ចំនួនសូន្យ! លែងរកឃើញជនជាតិចិនដីគោកនៅក្រៅហ៊ូពេយ ឆ្លង “COVID-19” ទៀតហើយ ពេញ1ចុងសប្ដាហ៍កន្លងទៅ

អង្គភាពសាធារណសុខាភិបាលរបស់ប្រទេសចិន បានបង្ហើបឱ្យដឹងថា នៅតំបន់ចិនដីគោក មិនរួមមណ្ឌលហ៊ូពេយ លែងមានរបាយការណ៍អ្នកជំងឺក្នុងតំបន់ដែលឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះទៀតហើយ ពេញមួយចុងសប្ដាហ៍កន្លងទៅនេះ។

កាលពីថ្ងៃទី9 មីនា ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍ថា លោក មី ភឹង មន្ត្រីនៃគណៈកម្មការសុខភាពនៃប្រទេសចិន(NHC)បានប្រាប់ឱ្យដឹងតាមរយៈការថ្លែងព័ត៌មានថា ចំនួនតួលេខប្រចាំថ្ងៃរបស់អ្នកជំងឺថ្មីៗ ដែលជាមនុស្សក្នុងតំបន់នៅក្នុងប្រទេសចិនដីគោក មិនរួមមណ្ឌលហ៊ូពេយ ដែលជាប្រភពកណ្ដាលនៃការឆ្លងរាលដាលរបស់ជំងឺ នោះ ស្ថិតនៅនឹងមួយកន្លែងលើតួលេខតែ 1តួគត់តាំងពីចុងខែកុម្ភៈមក។

លោក មី បានបញ្ជាក់ថា ស្ថានការណ៍នៃការការពារ និងគ្រប់គ្រងជំងឺនៅក្នុងប្រទេសចិន ល្អប្រសើរឡើងជាបន្តបន្ទាប់ ដោយសារតែគ្រប់ទីក្រុងនៅក្នុងប្រទេសចិន លើកលែងតែទីក្រុងវូហានចេញ គ្មានរបាយការណ៍អ្នកជំងឺថ្មី ជាប់ៗគ្នា 4ថ្ងៃហើយ។

ចំណែកទីក្រុងវូហាន វិញ ទោះជាមានរបាយការណ៍ពីចំនួនអ្នកជំងឺថ្មីក៏ដោយ តែតួលេខនេះបានថយចុះ នៅ សល់់ទាបជាង 50នាក់ រយៈពេល 2ថ្ងៃហើយ។

លោក មី បានបញ្ចប់សេចក្ដីថា ចិនបានផ្ដល់ភាពសំខាន់ទៅលើការការពារ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត រួមទាំងការព្យាបាលដែលតម្រង់ឆ្ពោះទៅរកការបង្កើតវិធីការពារ មិនឱ្យការឆ្លងរាលដាលវិលត្រឡប់មកជាថ្មី៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement