សហរដ្ឋអាមេរិក ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ធម្មតា នៅ​​ទូទាំង​ពិភពលោក

សហរដ្ឋអាមេរិក ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ធម្មតា នៅ​​ទូទាំង​ពិភពលោក

ក្រសួង​ការបរទេសសហរដ្ឋអាមេរិក ថ្ងៃ​នេះបាន​ប្រកាស​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​ធម្មតា​របស់​ខ្លួន​ នៅ​ទូទាំង​ពិភពលោក​ ដោយ​សារ​ COVID-19 ប៉ុន្តែ​ ទិដ្ឋាការ​ចាំបាច់​បន្ទាន់​នៅ​តែ​ត្រូវ​បាន​ពិចារណា​ដូច​មុន​។

“ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ធំ​នៅ​លើពិភពលោក​ដែល​ទាក់​ទង​នឹង​រោគ​រាត​ត្បាត COVID-19 ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ប្រកាស​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​ធម្មតា​នៅ​គ្រប់​ស្ថាន​ទូត​ និង​ស្ថាន​កុង​ស៊ុល​​​​ នៅ​ទូទាំង​ពិភពលោក។ ទិដ្ឋាការ​ប្រញាប់​បន្ទាន់​ នៅតែ​ត្រូវ​បាន​ទទួល​យក​មក​ពិចារណា​ បើ​សិន​បណ្ដា​ស្ថានទូត និង​ស្ថាន​កុងស៊ុល​សហ​រដ្ឋ​អាមេរិក មាន​បុគ្គលិក​គ្រប់​គ្រាន់​” នេះ​បើ​តាម​​អនុសាសន៍​ស្ដីអំពី​ការ​ធ្វើ​ដំណើរ​ ដែល​ត្រូវ​បាន​ក្រសួង​ការ​បរទេស​អាមេរិកាំង​ប្រកាស​កាល​ពី​ថ្ងៃទី​20មីនា​កន្លង​ទៅ​។

មុន​នេះ សហ​រដ្ឋ​អាមេរិក​ ក៏​បាន​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​នៅ​ឯ​ការិយាល័យ​តំណាង​ក្រសួង​ការ​បរទេស​​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​រួច​ទៅ​ហើយ​ដែរ​។ ពលរដ្ឋ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ ដែល​ធ្លាប់​មាន​សិទ្ធិ​​ធ្វើ​ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ នឹង​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​។ ប៉ុន្តែ សហរដ្ឋអាមេរិក​ បាន​ចេញ​បទ​បញ្ជា​ថ្មី ហាម​ធ្វើ​ដំណើរ​ទៅ-មក​ ចំពោះ​ពល​រដ្ឋ​ចំនួន​28​ប្រទេស​នៅ​អឺរ៉ុប ដើម្បីទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19។

មកដល់​ពេល​នេះ សហរដ្ឋអាមេរិក បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន 16.058​នាក់ កើន​ជាង​650នាក់​ក្នុង​រយៈ​ពេល24​ម៉ោងចុង​ក្រោយនេះ​ ក្នុង​នោះ​មាន​ 219​នាក់​បាន​ស្លាប់​ និង​ជាង​125នាក់​បាន​ជាសះស្បើយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement