំង” និងរឿងភាគទូរទស្សន៍របស់ស្ថានីយទូរទស្សន៍ប៉ុស្ដ៍លេខ 8 គឺរឿង “ម៉ែក្មេករើសកូនប្រសា” »។ យ៉ាងណាក៏ដោយ យ៉ាទី ក៏បានអះអាងផងដែរថា ដោយមើលឃើញថា ខ្សែភាពយន្តខ្មែរមួយរយៈនេះស្ថិតក្នុងការរីកលូតលាស់ ហើយត្រូវការសហការគ្នាទាំងតារាសម្តែង និងផលិតករផងនោះ នាងបែរជាមិនមានពេលច្រើនសម្រាប់បម្រើវិស័យសម្តែងនេះទៅវិញ និងបានត្រឹមតែមានអារម្មណ៍សោកស្តាយ ព្រោះនាងប្រឡូកក្នុងការងារសម្តែងច្រើនរួចមកហើយដែរ។

ជាចុងក្រោយ តារាស្រីវ័យ 23 ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មាន ឡារ៉ែន ថា « បើទោះបីជានាងខ្ញុំវ័យច្រើនបន្តិចហើយក្ដី និងមានការស្លៀកពាក់រាងសិចស៊ីបន្ដិចបន្តួចក៏ពិតមែន ក៏ប៉ុន្ដែចំពោះរឿងណា ដែលមានឈុតស្នេហារោលរាលខ្លាំង ឬតិចគឺនាងខ្ញុំបដិសេធមិនសម្ដែងជាដាច់ខាត ព្រោះថា នាងខ្ញុំមានភាពខ្មាសអៀនច្រើន និងមិនស្និទ្ធជាមួយរឿងស្នេហារោលរាលអីនោះទេ ពោលគឺមិនចូលចិត្តតែម្ដង សូម្បីតែសព្វថ្ងៃនេះ នៅលើឆាកជាពិធីការិនី ក៏នាងខ្ញុំស្លៀកពាក់សមរម្យ បិទបាំងជិតៗដែរ »៕

 

Advertisement