អ្នក​វិទ្យា​សាស្ត្រ​អាមេរិកាំង​ថត​បាន​រូបភាព​ COVID-19 កំពុង​ជ្រែក​ចេញ​ពី​កោសិកា​​ជិត​ងាប់

អាមេរិកាំង​ថត​បាន​រូបភាព​ COVID-19 កំពុង​ជ្រែក​ចេញ​ពី​កោសិកា​​ជិត​ងាប់

ក្រុម​អ្នក​វេជ្ជសាស្ត្រ​ថត​បាន​ទិដ្ឋ​ភាព​ហ្វូង​វីរុស​COVID-19ថ្មី​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​​ពីកោសិកា​មនុស្ស​ ដើម្បី​ត្រៀម​វាយ​លុក​ចូល​គ្រប់​គ្រង​កោសិកា​ថ្មី​ផ្សេង​ទៀត​នៅ​ក្នុង​រាង​កាយ​មនុស្ស​ ដោយ​ប្រើ​ប្រាស់​កែវពង្រីក​មីក្រូទស្សន៍ទំនើប​។

អ្នក​ស្រី​ Elizabeth Fischer ប្រធាន​ក្រុមអ្នក​​គ្រប់គ្រង​ផ្នែក​កែវ​ពង្រីក​​មីក្រូទស្សន៍អេឡិចត្រុង​នៅ​ឯមន្ទីរ​ពិសោធន៍​ Rocky Mountain(RML) ក្នុង​តំបន់ Montana នៃ​សហរដ្ឋ​អាមេរិក​ ថត​បាន​រូប​ភាព​យ៉ាង​ច្បាស់​នៃ​កោសិកា​រាង​កាយ​មនុស្ស​ដែល​បាន​ផ្ទុក​ COVID-19 ដោយ​ប្រើ​​កែវ​ពង្រីក​​មីក្រូទស្សន៍អេឡិចត្រុង​​ប្រភេទ​ស្កេន(Scanning electron microscope)។ ក្រៅ​ពី​រូប​ថត​ថ្មី​នេះ អ្នក​ស្រី​ក៏​ធ្លាប់​ថត​បាន​វីរុស​កូរ៉ូណា​ប្រភេទ​ផ្សេង​ផងដែរ ដូច​ជា​វីរុស​MERS​ ជាដើម​។

បណ្ដា​ផ្នត់​ និង​បន្ទាត់​កោង​ពណ៌​ប្រផេះ ឬ​ទឹក​ក្រូច​ គឺជា​ផ្ទៃ​ខាង​លើ​នៃ​កោសិកា​ដែល​ត្រូវ​បាន​លុក​លុយ​ដោយ​វីរុស​COVID-19។ បណ្ដា​គ្រាប់​ល្អិត​ពណ៌​ខៀវ​ដែល​ជ្រែក​ចេញ​ពី​កោសិកា​ គឺជា​វីរុស​COVID-19។ យោង​តាម​វិទ្យា​ស្ថាន​ជាតិ​ផ្នែក​​សុខភាពសហរដ្ឋ​អាមេរិក​ NIH ​(National Institutes of Health) រូប​ភាព​នេះ​បង្ហាញ​អំពី​ដំណើរ​ការ​ដែល​មាន​ឈ្មោះ​ថា “ដោះលែង​វីរុស”​ ដែល​ក្នុង​នោះ​ កោសិកា​ជិត​ងាប់​បាន​បញ្ចេញ​កូន​វីរុស​COVID-19ថ្មី​។

Francis Collins ដែល​ជា​អ្នកវេជ្ជ​សាស្ត្រ​ប្រចាំ​ NIH បកស្រាយ​ថា “រូប​ភាព​នេះ​ បង្ហាញ​អំពី​កម្រិត​នៃ​របួស​ស្នាម​ដែល​វីរុស​​ COVID-19 បាន​បង្ក​ឡើង​ នៅ​ពេល​វា​គ្រប់​គ្រង​កោសិកា​មនុស្ស​។ កោសិកា​មួយ​ដែល​បាន​ឆ្លង​វីរុស​COVID-19 គឺអាច​បង្កើត​បាន​វីរុសCOVID-19ថ្មីរាប់​ពាន់​ក្បាល​ និង​ឆ្លង​ទៅ​កាន់​កោសិកា​ថ្មី​មួយ​ផ្សេ​ងទៀត​”។

រូប​ថត​លម្អិត​បែប​នេះ​ ជួយ​ឱ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​យល់​ដឹង​កាន់​តែ​ស៊ីជម្រៅ​អំពី​វីរុស​ដ៏គ្រោះ​ថ្នាក់​ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​3​លាន​នាក់នៅ​ជុំ​វិញ​ពិភពលោក ​ត្រូវ​​កើត​ជំងឺ​ ក្នុង​នោះ​មាន​ជាង​1​លាន​នាក់​នៅ​សហរដ្ឋអាមេរិក​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement