Bill Gates ថា “ជីវភាព​ក្រោយយុគសម័យ​COVID-19 នឹង​លែង​ដូច​មុន​”

Bill Gates ថា

មហាសេដ្ឋី​ Bill Gates អះអាង​ថា សោក​នាដ​កម្ម​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 នឹង​ផ្លាស់ប្ដូរ​ជីវ​ភាព​រស់​នៅ​របស់​យើង​គ្រប់​គ្នា​ជា​រៀង​រហូត​ ហើយ​ទម្លាប់​នៃ​ការ​រស់​នៅ​ក៏​នឹង​លែង​ដូច​មុន​។

ក្រោយ​មួយ​រយៈ​ពេល​ដែល​មាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ការ​បង្ខាំង​ខ្លួន​ក្នុង​ផ្ទះ ការ​បិទ​អាជីវ​កម្ម​ ការ​បិទ​សេដ្ឋ​កិច្ចជាដើម បាន​ធ្វើ​ឱ្យ​មាន​សំណួរ​សំខាន់​មួយ​ដែល​សួរ​ថា “តើ​អ្វី​ៗនឹង​ត្រឡប់​មក​រក​ភាព​ដើម​ដែរ ឬ​យ៉ាង​ណា​ នៅ​ពេល​យុគ​សម័យ​COVID-19 បាន​ឆ្លង​ផុត​ទៅ​?”។ ចម្លើយ​សម្រាប់​សំណួរ​នេះ មិន​មែន​ពេល​ណា​ក៏​ងាយ​ស្រួល​​​ឱ្យ​យើង​អាច​ទទួល​យក​បាន​ភ្លាម​ៗ​នោះ​ឡើយ​។

មហាសេដ្ឋី​ Bill Gates (William Henry Gates III) បាន​ឱ្យ​ដឹង​ថា “យើង​អាច​បើក​ដំណើរ​ការ​រោង​ចក្រ​ សាលា​រៀន​មួយ​ចំនួន​នៅ​ដើម​ខែ​មិថុនា បើ​សិន​ជា​ស្ថាន​ភាព​នៃ​រោគ​រាត​ត្បាត​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត”។ សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Microsoft បន្ត​ថា “ប៉ុន្តែ វា​នឹង​មិន​ទាន់​ដល់​ពេល​ដែល​អ្នក​អាច​ជួប​ជុំគ្នា​នៅ​ក្នុងបារ ឬ​​ភោជនីយដ្ឋាន​នានា​នៅ​ឡើយ​”។

កន្លង​មក មហាសេដ្ឋី​លំដាប់​ទី​2​ក្នុង​ពិភពលោក​រូប​នេះ ធ្លាប់​បាន​ព្យាករ​ថា សិស្ស​សាលា​នឹង​អាច​ត្រឡប់​មក​សាលា​រៀន​វិញ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ គឺ​អំឡុង​​ខែ​កញ្ញា​ឆ្នាំ​នេះ។ ប៉ុន្តែ លោក​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​ថា គួរ​តែ​បើក​ចំហ​សង្គម​ នៅ​ពេល​វ៉ាក់​សាំង​COVID-19 មាន​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ ពោល​គឺ​ យ៉ាង​តិច​18​ខែ​ទៀត​។

លោក​ Bill Gates ថ្លែង​ថា “នឹង​មាន​ការ​រក្សា​គម្លាត​សង្គម​រហូត​ដល់​ពេល​យើង​ផលិត​បាន​វ៉ាក់​សាំង​រាប់​ពាន់​លាន​ដប”។ លោក​បន្ត​ថា “ហើយ​នៅ​ពេល​នោះ​ ជីវ​ភាព​រស់នៅរបស់​យើង​ក៏​ពិបាក​នឹង​ត្រឡប់​មក​រក​ធម្មតា​ដូច​មុនខ្លាំង​ណាស់​”។

Bill Gates ថា "ជីវភាព​ក្រោយយុគសម័យ​COVID-19 នឹង​លែង​ដូច​មុន​"សហស្ថាបនិក​នៃ​មូលនិធិ Bill & Melinda Gates Foundation រូប​នេះ​ថ្លែង​ថា “តើ​អ្នក​រាល់​គ្នា​នឹង​ទៅ​ទេស​ចរណ៍​ ទៅ​កាន់​ភោជនីយដ្ឋាន ទៅ​ជួប​ជុំ​គ្នា​នៅ​ទីលាន​នានា​ក្រោយ​យុគ​របស់​ COVID-19? តាម​ពិត សូម្បី​តែ​នៅ​ពេលដែល​រដ្ឋាភិបាលនានា​​បាន​ប្រកាស​ថា អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​បាន​គ្មាន​បញ្ហា​ ក៏​យើង​មិន​អាច​រំពឹង​ថា តម្រូវ​ការ​ខាង​លើ​ទាំង​នេះ​នឹង​ត្រឡប់​មក​ធម្មតា​វិញ​ភ្លាម​ៗ​នោះ​ឡើយ​”។

ក៏ប៉ុន្តែ​ ចំណុចលេច​ធ្លោ​ និង​វិជ្ជមាន​ដែល​ត្រូវ​បាន​ Bill Gates លើក​ឡើង​នោះ​គឺ​ថា រោគ​រាត​ត្បាត​COVID-19 នឹង​ជំរុញ​ឱ្យ​មនុស្ស​បន្ត​បង្កើន​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ឌីជីថល ពិសេស​គឺ​នៅ​ក្នុង​វិស័យ​អប់រំ ក្រុម​អាជីវ​កម្ម​ ការ​រៀបចំ​សន្និសីទ ព្រឹត្តិការ​ណ៍​ផ្សេង​ៗ និង​ការ​ដឹក​ជញ្ជូន-ទិញ​ដូរ។ល។

បច្ចុប្បន្ន មាន​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ងាក​មក​ធ្វើ​ការ​តាម​អនឡាញ និង​ប្រជុំ​តាម​អនឡាញ ហើយ​ពួកគេ​នឹង​មិន​ចង់​ត្រឡប់​មក​រក​ការ​ប្រជុំ​បែប​បុរាណ​នា​ពេល​អនាគត។​ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក​ Bill Gates។

មុន​នេះ មហាសេដ្ឋី Bill Gates ក៏បាន​ព្រមាន​ថា រៀង​រាល់​20​ឆ្នាំ​ម្ដង​ នឹង​អាច​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​នៃ​រោគ​រាត​ត្បាត​1​​ ដែល​ស្រដៀង​ទៅ​នឹង​ COVID-19។ លោក​ថ្លែង​ដោយ​សង្កត់​ធ្ងន់​ថា ដើម្បី​ប្រឆាំង​នឹង​រោគ​រាតត្បាត​នេះ រដ្ឋាភិបាល​នានា​ក្នុង​អនាគតកាល​នឹង​ “មាន​ការ​វាយ​តម្លៃ ការ​វិភាគ​ស៊ីជម្រៅ​ និងមាន​ទាំង​​ប្រព័ន្ធ​ព្រមាន​រហ័ស” ទៀត​ផង​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement