Wuhan បញ្ចប់​បម្រាម​គោចរ​រយៈ​ពេល​76​ថ្ងៃ​ ប៉ុន្តែ​អង្គ​ភាព​នាំ​ពាក្យ​របស់​បក្ស​កុម្មុយនិស្តចិន​​​ព្រមាន​ថា​…

Wuhan បញ្ចប់​បម្រាម​គោចរ​រយៈ​ពេល​76​ថ្ងៃ​ ប៉ុន្តែ​អង្គ​ភាព​នាំ​ពាក្យ​របស់​បក្ស​កុម្មុយនិស្តចិន​​ព្រមានថា...
អ្នក​ដំណើរ​នៅ​ទីក្រុង​ Wuhan កំពុង​រង់ចាំ​រថភ្លើង​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​គោល​ដៅ​

ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​ប្រជា​ជន​នៅ​ Wuhan មានសេរីភាព​ក្នុង​ការ​ចេញ​-ចូល​ទីក្រុង​នេះ​ ចាប់ពី​ម៉ោង​00:00:00នាទី ថ្ងៃទី​8មេសា​ បន្ទាប់ពី​ការ​ដក​បម្រាម​គោចរ​រយៈ​76​ថ្ងៃ​​ដោយ​សារ​COVID-19។

ការ​សម្រេច​ចិត្ត​ដក​វិធាន​ការ​បម្រាម​​គោចរ​ខាង​លើ​នេះ បាន​បញ្ចប់​ភាព​ឯកោ​ជាង​2​ខែ​របស់​ទីក្រុង​ Wuhan រាប់​ចាប់​ពី​បទ​បញ្ជា​បម្រាម​គោចរ​ដែល​មិន​ធ្លាប់​មាន​ត្រូវ​បាន​ដាក់​ទៅ​លើ​តំបន់​ដែល​មាន​ពលរដ្ឋ​ប្រមាណ​ជា​11​លាន​នាក់​ នៅ​ទី​ក្រុង​នេះ កាល​ពី​ថ្ងៃ​ទី​23​មករា​។ ពេល​នេះ ប្រជា​ជន​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ ឱ្យ​តែ​កម្ម​វិធី​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពលរដ្ឋ​នីមួយ​ៗដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​ បង្ហាញ​ថា​ ពួក​គេ​មាន​សុខ​ភាព​ល្អ ហើយ​ថ្មី​ៗ​នេះ​មិន​បាន​ជួប​អ្នក​ណា​ដែល​មាន​ផ្ទុក​មេរោគ​COVID-19។

វិធាន​ការ​ការ​ពារ​ការ​ឆ្លង​វីរុស​ ដូច​ជា​​ការ​ពាក់​ម៉ាស់ វាស់​កម្ដៅ​ខ្លួន និង​ការ​កាត់​បន្ថយ​ទំនាក់​ទំនង​ផ្ទាល់​រវាង​មនុស្ស​នឹង​មនុស្ស​​នៅ​តែ​បន្ត​អនុវត្ត​នៅ​ក្នុង​ទីក្រុង​ Wuhan។

ការ​សម្រេច​ដក​បម្រាម​គោចរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​ប្រទេស​ចិន​​មិន​មាន​ករណី​ស្លាប់​ក្នុង​រយៈ​ពេល​24​ម៉ោងនា​​ថ្ងៃ​ទី​7មេសា​ ចាប់​ពី​មេរោគ​ផ្ទុះ​ឆ្លង​រាល​ដាល​។ ទីក្រុង​ Wuhan និង​ខេត្ត​ Hubei ទាំង​មូល​ក៏​មិន​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ថ្មី​។ ប្រទេស​ចិន​ គិត​មក​ដល់​បច្ចុប្បន្ន បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​ជាង​81,000​នាក់ ខណៈ​អ្នក​ជំងឺ​ជាង​77,000​នាក់​បាន​ជា​សះ​ស្បើយ និង​ជាង​3,300នាក់​បាន​បាត់បង់ជីវិត​។

ក៏ប៉ុន្តែ People’s Daily ដែល​ជា​សារ​ព័ត៌មាន​ផ្លូវ​ការ​ និង​ជា​អង្គ​ភាព​នាំ​ពាក្យ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន បាន​ព្រមាន​ថា មិន​គួរ​អបអរ​ឆាប់ពេក​នោះ​ទេ​។ “អ្នក​​រាល់​គ្នា​បាន​ទន្ទឹង​រង់ចាំ​ថ្ងៃ​នេះ​យូរ​ណាស់​មក​ហើយ​ ហើយ​វា​គឺជា​រឿង​ដែល​គួរ​ត្រេក​អរ។ ប៉ុន្តែ វា​មិន​មែន​ជា​សញ្ញា​នៃ​ជ័យ​ជំនះ​ចុង​ក្រោយ​នោះ​ឡើង​។ យើងទាំង​អស់​គ្នា​​នៅ​តែ​ត្រូវ​រំឭក​ខ្លួន​ឯង​ថា យើង​អាច​ពេញ​ចិត្ត​នឹង​ការ​ដែល​ទីក្រុង​ Wuhan បាន​ដក​បម្រាម​គោចរ​ តែ​ក៏មិន​ត្រូវ​ភ្លេច​ខ្លួន​នោះ​ដែរ​” បទវិចារណកថា​របស់​ People’s Daily មាន​ឃ្លា​មួយ​​សរសេរ​បែប​នេះ​។

COVID-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាល​ដាល​ពីទីក្រុង​ Wuhan កាលពី​ខែ​ធ្នូ ឆ្នាំ​2019​ ប៉ុន្តែ​ពេល​នេះ សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ គឺ​​ជា​សម្បុក​មេរោគ​ធំជាង​គេ​របស់​ពិភពលោក​។ នៅ​ទូទាំង​ពិភពលោក មាន​ករណី​ឆ្លង​មេរោគ​ជិត​1.4​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​79,000​នាក់ ខណៈ​ដែល​អ្នកជំងឺ​បាន​ជាសះស្បើយ​មាន​ជាង​298,000​នាក់ និង​អ្នក​ជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ដល់​ទៅ​ជាង​​47.000​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement