ហេតុអ្វីបានអង្គការសុខភាពពិភពលោកប្រកាសថា ការឆ្លងរាលដាលវីរុស COVID-19 ជាការឆ្លងរាតត្បាតដ៏ធំ?

ហេតុអ្វីបានអង្គការសុខភាពពិភពលោកប្រកាសថា ការឆ្លងរាលដាលវីរុស COVID-19 ជាការឆ្លងរាតត្បាតដ៏ធំ?

នៅទីបំផុត អង្គការសុខភាពពិភពលោក ក៏សម្រេចចិត្តប្រើពាក្យថា Pandemic ឬការរាតត្បាតដ៏ធំបំផុត ដើម្បីអធិប្បាយអំពីស្ថានការណ៍មេរោគ COVID-19 ក្រោយពីមេរោគនេះបានឆ្លងរាលដាលទូទាំងពិភពលោកលើស 100ប្រទេស និងឆ្លងមេរោគជាង 1សែននាក់។

“WHO បានវាយតម្លៃស្ថានការណ៍ការឆ្លងរាលដាលក្នុងគ្រានេះជាប់រហូត 24ម៉ោង និងមានអារម្មណ៍វិតក្កកង្វល់យ៉ាងខ្លាំងចំពោះការឆ្លងរាលដាល និងភាពធ្ងន់ធ្ងរយ៉ាងគួរឱ្យភ្ញាក់ផ្អើល ជាមួយនឹងកម្រិតភាពមិនសូវក្លៀវក្លាស្វាហាប់របស់ប្រទេសនានាយ៉ាងគួរឱ្យភ្ញាក់ផ្អើលដូចគ្នា ដូច្នេះហើយទើបយើងបានវាយតម្លៃថា COVID-19 បានចូលដល់ដំណាក់កាល រាតត្បាតដ៏ធំបំផុត…រាតត្បាតដ៏ធំបំផុត មិនមែនជាពាក្យដែលប្រើប្រាស់បែបមិនល្អិតល្អន់ ឬមិនច្បាស់លាស់នោះទេ” នេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ដេត្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក។

តើការប្រកាសថា ជា Pandemic ឬការរាតត្បាតដ៏ធំនេះ មានអត្ថន័យ និងមានផលពាក់ព័ន្ធយ៉ាងណា?

ពាក្យថា Pandemic

ពាក្យនេះមកពីភាសាក្រិកដែលមានន័យថា Pan(ទាំងអស់) និង demos(មនុស្សម្នា) ជាពាក្យដែលប្រើនៅពេលដែលមេរោគឆ្លងបានពង្រីកវង់ធំទូលាយនៅក្នុងប្រទេសជាច្រើន និងទ្វីបជាច្រើនក្នុងពេលតែមួយ។ ខុសពីពាក្យថា Epidemic ដែលមានន័យពីការឆ្លងរាលដាលហួសពីការគ្រប់គ្រង តែនៅមានកំណត់នៅក្នុងប្រទេសណាមួយ ឬក្នុងចំណុចណាមួយ។

ទោះជាស្ដាប់ទៅគួរឱ្យខ្លាច តែ Pandemic ជាគោលការណ៍គឺ ការអះអាងដោយយោងលើការសាយភាយនៃមេរោគ មិនមែនអត្រានៃការស្លាប់ ឬសក្ដានុពលរបស់ជំងឺនោះទេ។

WHO បានឱ្យនិយមន័យ Pandemic ថាជាសភាវឆ្លងរាលដាលរបស់រោគថ្មីមួយដែលចម្លងពីមនុស្សទៅមនុស្សទូទាំងពិភពលោកបានដោយងាយ ដែលមានន័យពីការឆ្លងរាតត្បាតក្នុងរង្វង់ធំក្នុងច្រើនប្រទេស ឬច្រើនទ្វីប ប៉ះពាល់មនុស្សក្នុងចំនួនដ៏ច្រើន ហើយរោគនោះត្រូវតែជារោគឆ្លងទៀតផង។

ជំងឺមហារីក ដែលមានអ្នកជំងឺដ៏ច្រើនទូទាំងពិភពលោក មិនមែនជាជំងឺឆ្លងទេ ដូច្នេះហើយទើបមិនមែនជាការឆ្លងរាតត្បាតដ៏ធំនោះទេ។

មុនដំបូង WHO មិនបានប្រើពាក្យថា ការរាតត្បាតដ៏ធំនេះឡើយ រហូតទាល់តែមានការច្បាស់លាស់ថា ការឆ្លងរាលដាលក្នុងប្រទេស ឬ Local transmission បានសាយភាយដ៏ធំចេញទៅ។ ប្រទេសដែលរកឃើញវីរុស Sars-CoV2 ស្ថិតក្នុងចំនួន 115ប្រទេស និងមានច្រើនជាង 10ប្រទេសដែលរកឃើញអ្នកដែលច្បាស់ជាឆ្លងមេរោគពិតប្រាកដហើយយ៉ាងតិច 500នាក់។

តើការប្រកាសជា សភាវឆ្លងរាតត្បាតដ៏ធំ លើកចុងក្រោយបំផុត កើតមាននៅពេលណា?

កាលពីឆ្នាំ2009 អង្គការសុខភាពពិភពលោក បានប្រកាសដាក់រោគផ្ដាសាយធំ H1N1 ជាសភាវឆ្លងរាតត្បាតដ៏ធំ តែនៅគ្រានោះ WHO ត្រូវទទួលរងនូវការរិះគន់ពីប្រទេសជាច្រើនដែលយល់ឃើញថា ជាការបង្កភាពភ័យភ្ញាក់ផ្អើលដោយមិនចាំបាច់ និងថែមទាំងធ្វើឱ្យប្រទេសជាច្រើនបាត់បង់ប្រាក់ទៅលើការអភិវឌ្ឍវ៉ាក់សាំងការពាររោគគ្រុនផ្ដាសាយប្រភេទថ្មី ដែលនៅទីបំផុតទៅ អាការក៏មិនធ្ងន់ធ្ងរខ្លាំងក្លា និងទប់ស្កាត់បានដោយមិនលំបាកឡើយ។
កាលពីពេលមុនហ្នឹង មានការប្រើពាក្យនេះជាមួយនឹងមេរោគវីរុស HIV គ្រុនផ្ដាសាយជ្រូក និងគ្រុនផ្ដាសាយធំអេស្បាញ។

កម្មវិធីការប្រកាសដាក់ជាសភាវ Pandemic

មានការផ្លាស់ប្ដូរច្រើនយ៉ាង រាប់ចាប់ពីឆ្នាំ2009 ដោយ WHO បានបញ្ជាក់ថា គ្មានដំណាក់កាលជាផ្លូវការតទៅទៀតទេ ក្នុងការចាត់លំដាប់ថ្នាក់ផ្នែករោគរាតត្បាតថា ជាPandemic ដូចកាលពីពេលមុនដែលមានកម្រិតប្រកាសអាសន្ន 6ដំណាក់កាលនោះទេ។

ការពិតទៅ ការប្រកាសកាលពីថ្ងៃទី30 មករាថា មេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 ជាស្ថានការណ៍អាសន្នខាងផ្នែកសាធារណសុខាភិបាលពិភពលោកនោះ គឺជាការលើកកម្ពស់កម្រិតខ្ពស់បំផុតក្នុងការបញ្ជាក់អំពីស្ថានការណ៍ឆ្លងរាតត្បាតរបស់ពិភពលោកក្រោមរបៀបច្បាប់សាធារណសុខាភិបាលអន្តរជាតិ ដែលជាផ្លូវការវិញ អាចមានអត្ថន័យទៅលើកម្មវិធីការទប់ទល់ ខ្លាំងជាងការប្រកាសថា ជាការឆ្លងរាតត្បាតដ៏ធំទៅទៀត។

ដូច្នេះហើយ នៅពេលប្រធានអង្គការសុខភាពពិភពលោកប្រកាសថា វីរុសកូវីដ-19 ជាសភាវឆ្លងរាតត្បាតដ៏ធំ ទើបវាមិនមែនជាការសម្រេចចិត្តដែលចេញមកពីកម្មវិធីជាផ្លូវការនោះទេ និងថែមទាំងគ្មានវិធានការថ្មីៗណាមួយចេញមកកំណត់ឱ្យប្រើប្រាស់ឡើយ។

តែទោះជាដូច្នេះមែន ការប្រកាសថា ជាការឆ្លងរាតត្បាតដ៏ធំ ក៏អាចរាប់បានថាជាជំហានសំខាន់មួយ ដែលបានឆ្លងកាត់ការពិភាក្សាទាំងក្នុង និងក្រៅអង្គការអស់រយៈពេលដ៏យូរមកហើយដែរ មុននឹងប្រើពាក្យនេះ។

ម៉ៃក៍ រ៉ៃអាន់ នាយកផ្នែកជំងឺអាសន្នរបស់ WHO បានថ្លែងថា ការប្រកាសថា ជាការឆ្លងរាតត្បាតដ៏ធំ មិនមែនជាការធ្វើឱ្យលេចធ្លោអ្វីខ្លាំងជាងសេចក្ដីត្រូវការចង់ឃើញវិធានការច្បាស់លាស់ និងម៉ឺងម៉ាត់ខ្លាំងឡើង យើងគិតថា វាជារឿងធ្ងន់ធ្ងរ និងយើងយល់អំពីផលពាក់ព័ន្ធរបស់ពាក្យមួយនេះ។

តើមានផលផ្លាស់ប្ដូរអ្វីឬទេ?

ប្រធាន WHO ថ្លែងថា លោកប្រើពាក្យនេះ ព្រោះព្រួយបារម្ភពីកម្រិតនៃភាពមិនក្លៀវក្លាស្វាហាប់ទូទាំងពិភពលោក ដូច្នេះក៏ប្រហែលជាដោយសារតែត្រូវការដាក់សម្ពាធទៅលើប្រទេសផ្សេងៗ ឱ្យដំណើរការខ្លាំងឡើង ដើម្បីទប់ស្កាត់វីរុសដ៏កំណាចនេះ។

ការអធិប្បាយស្ថានការណ៍ថា ជាការឆ្លងរាតត្បាតដ៏ធំ មិនបានផ្លាស់ប្ដូរការវាយតម្លៃគ្រោះថ្នាក់របស់មេរោគវីរុស មិនបានផ្លាស់ប្ដូរនូវអ្វីដែល WHO កំពុងធ្វើ និងមិនបានផ្លាស់ប្ដូរអ្វីដែលប្រទេសផ្សេងៗគួរតែធ្វើនោះទេ” តែសុំបញ្ជាក់ដាស់តឿនគ្រប់ប្រទេសឱ្យមានភាពស្វាហាប់ឡើង និងបញ្ចេញយន្តការ ឬសកម្មភាពទប់ទល់គ្រាអាសន្ន ទំនាក់ទំនងជាមួយប្រជាជនអំពីភាពប្រថុយប្រថាន និងឱ្យពួកគេបានដឹងថា តើនឹងត្រូវការពារខ្លួនយ៉ាងម៉េច? ការពិនិត្យរក បំបែកបង្ខាំងដោយឡែកដើម្បិរកមេរោគ និងព្យាបាលអ្នកជំងឺគ្រប់រូប តាមដានសាកសួរអ្នកប៉ះពាល់ជំងឺគ្រប់គ្នា ត្រៀមរួចជាស្រេច ការពារ និងអប់រំបុគ្គលិកសុខាភិបាល។

ផលប៉ះពាល់ខាងសេដ្ឋកិច្ច ពីការឆ្លងរាតត្បាតដ៏ធំ

ធនាគារពិភពលោកវាយតម្លៃថា ការឆ្លងរាតត្បាតដ៏ធំលំដាប់មធ្យមដល់ធ្ងន់ធ្ងរ នឹងបង្កការខូចខាតដល់សេដ្ឋកិច្ចពិភពលោក ប្រមាណ 5.7សែនលានដុល្លារ ឬប្រមាណ 0.7%នៃចំណូលទូទាំងពិភពលោក។

កាលពីជំងឺសារស៍រាតត្បាតក្នុងឆ្នាំ2002-2003 អ្នកឆ្លងមេរោគមានតែ 8,000នាក់ សេដ្ឋកិច្ចពិភពលោកខាតបង់ 5ម៉ឺនលានដុល្លារ ចំណែកកូវីដ-19 ទោះជាអត្រាការស្លាប់ទាបជាង តែកម្លាំងបំផ្លាញខ្លាំងជាង មួយចំណែកដោយសារតែពិភពលោករាល់ថ្ងៃនេះពឹងពាក់លើចិនខ្លាំងជាង 17ឆ្នាំមុនយ៉ាងមិនអាចប្រៀបធៀបបាន…។

17ឆ្នាំមុនចិនមានចំណែក 5%នៃសេដ្ឋកិច្ចពិភពលោក តែបច្ចុប្បន្នស្ថិតក្នុងចំនួនប្រមាណជា 20%៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement