រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី ឆ្លង COVID-19 ខណៈ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ចំនួន​3នាក់

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី លោក Dutton ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19 និង​បាន​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​រដ្ឋ​ Queensland ដើម្បី​នៅ​ដាច់​ដោយ​ឡែក​ និង​ទទួល​ការ​ព្យា​បាល​។

“កាល​ពី​ព្រឹក​នេះ ខ្ញុំ​បាន​ក្រោក​ពី​គេង ស្រាប់​តែមាន​អារម្មណ៍​ថា​ក្ដៅខ្លួន និង​ឈឺបំពង់ក​។ ខ្ញុំក៏​បាន​ទាក់​ទងទៅ​កាន់​ក្រុម​គ្រូពេទ្យ ហើយ​ក៏​បាន​ធ្វើ​តេស្ត​រក​មេរោគ។ ក្រោយ​មក ពួកគេ​ឱ្យ​ដឹង​ថា ខ្ញុំ​បាន​ឆ្លងមេរោគ​ COVID-19” នេះ​ជា​ការ​ឱ្យ​ដឹង​របស់រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី លោក Dutton។

បច្ចុប្បន្ន លោក​រដ្ឋ​មន្ត្រី​ កំពុង​សម្រាក​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ។ លោក​បាន​ឱ្យ​ដឹង​ដែរ​ថា លោក​មាន​សុខភាព​ល្អប្រសើរ​នៅ​ឡើយ។ ​

លោក Dutton គឺជា​អ្នកនយោបាយ​អូស្ត្រាលី​ទី​1ហើយ ដែល​បាន​ឆ្លង​វីរុស​ COVID-19។

គិត​មក​ដល់​ពេល​នេះ ប្រទេស​អូស្ត្រាលី​ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណាចំនួន 150​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន 3នាក់ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក ចំនួន​អ្នក​ដែលបាន​ឆ្លងមេរោគ​នេះ កើន​ឡើងដល់128,343នាក់ ក្នុង​នោះ​មាន 4,720​នាក់​ បាន​បាត់​បង់ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement