ជិត​5,000នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស COVID-19 នៅ​ទូទាំង​​ពិភព​លោក

ជិត​5,000នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស COVID-19 នៅ​ទូទាំង​​ពិភព​លោក

COVID-19 បាន​បង្ហាញ​ខ្លូន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​126 នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង 134,000នាក់ បាន​ឆ្លងមេរោគ​នេះ និង​ជិត​5,000នាក់​បាន​បាត់​បង់ជីវិត​ ក្នុង​នោះ​ ចំនួន​អ្នក​បាន​ឆ្លង​រោគ​នៅ​អ៊ីតាលី កើន​ឡើង​ខ្លាំង​គួរ​ឱ្យ​ភ័យ​ខ្លាច។

នៅ​អឺរ៉ុប ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃទី12មីនា បាន​រក​ឃើញ​អ្នក​ឆ្លង​រោគ​បន្ថែមចំនួន​ដល់​ទៅ​ 2,651ករណី ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មីដែល​បង្ក​ឡើង​ដោយ​វីរុស​ COVID-19នៅប្រទេស​នេះ ឡើង​ដល់​ 15,113នាក់​។ អ៊ីតាលី​​ក៏ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ច្រើន​ជាង​គេ​លំដាប់​ទី​2ក្នុង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ស្លាប់​ 1,016នាក់ កើន​189នាក់ បើ​ធៀប​នឹង​មុន​នេះ​1ថ្ងៃ​។

នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី Giuseppe Conte កាល​ពី​ថ្ងៃទី​11មីនា បាន​ស្នើ​ឱ្យ​បិទ​ហាង​ទំនិញ​ទាំង​អស់​ក្នុង​ប្រទេស​នេះ លើក​លែង​តែ​ឱសថ​ស្ថាន និង​ហាង​លក់​ស្បៀង​អាហារ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19។

អេស្ប៉ាញ និង​អាល្លឺម៉ង់ ក៏បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​ ដោយ​មាន​ជា​បន្ត​បន្ទាប់​គឺ 869 និង 779ករណី​។ ធ្វើ​ឱ្យ​ចំនួន​នៃ​អ្នក​ឆ្លង​រោគកូរ៉ូណា​​សរុប​នៅ​អេស្ប៉ាញ គឺ​មាន 3,146នាក់ និង​អាល្លឺម៉ង់ មាន​ 2,745នាក់។ ចំណែក​អ្នក​ស្លាប់​សរុប​នៅ​អេស្ប៉ាញ មាន​86នាក់ និង​អាល្លឺម៉ង់ មាន​6នាក់​។

ប្រទេស​បារាំង​ រក​ឃើញ​អ្នក​ឆ្លង​រោគ​បន្ថែម 595នាក់ ធ្វើ​ឱ្យចំនួន​​អ្នក​ដែល​បាន​ឆ្លង​រោគ​កូរ៉ូណា របស់​ប្រទេស​នេះ ឡើង​ដល់ 2,876នាក់ ក្នុង​នោះ​មាន​61នាក់​បាន​បាត់​បង់ជីវិត​ ខណៈ​ដែល​ប្រទេស​អង់គ្លេស បច្ចុប្បន្នមាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 សរុប​590នាក់ កើន​130ករណី បើ​ធៀប​នឹង​ម្សិល​មិញ​ ក្នុង​នោះ​មាន​10បាន​បាត់​បង់​ជីវិត​។

នៅ​ឯទ្វីប​អាស៊ី​វិញ ប្រទេស​ជប៉ុន បាន​រក​ឃើញ​ករណី​ឆ្លង​រោគ​បន្ថែម​52ករណី នាំ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ ឡើង​ដល់​ 691នាក់ ក្នុង​នោះអ្នក​ស្លាប់​មានចំនួន​19នាក់ កើន​4ករណី​ ធៀប​នឹង​ម្សិល​មិញ​។

កូរ៉េខាង​ត្បូង បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​បន្ថែម​114ករណី ធ្វើ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​សរុប​ ឡើង​ដល់​ 7,869នាក់ ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​ 66នាក់។

ប្រទេស​ចិន​ឯណោះ​វិញ បើ​តាម​តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា ប្រទេស​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ COVID-19 សរុប​ 3,172​នាក់ ចំណែក​អ្នក​បាន​ឆ្លង​មេរោគ មាន​ចំនួន​80,932​នាក់​។ ប្រទេស​ចិន កាល​ពី​ម្សិល​មិញ ក៏បាន​ប្រកាស​ថា ប្រទេស​នេះ បាន​ឆ្លង​ផុត​ដំណាក់​កាល​ធ្ងន់​ធ្ងរ​បំផុត​នៃ​​រោគ​រាត​ត្បាត​នេះ​ ខណៈ​ដែល​តួលេខ​នៃ​អ្នក​បាន​ឆ្លង​ជា​រៀង​រាល់​ថ្ងៃ​ បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់​។

នៅ​មជ្ឈិម​បូពា៌ ប្រទេស​អ៊ីរ៉ង់ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​បន្ថែម 1,075ករណី និង​អ្នក​ស្លាប់​បន្ថែម 75ករណី ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ជំងឺ​កូរ៉ូណា ឡើង​ដល់ 10,075នាក់ អ្នក​ស្លាប់​សរុប 429នាក់​។

សហរដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 សរុប 1,670ករណី។ ចំនួន​អ្នក​ស្លាប់​សរុប 40នាក់ កើន​2ករណី បើ​ធៀប​នឹង​ម្សិល​មិញ។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាមេរិក​ និង​ទ្វីប​អាហ្វ្រិក​។ ប្រទេស​ Gabon ប្រទេស​ Ghana ប្រទេស Trinidad និង​ប្រទេស Tobago រួម​នឹង​ Guyana គឺជា​ប្រទេស​ដែល​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណាដំបូង​កាល​ពីម្សិល​មិញដូច​គ្នា​​។ នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ COVID-19 សរុប​ 128,343​នាក់ ក្នុង​នោះ​មាន​​អ្នក​ស្លាប់​សរុប 4,970នាក់ និង​68.925នាក់ បាន​ជា​សះស្បើយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement