ព័ត៌មាន Update តាមជាប់ស្ថានការណ៍ COVID-19 ជុំវិញពិភពលោក

ព័ត៌មាន Update ស្ថានការណ៍មេរោគកូវីដ-19 ជុំវិញពិភពលោកថ្ងៃនេះ…

អូស្ត្រាលី ចាប់ផ្ដើមលេងធម៌ក្ដៅជាមួយពួកបំពានវិធានការ “បិទទីក្រុង”

AFP/ នៅក្នុងប្រទេសអូស្ត្រាលី អាជ្ញាធរបានចាប់ផ្ដើមប្រើការដាក់ទណ្ឌកម្មខ្លាំងៗ ចំពោះអ្នកដែលល្មើសច្បាប់កំណត់ការដើរហើរ ដើម្បីទប់ស្កាត់មេរោគវីរុសកូវីដ-19 ដោយនៅរដ្ឋនីវសៅវេលស៍ អាជ្ញាធរកំពុងដាក់ទោសដោយការពិន័យប្រាក់ខ្ពស់បំផុតចំនួន 11,000ដុល្លារអូស្ត្រាលី និងដាក់ពន្ធនាគាររយៈយូរដល់ទៅ 6ខែ សម្រាប់អ្នកដែលចេញពីផ្ទះដោយ “គ្មានការបញ្ជាក់ដែលសមហេតុសមផល” ឬទៅផ្ដុំគ្នាជាក្រុមលើសពី 2នាក់។

របាយការណ៍បានបញ្ជាក់ថា មានអ្នកប្រព្រឹត្តល្មើសយ៉ាងតិចជាង 10នាក់ហើយដែលត្រូវរងការពិន័យខាងលើ ក្នុងចំនួននេះ មានអ្នកខ្លះ ជាអ្នកដែលមិនព្រមបំបែកខ្លួនឯងនៅដាច់ដោយឡែកតាមការកំណត់ ឬមិនព្រមឱ្យបង្ខាំងការពារជំងឺតាមរយៈពេលដែលបានកំណត់។

***មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគនៃប្រទេសកូរ៉េខាងត្បូង(KCDC) បានរាយការណ៍អំពីចំនួនអ្នកឆ្លងមេរោគកូវីដ-19ថ្មី រួមទាំងអស់ 125នាក់កាលពីថ្ងៃទី31 មីនា ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគទូទាំងប្រទេស ស្ថិតលើតួលេខ 9,786នាក់ ស្លាប់ 162នាក់ ដោយតួលេខនៃចំនួនអ្នកឆ្លងមេរោគប្រចាំថ្ងៃនៅក្នុងប្រទេសនេះ នៅតែទាប ឬខ្ពស់ជាង100 មិនច្រើនប៉ុន្មានឡើយ ពេញមួយរយៈពេល 3សប្ដាហ៍កន្លងមកនេះ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់កាលពីថ្ងៃម្សិលមិញ(ទី31មីនា)ថា សាលារៀនទូទាំងប្រទេស នឹងចាប់ផ្ដើមបើកការបង្រៀន និងរៀនអនឡាញចាប់ពីសប្ដាហ៍ក្រោយតទៅ ហើយនឹងពន្យារពេលការប្រឡងចូលមហាវិទ្យាល័យ រហូតទៅដល់ខែវិច្ឆិកា ដោយសារនៅតែរកឃើញមានការឆ្លងរាលដាលរបស់មេរោគវីរុសមរណៈនេះនៅក្នុងចំណោមក្រុមមនុស្សចំនួនតិចៗនៅឡើយ។

***ទីក្រុងមិកស៊ិកូ បានប្រកាសសភាវអាសន្នផ្នែកសាធារណៈសុខាភិបាលកាលពីថ្ងៃចន្ទ(ទី30មីនា)កន្លងទៅ ព្រមទាំងកំណត់ប្រើវិធានការគ្រប់គ្រងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ ក្រោយពីចំនួនអ្នកឆ្លងមេរោគនេះបានហក់ឡើងដល់លើស 1ពាន់នាក់ និងមានអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័ស។

អាជ្ញាធរមិកស៊ិកូ បានរាយការណ៍ថា តួលេខអ្នកជំងឺទូទាំងប្រទេសបានកើនឡើងដល់ 1,094នាក់ ពី 993នាក់ កាលពី1ថ្ងៃមុន និងមានអ្នកស្លាប់ក្នុង 1ថ្ងៃដល់ទៅ 8នាក់ រួមទាំងអស់ 28នាក់ ដែលបើសិនជាគ្មានវិធានការគ្រប់គ្រងដែលល្អត្រឹមត្រូវទេនោះ អាចនឹងធ្វើឱ្យប្រព័ន្ធសាធារណៈសុខាភិបាលលែងអាចទ្រាំទ្របានមិនខាន។

ទាំងអស់នេះ រដ្ឋាភិបាលនៃប្រទេសមិកស៊ិក បានចេញច្បាប់ហាមការជួបជុំគ្នានៅក្នុងទីសាធារណៈលើសពី 50នាក់ និងពង្រីកពេលវេលាផ្អាកកិច្ចការងារផ្សេងៗដែលមិនចាំបាច់ទៀតផង។

***អ្នកទោសក្នុងគុកនៃប្រទេសអ៊ីរ៉ង់ បានបង្កចលាចលដោយសារភ័យខ្លាចមេរោគកូវីដ-19 និងចំនួនអ្នកស្លាប់ដោយសារមេរោគនេះនៅថ្ងៃអង្គារ(ទី31មីនា)មានចំនួន 2,757នាក់ ឆ្លងមេរោគសរុប 41,495នាក់។

អ្នកទោសនៅក្នុងពន្ធនាគារភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងទី30 មីនា បានបង្កចលាចលឡើងនៅខាងក្នុងពន្ធនាគារ ដោយអភិបាលខេត្តFars លោក អ៊ីណាយ៉ាតុលឡោះ រ៉ាហ៊ីមី(Enayatollah Rahimi) បានថ្លែងថា ការតវ៉ាបានកើតឡើងនៅក្នុងអំឡុងពេលព្រឹកថ្ងៃអាទិត្យ(ទី29មីនា) នៅឯពន្ធនាគារ Adel Abad ក្នុងទីក្រុង Shiraz។

លោក រ៉ាហ៊ីមី បានថ្លែងថា អ្នកទោសបានបំផ្លាញកាមេរ៉ាទូរទស្សន៍សុវត្ថិភាព និងធ្វើឱ្យមានការខូចខាតយ៉ាងច្រើននៅក្នុងដែនឃុំឃាំងទី2 ប៉ុន្តែមិនមានរបាយការណ៍ពីការរត់គេច ឬរងរបួសកើតមានឡើយ។ ទាំងអស់នេះ កាលពីមុនថ្ងៃសុក្រ(ទី27មីនា) មានអ្នកទោសចំនួនប្រមាណជា 70នាក់ បានរត់គេចខ្លួនចេញពីពន្ធនាគារ Saqqez ក្នុងខេត្តឃើឌិស្ថាន។

***ប្រទេសរុស្ស៊ី មើលឃើញតួលេខការឆ្លងមេរោគកើនឡើងខ្ពស់ជាថ្ងៃទី7 ជាប់ៗគ្នា

សារព័ត៌មាន ដឹ ហ្គាដៀន បានរាយការណ៍ថា ប្រទេសរុស្ស៊ីមានចំនួនអ្នកឆ្លងមេរោគកូវីដ-19 ថ្មី កើនឡើង 500នាក់ បណ្ដាលឱ្យចំនួនអ្នកឆ្លងមេរោគនេះសរុបចុងក្រោយបំផុត 2,337នាក់កាលពីថ្ងៃអង្គារ(ទី31មីនា)ម្សិលមិញ ដែលនេះអាចនិយាយបានថា ជាចំនួនបន្ថែមករណីថ្មីច្រើនបំផុត រយៈពេល 7ថ្ងៃជាប់ៗគ្នា។

នៅក្នុងទីក្រុងមូស្គូ មានអ្នកឆ្លងមេរោគកំណាចនេះ18នាក់បានស្លាប់ ខណៈដែល 121នាក់បានជាសះស្បើយ។
***ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ប្រកាសសភាវគ្រាអាសន្នកូវីដ-19 តែមិនទាន់ “បិទប្រទេស” នៅឡើយ
AFP/ លោក ចូខូ វីដូដូ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ(ទី31មីនា) បានប្រកាសស្ថានការណ៍គ្រាអាសន្ន ក្រោយពីចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទី4 មួយនេះ បានហក់ឡើងខ្ពស់ជាថ្មីម្ដងទៀត តែនៅជំទាស់នឹងសំឡេងទាមទារឱ្យបិទប្រទេស។

រដ្ឋបាលរបស់លោក វីដូដូ បានរងការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះករណីដែលមិនទាន់សម្រេចចិត្តបិទការចូល-ចេញទីក្រុងធំៗនានា ក្នុងនោះរួមទាំងទីក្រុងចាការតា ទីក្រុងដែលមានប្រជាជនប្រមាណជា 30លាននាក់ផងដែរ ខណៈដែលអ្នកស្លាប់ដោយសារមេរោគមរណៈកូវីដ-19នៅក្នុងប្រទេស ភាគច្រើន គឺស្ថិតនៅក្នុងទីក្រុងមួយនេះ។

មេដឹកនាំឥណ្ឌូនេស៊ី បានផ្ដល់សេចក្ដីលម្អិតនៅក្នុងសេចក្ដីប្រកាសស្ថានការណ៍គ្រាអាសន្នត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ បន្ថែមពីលើការអំពាវនាវឱ្យប្រជាជនអនុវត្តយ៉ាងម៉ឺងម៉ាត់ជាមួយវិធានការរក្សាគម្លាតចម្ងាយខាងសង្គម តែខណៈពេលជាមួយគ្នា ក៏បានប្រកាសចំណាយថវិកា 1,500លានដុល្លារ លើកកម្ពស់ការជួយសង្គ្រោះផ្នែកសង្គម និងគាំទ្រពលករដែលមានប្រាក់ចំណូលទាប។

កាលពីថ្ងៃអង្គារ(ទី31មីនា) អាជ្ញាធរបានបង្ហើបឱ្យដឹងថា មានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 កើនឡើងថែមទៀត 14នាក់ សរុប 136នាក់ ចំណែកចំនួនសរុបនៃអ្នកឆ្លងមេរោគបានកើនឡើងដល់ 1,528នាក់ តែគេបានប៉ាន់ស្មានថា ចំនួនអ្នកឆ្លងមេរោគផ្លូវការនេះ ប្រហែលជាទាបការពិតច្រើនណាស់នៅក្នុងប្រទេសបណ្ដុំកោះ ដែលមានប្រជាជនច្រើនជាង 260លាននាក់មួយនេះ៕

ប្រភព៖ សារព័ត៌មានបរទេស

 

Advertisement