COVID-19! បច្ចុប្បន្ន​ភាព​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​14​មេសា

វីរុសកូរ៉ូណា,អាស៊ីអាគ្នេយ៍,ASEAN,Southeast Asia,covid-19

នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល​មាន​អ្នក​ជំងឺ​COVID-19សរុប​​20,001​នាក់​ កើន​769​ករណី​​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ ចំនួន​844​នាក់​។

ហ្វីលីពីន​​បាន​លោត​រំលង​ម៉ាឡេស៊ី និង​បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​តំបន់​ ដោយ​មាន​​អ្នក​ជំងឺ​សរុប​4,932​​នាក់​ និង​315​នាក់​បាន​បាត់​បង់​ជីវិត​។

ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​សរុប​​4,817​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​77​នាក់​បាន​ស្លាប់​។ ប្រទេស​នេះ មាន​អ្នក​ជំងឺCOVID-19 ​ច្រើន​ជាង​គេ​​​លំដាប់​ទី​2​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

ឥណ្ឌូនេស៊ី​ជា​សម្បុក​មេរោគ​COVID-19​ធំជាង​គេ​លំដាប់​ទី​3​នៅ​ក្នុង​តំបន់ ដោយ​មាន​អ្នក​ជំងឺ​សរុប​4,557​នាក់ និង​អ្នក​ស្លាប់​សរុប​ 399​នាក់។ អត្រា​នៃ​ការ​ស្លាប់ដោយ​សារ​វីរុស​COVID-19 ​របស់​ប្រទេស​នេះ​ ឈរ​លំដាប់​ទី​2​នៅ​ទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។

សិង្ហបុរី​ឈរ​លំដាប់​ទី​4​​ក្នុង​តំបន់​នេះ ដោយ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​2,918​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​9​នាក់​។

ប្រទេស​ថៃ បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​28​នាក់ ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​មេរោគ​COVID-19 ក្នុង​ប្រទេស​នេះឡើង​ដល់​2,579​នាក់​ ក្នុង​នោះ​មាន​40​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ថ្មី​ភាគ​ច្រើន​គឺជា​អ្នក​រស់​នៅ​ក្នុង​រាជធានី​បាង​កក ក្នុង​នោះ​មាន​3​ករណី​ធ្លាប់​ទៅ​កាន់​ឥណ្ឌូនេស៊ី​ដើម្បី​ចូល​រួម​វិធី​បុណ្យ​សាសនា​​កាល​ពី​ខែ​មីនា​កន្លង​ទៅ​។

វៀត​ណាម បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​​265​នាក់ ភាគ​ច្រើន​គឺ​នៅ​រដ្ឋធានី​ហាណូយ​ និង​ទីក្រុង​សៃ​ហ្គន(ហូជីមិញ)។

ប៊្រុយណេ​ មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​136​នាក់ ក្នុង​នោះមាន​​អ្នកជំងឺ​ម្នាក់​បាន​បាត់​បង់ជីវិត​។

កម្ពុជា​ គិត​មក​ដល់​ព្រឹក​នេះ បាន​រក​ឃើញ​​អ្នក​ជំងឺ​COVID-19 សរុប​​122​នាក់​ ក្នុង​នោះ​មាន​91​នាក់​បាន​ជា​សះ​ស្បើយ​ និង​31​នាក់​កំពុង​ទទួល​ការ​ព្យាបាល​។

ប្រទេស​មីយ៉ានម៉ារ(ភូមា) មាន​អ្នក​ជំងឺ​សរុប​62​នាក់ ក្នុង​ចំណោម​នោះ​មាន​​4​នាក់​បាន​បាត់បង់​ជីវិត​។

ប្រទេស​ឡាវ​គឺ​ជា​ដែន​ដី​ដែល​មាន​អ្នក​ជំងឺ​COVID-19 តិច​ជាង​គេ​បង្អស់​នៅ​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) ដោយ​មាន​អ្នក​ជំងឺ​តែ​19​នាក់​ប៉ុណ្ណោះ​។

ទីម័រ​ខាង​កើត​(Timor-Leste) ដែល​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរនោះ​ មាន​អ្នក​ជំងឺ​COVID-19 ចំនួន​4​នាក់​ ក្នុង​នោះ​មាន​ម្នាក់​បាន​ជា​សះស្បើយ​។

ទ្វីប​អាស៊ីទាំង​មូល​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​​310,357​នាក់ និង​ស្លាប់​​11,356​នាក់​។

ពិភពលោក​ទាំង​មូល​ គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ជំងឺ​ជាង​1,924,600​នាក់​ និង​​អ្នក​ស្លាប់​ជាង​​119,600​នាក់​ដោយ​សារ​វីរុស​COVID-19 ក្នុង​នោះ​មាន​អ្នក​ជាសះស្បើយ​ជាង​445,000​នាក់​ និង​អ្នក​ជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន​51,764​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement