ចិនប្រកាស៖ ចំណុចខ្ពស់បំផុតនៃការឆ្លងរាលដាល COVID-19 នៅក្នុងប្រទេសចិន បានបញ្ចប់ហើយ!

ចិនប្រកាស៖ ចំណុចខ្ពស់បំផុតនៃការឆ្លងរាលដាល COVID-19 នៅក្នុងប្រទេសចិន បានបញ្ចប់ហើយ!

អ្នកនាំពាក្យនៃរដ្ឋាភិបាលចិន បានប្រកាសថា “ចំណុចខ្ពស់បំផុត” (Peak) នៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានចប់អស់ហើយ។

លោក មី ភឹង អ្នកនាំពាក្យនៃគណៈកម្មការសុខាភិបាលចិន បានថ្លែងព័ត៌មាននៅក្នុងទីក្រុងប៉េកាំងថា ចំនួនអ្នកជំងឺថ្មី បានថយចុះជាបន្តបន្ទាប់ ហើយស្ថានការណ៍នៃការឆ្លងរាលដាលរបស់មេរោគក្នុងទិដ្ឋភាពរួម ស្ថិតក្នុងកម្រិតទាបបំផុត។

លោក មី បានឱ្យដឹងថា ចំនួនអ្នកជំងឺថ្មីនៅក្នុងទីក្រុងវូហាន ទីក្រុងធំរបស់មណ្ឌលហ៊ូពេយ ភាគកណ្ដាល និងជាមណ្ឌលកណ្ដាលនៃការចម្លងមេរោគ បានថយចុះមកនៅក្នុងត្រឹមកម្រិតតួលេខតែមួយ ដោយមានរបាយការណ៍ថា មានអ្នកជំងឺថ្មីត្រឹមតែ 8នាក់ប៉ុណ្ណោះនៅថ្ងៃពុធ(ទី11មីនា)កន្លងទៅ។

ខណៈពេលជាមួយគ្នា ក៏គ្មានរបាយការណ៍ពីអ្នកជំងឺថ្មី នៅក្នុងទីក្រុងផ្សេងទៀតរបស់ហ៊ូពេយគ្រប់ 1សប្ដាហ៍ហើយដែរ ដោយមកទល់ពេលនេះ ប្រទេសចិនដីគោក លើកលែងតែមណ្ឌលហ៊ូពេយចេញ បានពិនិត្យរកឃើញអ្នកជំងឺថ្មីត្រឹមតែ 7នាក់ប៉ុណ្ណោះ ដោយក្នុងនោះមានអ្នកជំងឺ 6នាក់មកពីបរទេស។

លោក មី បានបន្ថែមថា ការព្យាបាលអ្នកជំងឺ គឺជាកាតព្វកិច្ចដ៏សំខាន់ខ្ពស់បំផុតរបស់យើង ហើយលោកព្រមទាំងសម្ដែងនូវការសន្យាថា នឹងមិនមានការបន្ធូរបន្ថយ ឬបញ្ឈប់ការព្យាយាមក្នុងការការពារ និងគ្រប់គ្រងជំងឺរាតត្បាតនេះឡើយ៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement