ស្រឡាំងកាំង!! ជនជាតិម៉ាឡេស៊ីប្រជ្រៀតគ្នាចូលប្រទេសសិង្ហបុរី ប៉ុន្មានម៉ោងមុនដល់កំណត់បិទប្រទេស…

ស្រឡាំងកាំង!! ជនជាតិម៉ាឡេស៊ីប្រជ្រៀតគ្នាចូលប្រទេសសិង្ហបុរី ប៉ុន្មានម៉ោងមុនដល់កំណត់បិទប្រទេស...
ស្រឡាំងកាំង!! ជនជាតិម៉ាឡេស៊ីប្រជ្រៀតគ្នាចូលប្រទេសសិង្ហបុរី ប៉ុន្មានម៉ោងមុនដល់កំណត់បិទប្រទេស...

ជនជាតិម៉ាឡេស៊ីចំនួនរាប់ពាន់នាក់ នាំគ្នាយួរកាបូបដាក់សម្ភារចាំបាច់ និងសម្លៀកបំពាក់ ធ្វើដំណើរឆ្លងព្រំដែនចូលទៅប្រទេសសិង្ហបុរី កាលពីអំឡុងពេលល្ងាចថ្ងៃអង្គារម្សិលមិញ(ទី17មីនា) ត្រៀមខ្លួនចាកចេញពីស្រុកកំណើតរយៈពេល 2សប្ដាហ៍ នៅប៉ុន្មានម៉ោង មុនពេលវិធានការបិទព្រំដែនរបស់រដ្ឋបាលម៉ាឡេស៊ីត្រូវបានអនុវត្ត។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ។

ដោយសារក្លាយជាប្រទេសដែលបានរកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ច្រើនជាងគេនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ម៉ាឡេស៊ីមានវិធានការហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរចេញទៅក្រៅប្រទេស និង ហាមជនបរទេសចូលមកក្នុងប្រទេសដូចគ្នា ចាប់តាំងពីអធ្រាត្រថ្ងៃទី17 មីនាកន្លងទៅ រហូតដល់ថ្ងៃទី31 មីនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគមរណៈនោះ។

ទាំងអស់នេះ ជាធម្មតា មានប្រជាជនម៉ាឡេស៊ីជាង 300,000នាក់ ដែលធ្វើដំណើរចេញ-ចូលទៅធ្វើការនៅក្នុងប្រទេសសិង្ហបុរីក្នុង 1ថ្ងៃៗ ហើយសេចក្ដីថ្លែងការណ៍កាលពីយប់ថ្ងៃចន្ទ(ទី16មីនា) អាចនឹងធ្វើឱ្យពួកគេត្រូវរស់នៅដោយគ្មានប្រាក់ចំណូលក្នុងរយៈពេលយូរ ដោយសារវិធានការបិទប្រទេសក្នុងគ្រានេះ។

ឡៅ តុងលីន អាយុ 21ឆ្នាំ បានប្រាប់ថា គេមានផែនការទៅសុំស្នាក់អាស្រ័យនៅជាមួយបងប្អូនជីដូនមួយនៅក្នុងប្រទេសសិង្ហបុរី “បើខ្ញុំមិនទៅទេ ខ្ញុំអាចចាំបាច់ត្រូវសុំច្បាប់ឈប់ដោយមិនបានទទួលប្រាក់ឈ្នួល និងខ្លាំងជាងនោះទៅទៀត គឺខ្ញុំខ្លាចអត់ការងារធ្វើ”

ប្រទេសសិង្ហបុរី ជាប្រទេសដែលមានប្រជាជនជាង 5.7លាននាក់ ដែលត្រូវពឹងលើជនជាតិម៉ាឡេស៊ីពីរដ្ឋយ៉ះហូរ យ៉ាងច្រើន សម្រាប់ធ្វើជាធនធានបុគ្គលិកក្នុងមុខជំនួញផ្សេងៗ រាប់តាំងពីភោជនីយដ្ឋាន រហូតទៅដល់ផ្នែកផលិត សឺមីខន់ដាក់ទើរ។

រដ្ឋបាលសិង្ហបុរី បានប្រាប់ថា នឹងជួយសង្គ្រោះក្រុមហ៊ុនផ្សេងៗ ដែលចាំបាច់ត្រូវរៀបចំត្រៀមកន្លែងស្នាក់នៅ​ឱ្យពលករម៉ាឡេស៊ី ក្នុងនោះរួមទាំងសាលារៀន និងបន្ទប់ស្នាក់នៅតម្លៃថោកឱ្យពួកគេផងដែរ។

ក្រសួងការងារ បានបញ្ជាក់ថា នឹងឧបត្ថម្ភប្រាក់ចំនួន 50ដុល្លារសិង្ហបុរី(ប្រមាណ 30ដុល្លារអាមេរិក)ក្នុង 1យប់ ក្នុងរយៈពេល 14យប់ សម្រាប់ពលករម្នាក់ៗដែលក្រុមហ៊ុនមួយៗត្រូវតែជួយសម្រួលឱ្យ។

ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ(ទី17មីនា) បានរាយការណ៍ថា រកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីថែមទៀតចំនួន 23នាក់ ជាថ្ងៃដែលមានអ្នកឆ្លងមេរោគច្រើនបំផុត ចាប់តាំងពីការរកឃើញមានការឆ្លងរាលដាលមក ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគនៅពេលនេះកើនឡើងដល់ 266នាក់ហើយ៕

ប្រភព ៖ ព័ត៌មានបរទេស

Advertisement