ថៅកែ​មន្ទីរ​ពេទ្យ​ លក់​លិខិត​បញ្ជាក់​ “លទ្ធ​ផល​អវិជ្ជមាន​នឹង​COVID-19 ក្លែង​ក្លាយ”​ ចំណេញប្រាក់​​រាប់​សែន​ដុល្លារ​

ថៅកែ​មន្ទីរ​ពេទ្យ​ លក់​លិខិត​បញ្ជាក់​

សារ​ព័ត៌មាន​ New York Times កាល​ពី​ថ្ងៃទី​16​កក្កដា បាន​ចេញ​ផ្សាយ​ថា អាជ្ញាធរ​ប្រទេស​បង់ក្លាដែស​ ទើប​តែ​បាន​ចាប់​ខ្លួន​ម្ចាស់​មន្ទីរពេទ្យ​ម្នាក់​ ទាក់​ទិន​នឹង​ការ​​លក់​លទ្ធផល​អវិជ្ជមាននឹង​​ COVID-19 ក្លែង​ក្លាយ​រាប់​ពាន់​សន្លឹក​ទៅ​ឱ្យ​អ្នកដែល​មាន​តម្រូវ​​ការ​។

ថៅ​កែ​ម្នាក់​របស់​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​បង់ក្លា​ដែស​ ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​បន្លំ​អតិថិជន​ ដោយ​សារ​បាន​ចេញ​លទ្ធ​ផលអវិជ្ជ​មាន​នៃ​ការ​ធ្វើ​តេស្ត​COVID-19 ដើម្បី​បោក​ប្រាស់​អ្នកជំងឺ​ និង​ទទួល​ប្រាក់​ចំណេញ​ប្រមាណ​ជា​350,000​ដុល្លារ​អាមេរិក​។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ទំនុក​ចិត្ត​របស់​ប្រជាជន​ទៅ​លើ​វិស័យ​សុខាភិបាល​នៃ​ប្រទេស​នេះ​។

Ashique Billah ដែល​ជា​អ្នក​នាំ​ពាក្យ​នៃ​​ប៉ូលិស​បង់ក្លាដែស​ បាន​ឱ្យ​ដឹង​ថា Mohammad Shahed គឺជា​ម្ចាស់​​បណ្ដាញ​មន្ទីរ​ពេទ្យ​ Regent នៅក្នុង​រដ្ឋធានី​ Dhaka។ ថៅ​កែ​មន្ទីរ​ពេទ្យ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​កំពុង​ព្យាយាម​រក​វិធី​ឆ្លងទន្លេ​គេចខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​។

អ្នក​នាំ​ពាក្យ​ខាង​លើ​បាន​បញ្ជាក់​ថា “មន្ទីរ​ពេទ្យ​របស់​គាត់​នោះ​បាន​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ចំនួន​10,500​​លើក​ ក្នុង​នោះ​មាន​លទ្ធផល​ចំនួន​4,200​គឺ​ត្រឹម​ត្រូវ​ ចំណែក​លទ្ធ​ផល​ចំនួន​6,300​ផ្សេង​ទៀត​ត្រូវ​បាន​ប្រគល់​ឱ្យ​អតិថិ​ជន​ ប៉ុន្តែ​មិន​បាន​ធ្វើ​តេស្ត​នោះ​ទេ​”។

យោង​តាម​ New York Times លិខិត​​បញ្ជាក់​​លទ្ធ​ផល​អវិជ្ជមាន​ក្លែង​ក្លាយ​នេះ ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​59​ដុល្លារ​ក្នុង​មួយ​ច្បាប់​។

ម្ចាស់​មន្ទីរ​ពេទ្យ​នេះ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដែរ​ថា បាន​យក​ថ្លៃ​សេវា​ធ្វើ​តេស្ត​ និងព្យាបាល​អ្នកជំងឺ​COVID-19​​ បើ​ទោះ​លោក​ធ្លាប់​បាន​យល់​ព្រម​ជាមួយ​រដ្ឋាភិបាល​ថា​ មន្ទីរ​ពេទ្យ​នានា​របស់​លោក​នៅ​ក្នុង​ទីក្រុង​ Dhaka នឹង​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​។

សូម​បញ្ជាក់​ថា Shahed មិន​មែនជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​បង់ក្លាដែស​ ដោយ​សារ​សកម្ម​ភាព​​បន្លំ​​ផ្នែក​សុខាភិបាល​​នៅក្នុង​វិបត្តិ​សុខ​ភាព​នេះ​ឡើយ។ កាល​ពី​សប្ដាហ៍​មុន​ ម្ចាស់​គ្លី​និកឯកជន​​​​ដែល​ផ្ដល់​សេវា​កម្ម​ធ្វើ​តេស្ត​រក​វីរុស​COVID-19 មួយ​កន្លែង​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចេញ​លិខិត​បញ្ជាក់​ការ​ធ្វើ​តេស្ត​​COVID-19 ដោយ​មិន​បាន​ធ្វើ​តេស្ត​អ្វី​សោះ។

ក្រុម​អ្នកជំនាញ​ការ​មាន​ការ​ព្រួយ​បារម្ភ​ថា អំពើ​បោកប្រាស់​នេះ​អាច​ធ្វើ​ឱ្យ​ប្រជា​ជន​បង់ក្លាដែស​មិន​បាន​ទទួល​ការ​ធ្វើតេស្ត​រក​វីរុស​COVID-19 ដោយ​ត្រឹម​ត្រូវ​ ដែល​នេះ​នឹង​នាំឱ្យ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឆ្លង​វីរុស​ដែល​ពួកគេ​នឹក​ស្មាន​មិន​ដល់​។

រាប់​ចាប់​ពី​ខែ​មីនា​រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​បង់ក្លាដែស​ បាន​ធ្វើ​តេស្ត​រកវីរុស​COVID-19 ជា​មធ្យម​ចាប់​ពី​13,000​ដល់​17,000​នាក់​ក្នុង​1​ថ្ងៃ​ៗ​ ប៉ុន្តែ​តួលេខ​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​សម្រាប់​ប្រទេស​ដែល​មាន​ប្រជាជន​ជាង​168​លាន​នាក់មួយ​នេះ។

យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ Johns Hopkins មនុស្ស​ចំនួន​ជាង​193,500​នាក់​នៅ​បង់ក្លាដែស​​ បាន​ឆ្លង​COVID-19​ ក្នុង​នោះ​មាន​ជាង​2,400​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​។ ប៉ុន្តែ​មាន​ការ​សង្ស័យ​ថា តួលេខ​ពិត​ប្រាកដ​ អាច​ខ្ពស់​ជាង​នេះ​ ដោយ​សារ​សមត្ថ​ភាព​នៃ​ការ​ធ្វើ​តេស្ត​​​របស់​ប្រទេស​នេះ​ នៅមាន​កម្រិត​នៅ​ឡើយ​៕

ប្រភព៖ New York Times

Advertisement