ប្រធានាធិបតី​ប្រេស៊ីល ប្រកាស​ថា លោក​អវិជ្ជ​មាន​ជាមួយ​នឹង​ COVID-19 ដែល​ផ្ទុយ​ទៅ​នឹង​ដំណឹង​ដែល​សារ​ព័ត៌មាន​មួយ​ចំនួន​ធ្លាប់​បាន​ចុះ​ផ្សាយ

ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro

ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro បាន​ឱ្យ​ដឹង​ថា លោក​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​ COVID-19 ហើយ​លទ្ធ​ផល​ទទួល​បាន​នោះ​គឺ “អវិជ្ជ​មាន”​ ដែល​នេះ​បាន​ផ្ទុយ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ធំ​ៗ​មួយ​ចំនួន​។

“មន្ទីរពេទ្យ​យោធា Sabin បាន​ប្រគល់​លទ្ធ​ផល​នៃការ​ធ្វើ​តេស្ដ​ដែល​បង្ហាញ​ថា ​អវិជ្ជមាន​ជាមួយ​ COVID-19 មក​លោក​ប្រធានា​ធិបតី Jair Bolsonaro” នេះ​បើតាម​ព័ត៌មាន​ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​ Facebook របស់​ប្រធានា​ធិបតី​ប្រេស៊ីល។

ប្រធានាធិបតី Bolsonaro ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​ បន្ទាប់​ពី​មាន​បុគ្គលិក​ម្នាក់​របស់​លោក​ មាន​ផ្ទុក​មេរោគ​ COVID-19។ លោក Bolsonaro ទើប​តែ​បាន​ត្រឡប់​មក​ពី​​សហ​រដ្ឋ​អាមេរិក និង​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trump កាល​ពី​ថ្ងៃទី​7មីនា​កន្លង​ទៅ​។ នេះ​បើ​តាម​សារព័ត៌មាន AFP/Fox News។

ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro (ស្ដាំ) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump

មុន​នោះ Fox News ដក​ស្រង់​សម្ដី​របស់ Eduardo ដែល​ជា​កូនប្រុស​របស់​ប្រធានាធិបតី​ប្រេស៊ីល បាន​ឱ្យ​ដឹង​ថា ឪពុក​របស់​គាត់​ “វិជ្ជមាន” ​ជាមួយ​នឹងវីរុស​ COVID-19 និង​កំពុង​រង់​ចាំ​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ជា​លើក​ទី2។ ប៉ុន្តែ Eduardo បែរ​ជា​​បង្ហោះ​សារ​នៅ​លើ​ Twitter ថា “ការ​ធ្វើ​តេស្ត​រក​មេរោគ​ទៅ​លើ​ប្រតិភូ​ដែល​បាន​អម​ដំណើរ​ប្រធានាធិបតី Jair Bolsonaro ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​” និង​ថែម​ទាំង​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ “អ្នក​ដែល​បាន​បញ្ចេញ​ដំណឹង​ចចាម​អារ៉ាម” និង “ព័ត៌មាន​មិន​ពិត” ដែល​ថា ​ឪពុក​របស់​ខ្លួន​បាន​ឆ្លង​វីរុស​COVID-19 ទៀត​ផង​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement